​ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំៈ សភាព​ទឹកជំនន់​បាន​ស្រក​បណ្តើរៗ​ហើយ តែ​យ៉ាងណាមិញ​រដ្ឋបាល​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រើប្រាស់​អោយបាន​ងាយស្រួល ។ នេះ​ជាការ​បញ្ជាក់​របស់លោក​អ៊ុត វណ្ណ​រ៉ា អភិបាលស្រុក​កំពង់ស្វាយ នា​ពិធីបើកការដ្ឋាន​គម្រោង​មូ​និ​ធិ​ឃុំ​ឆ្នាំ​២០២២ នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២​នេះ​។​

​លោក​អ៊ុត វណ្ណ​រ៉ា​បាន​បន្តថា បច្ចុប្បន្ននេះ​ពី​ផ្លូវដី មក​ក្លាយជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង ១១.៤៩០​ម៉ែត្រ អោយ​ក្លាយជា​ផ្លូវ​បេតុង ឬ​អ៊ុត​កៅស៊ូ នាពេលខាងមុខ​នេះ​តាម​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ មិន​តែ​ប៉ុណ្ណេះ​ក៏​ធ្វើការ​កែលម្អ​ប្រព័ន្ធ​លូ​ពីរ​កន្លែង ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​ស្នោ ភូមិ​ប្រាសាទ ភូមិ​ល្វៃ ភូមិ​ថ្នល់​បែក និង​ភូមិ​ថ្នល់​បែក​(​ក​) ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ​ផង​ឌេ​រ​។​

​លោក​អភិបាលស្រុក​កំពង់​ស្វាយបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​ត្រូវ​បញ្ឈប់​ប្រព្រឹត្ត​លែង​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន ។ ហើយ​សូម​ប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន​ជាប់​ផ្លូវ ក៏ត្រូវ​ចូលរួមចំណែក​ខ្លះៗ ដោយ​ទុក​ចំណីផ្លូវ​អោយ​ធំ​ទូលាយ ព្រោះថា​ពេលណា​ផ្លូវធំ​ល្អ ការធ្វើដំណើរ​ងាយស្រួល ជៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ។​

​លោក​បាន​សង្កត់ធ្ងន់ថា ផ្លូវ​ទាំងអស់នេះ​ជា ផ្លូវ​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប មិនមែន​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ហើយ​មិនមែនជា​ផ្លូវ​របស់ មេភូមិ មេឃុំ ចៅហ្វាយ​អភិបាលស្រុក មន្ត្រីរាជការ កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ​ឡើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ថែរក្សារ​ទាំងអស់គ្នា​។​

​ដោយឡែក​ប្រជាពលរដ្ឋ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ ជាពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន បានផ្តល់​នូវ​អំណោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ជាច្រើន​ខ្សែ​ក្នុងភូមិ​របស់​ពួកគាត់​ឱ្យធ្វើ​ដំណើរ​កាន់តែ​ងាយស្រួល​៕​