​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​សហជីព​បារាំង​បានចាប់ផ្តើម​កូដកម្ម​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​អង្គារ ដោយ​ទាមទារ​ដំឡើង​ប្រាក់ខែ​ចំ​ពេល​ប្រទេស​ជួប​អតិផរណា​ខ្ពស់​បំផុត​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​​មក​នេះ​និង​បង្ក​ការ​ប្រឈម​ខ្លាំងក្លា​មួយ​សំរាប់​ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង ចាប់តាំងពី​ពេល​លោក​ជាប់ឆ្នោត​ជា​ថ្មី​កាលពី​ខែ​ឧសភា​។​

​កូដកម្ម ដែល​ប៉ះពាល់​ខ្លាំង​វិស័យ​សាធារណៈ​ដូចជា​សាលារៀន​និង​គមនាគមន៍​នឹង​ជា​ការបន្ថែម​លើ​កូដកម្ម​រាប់​សប្តាហ៍​ដែល​បាន​រំខាន​ដល់​រោងចក្រ​ចម្រាញ់​ប្រេង​បារាំង​ធំៗ​និង​ការផ្គត់ផ្គង់​ប្រេង​ដល់​​ស្ថានីយ​។​

​ពួក​មេដឹកនាំ​សហជីព​កំពុង​សង្ឃឹមថា​ពួកកម្មករ​នឹង​កាន់តែ​បានចិត្ត​ដោយសារតែ​រដ្ឋាភិបាល​សុំ​អោយ​ពួកគេ​វិល​ទៅ​ធ្វើការ​នៅ​ឃ្លាំង​ប្រេងឥន្ធនៈ​ខ្លះ​ដើម្បី​អោយ​ការផ្គត់ផ្គង់​និង​ផ្តល់​សេវា​ប្រេង​ដំណើរ​​ការ​ឡើងវិញ ។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​លោក អូ​លី​វ៉​យ៉េ វ៉ែ​រ៉ង់​(Olivier Veran)​បាន​និយាយថា​ត្រូវ​មាន​ការប្រមូល​បុគ្គលិក​ច្រើន​ទៀត​មក​ធ្វើការ​ក្នុងពេល​កូដកម្ម​នៅពេល​អ្នកបើកបរ​បន្ត​តំរៀបជួរ​ចូល​​ចាក់​សាំង​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​។​

​សហជីព​ឆ្វេងនិយម​CGT​បាន​អំពាវនាវ​អោយ​បន្ត​ឈប់​ធ្វើការ​ដល់​សប្តាហ៍​ទី​បួន​នៅ​ក្រុមហ៊ុន​ប្រេង​TotalEnergies​ទោះជា​ក្រុមហ៊ុន​ប្រេង​នេះ​សំរេចបាន​កិច្ចព្រមព្រៀង​មួយ រួម​មាន​ការ​ដំឡើង​ប្រាក់​​ខែ​៧​ភាគរយ​និង​ប្រាក់រង្វាន់​ចុងឆ្នាំ​ជាមួយ​ក្រុម​សហជីព​ក្តី​។ CGT​កំពុង​ទាមទារ​ការដំឡើង​១០​ភាគរយ ដោយ​សំអាង​ថា​អតិផរណា​ខ្ពស់​និង​ក្រុមហ៊ុន​ក៏រ​ក​បាន​ប្រាក់​ចំណេញ​ច្រើន​ដែរ​។​

​ក្រុមហ៊ុន​Eurostar​ក្នុងពេល​ជាមួយគ្នា​បាន​និយាយថា ខ្លួន​ត្រូវ​លុបចោល​សេវា​រថភ្លើង​ខ្លះ​រវាង​ក្រុង​ឡុង​ដ៍​និង​ប៉ារីស​ដោយសារ​កូដកម្ម​។​​ចំណែក​ការី​ផ្លូវដែក​រដ្ឋ​បារាំង​SNCF​បាន​និយាយថា ចរាចរណ៍​ក្នុង​តំបន់​ធ្លាក់ចុះ​៥០​ភាគរយ តែ​មិន​មាន​ការរំខាន​ដល់​ការ​រត់​តាម​ផ្លូវ​ដែក​ជាតិ​ទេ​។​

​នៅពេល​ភាព​តានតឹង​កើនឡើង​ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​តំបន់​ចាយ​អឺរ៉ូ​នេះ​ចំ​ពេល​អតិផរណា​ឡើង​ខ្ពស់ កូដ្ឋ​កម្មបាន​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​វិស័យ​ថាមពល រួម​មាន​ក្រុមហ៊ុន​​អគ្គិសនី​EDF​ដែល​សំខាន់​ក្នុង​ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​។​

​សហជីព​មួយ​កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា កូដកម្ម​ប៉ះពាល់​រោងចក្រ​ថាមពល​ដើរ​ដោយ​កំលាំងនុយក្លេអ៊ែរ​បារាំង​ចំនួន​ដប់​និង​ការផលិត​អគ្គិសនី​ថយចុះ​២,២​ហ្គី​ហ្គា​វ៉ាត​(gigawatts)​។​

​សហជីព​កម្មករ​ផ្នែក​សេវា​ក៏​ត្រូវបាន​អំពាវនាវ​អោយ​ចូលរួម​កូដកម្ម​នៅ​ថ្ងៃ​អង្គារ ដោយ​សេវា​សាលារៀន​និង​ទីតាំង​សាធារណៈ​ដទៃ​ទៀត​ទំនង​ជា​នឹងរង​ការរំខាន​៕

​សិស្ស​បារាំង​បិទ​ផ្លូវ​ចូល​សាលា​Lycee Montaigne​ក្នុង​ការប្រឆាំង​តវ៉ា​មួយ​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​១៨​តុលា ២០២២

​កាលពី​ថ្ងៃអាទិត្យ មនុស្ស​រាប់ពាន់​នាក់​នាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំង​ការ​ឡើងថ្លៃ​ការរស់នៅ​