ដោយ:ពៅនិមល/ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានលើកឡើងថា ស្របពេលដែលកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរ វិស័យកសិកម្ម ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ថែមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៣លាននាក់។
ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២កន្លងទៅ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ភាពរីកចម្រើនរបស់វិស័យកសិកម្ម បានពឹងផ្អែកលើទិដ្ឋភាពសំខាន់ៗចំនួន៤ រួមមាន៖ ១.ការរក្សានិរន្តភាពសន្តិសុខស្បៀង, ២.ការកាត់បន្ថយភាពក្រីក្រ, ៣.ការចូលរួមចំណែកក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងទី៤.ការបង្កើតការងារ។

លោកបានបន្តថា ក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសប្រព័ន្ធធារាសាស្ត្រ ការផ្ដល់ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់វិស័យកសិកម្ម ដូចជាការនាំចូលវត្ថុធាតុដើមកសិកម្ម និងការចិញ្ចឹមសត្វ និងការផ្តល់កិច្ចសម្រួលពាណិជ្ជកម្មល្អប្រសើរ សម្រាប់ការនាំចេញផលិតផលកសិកម្មជាដើម, វិស័យកសិកម្មកម្ពុជាទទួលបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន ផលិតកម្មកសិកម្ម និង ការនាំចេញផលិតផលកសិកម្មគ្រប់ប្រភេទ។

លោកបានបន្តថា ជាការពិត, វិស័យកសិកម្ម បានរួមចំណែកប្រមាណ ៦០% ក្នុងការកាត់បន្ថយភាពក្រីក្រ ឱ្យធ្លាក់ចុះពីអាត្រា ៥០% ក្នុងឆ្នាំ ២០០៧ មកត្រឹម ២១% ក្នុងឆ្នាំ២០១១។ នៅក្នុងឆ្នាំ ២០២១ កន្លងទៅ, វិស័យកសិកម្មក៏បាន រួមចំណែកប្រមាណ ២២,៨% ក្នុង ផ.ស.ស និង បានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៣លាននាក់ផងដែរ។ ជាមួយគ្នានេះ ក្នុងពេលវិបត្តិជំងឺកូវីដ-១៩កន្លងមក វិស័យកសិកម្មក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ស្បៀងអាហារ, រក្សាលំនឹងជីវភាពប្រជាជន និងផ្តល់ការងារដល់បងប្អូនជាពលករចំណាកស្រុក និងកម្មករនៅក្នុងវិស័យផ្សេងទៀតនៃសេដ្ឋកិច្ច ដែលទទួលរងនូវផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩។

សូមជម្រាបថា ក្នុងរយៈពេលមធ្យម និងវែងទៅមុខ រាជរដ្ឋាភិបាលនៅតែចាត់ទុកកសិកម្ម ជាវិស័យអាទិភាព ទាំងនៅលើទិដ្ឋភាពសន្តិសុខស្បៀង, ការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងពេលមានវិបត្តិ, ការបង្កើតការងារ និងការចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ ទន្ទឹមនឹង ការរីកចម្រើនគួរឱ្យកត់សម្គាល់ វិស័យកសិកម្មកម្ពុជានៅតែមានបញ្ហាប្រឈមជារចនាសម្ព័ន្ធមួយចំនួន ដូចជា៖ កង្វះការកែច្នៃផលិតផលកសិកម្ម, ការនាំចេញផលិតផលកសិកម្មភាគច្រើនទៅកាន់ប្រទេសជិតខាង នៅមានលក្ខណៈក្រៅផ្លូវការ ដែលជាទូទៅធ្វើឲ្យទទួលរងហានិភ័យនៃការប្រែប្រួលថ្លៃ និងកង្វះការសម្របសម្រួលស្ថាប័ន និងការធ្វើសុខដុមនីយកម្មគម្រោង និងកម្មវិធីដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ល៕/PC

 

ចំណងជើងរូបភាព៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ អញ្ញើញជាអធិបតីក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាព ក្រសួងកសិកម្ម