វៀតណាម​បញ្ឈប់​ការ​ខួង​ឧស្ម័ន​នៅ​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់​ចិន​គំរាម​វាយប្រហារ​

1907
ចែករម្លែក
  • 1.3K
    Shares

​តាម​សេចក្តីរាយការណ៍ វៀតណាម​បាន​បញ្ឈប់​ដំណើរ​ខួង​ឧស្ម័ន​ក្នុង​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​មានការ​គំរាមកំហែង​ខ្លាំងៗ​ពី​ចិន​។​

​ប្រភព​ក្នុង​ឧស្សាហកម្ម​ប្រេង​នៅ​អាស៊ីអាគ្នេយ៍​បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា ក្រុមហ៊ុន​នៅ​ពីក្រោយ​ការ​ខួង​ឧស្ម័ន គឺ Repsol of Spain ត្រូវបាន​បញ្ជា​ឱ្យ​ចាក​ចេញពី​តំបន់​។

​ការបញ្ឈប់​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុមហ៊ុន​ប្រកាស​អំពី​វត្តមាន​តំបន់​ឧស្ម័ន​ដ៏​ធំ​។

​របាយការណ៍​ទាំងនោះ​ត្រូវបាន​បញ្ជាក់​អះអាង​ដោយ​ប្រភព​ការទូត​វៀតណាម​។​

​យោងតាម​ប្រភព​ឧស្សាហកម្ម ក្រុមមន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Repsol ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​ប្រាប់​កាលពី​សប្តាហ​មុន​ថា ចិន​បាន​គំរាម​វាយប្រហារ​មូលដ្ឋានទ័ព​វៀតណាម​ក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី ប្រសិនបើ​ការ​ខួង​ឧស្ម័ន​មិន​បញ្ឈប់​ទេនោះ​។

​ចិន​អះអាង​កាន់កាប់​សមុទ្រ​ចិន​ស្ទើរ​ទាំងស្រុង ក្នុងនោះ​រួមទាំង​កោះ​ថ្ម​ប៉ប្រះ​ទឹក និង កោះ​នានា ដែល​អះអាង​ទាមទារ​ដោយ​បណ្តា​ប្រទេស​ផ្សេងទៀត​ផងដែរ​។

​ដំណើរ​រុករក​និង​ខួង​ឧស្ម័ន​នេះ​បានចាប់ផ្តើម​កាលពី​ខែ​មុន​ក្នុង​តំបន់​ប្រហែល ៤០០ គីឡូម៉ែត្រ​នៃ​ឆ្នេរ​ភាគ​អាគ្នេយ៍​វៀតណាម​។

​វៀតណាម​ហៅ​តំបន់​នោះ​ថា ប្លុក ១៣៦-០៣ និង បាន​ជួល​វា​ឱ្យទៅ​ក្រុមហ៊ុន​មួយ​ហៅថា Talisman-Vietnam ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Repsol ។​

​ចិន​ហៅ​វា​ថា តំបន់​វ៉ា​ណាន ប៉ី ២១ និង​បាន​ជួល​តំបន់​ដូចគ្នានេះដែរ​ឱ្យទៅ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​។​

​គេ​មិនដឹងថា​ចិន​ជួល​ឱ្យ​ក្រុមហ៊ុន​មួយណា​ឱ្យ​ប្រាកដ​ទេ​។ ក្នុង​ឆ្នាំ ២០១៥ សិទ្ធិ​ខួង​ឧស្ម័ន​របស់​ចិន​បាន​លក់​ឱ្យទៅ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ហុងកុង ហៅថា Brightoil ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​បដិសេធ​ថ្មីៗ​នេះ​ថា​មិនបាន​ទទួល​សិទ្ធិ​ខួង​ឧស្ម័ន​ទេ​។

​នាយក​ពីរ​នាក់​របស់​ក្រុមហ៊ុន Brightoil គឺជា​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​កុំម្មុយនីស្ត​ចិន​។​

​ក្រុមហ៊ុន Talisman-Vietnam ពីមុន​គឺ​កាន់កាប់​ដោយ​ក្រុមហ៊ុន​កាណាដា Talisman ប៉ុន្តែ​តាំងពី​ឆ្នាំ ២០១៥ មក បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Repsol ។​

​អ្នកវិភាគ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ព្យាករណ៍​ថា ក្រុមហ៊ុន Repsol បាន​ចំណាយ​ប្រហែល ៣០០ លាន​ដុល្លារ​លើ​ការអភិវឌ្ឍ​តំបន់​ឧស្ម័ន​នោះ គិត​មកទល់​ឥឡូវនេះ​។

​ហេតុ​ដូច្នេះហើយ ទើប​គេ​មានការ​ភ្ញាក់ផ្អើល​ដែល​វៀតណាម​ដកថយ​ចេញពី​តំបន់​ខួង​ឧស្ម័ន​លឿន​ដូច្នេះ​។​

​ក្នុង​ឆ្នាំ ២០១៤ នាវា​ល្បាត និង​នាវា​ជាច្រើន​គ្រឿង​ទៀត​របស់​ចិន​និង​វៀតណាម​បាន​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់​ផ្សេងទៀត​នៃ​សមុទ្រ​ចិន​ខាងត្បូង ស្ថិតនៅ​ភាគ​ខាងជើង​ក្បែរ​ប្រជុំ​កោះ​ផា​រ៉ា​សែ​ល​។

​តាំងពី​ពេលនោះ​មក ប្រទេស​ទាំងពីរ​បាន​ព្យាយាម​បញ្ចៀស​ការប្រឈមមុខ​ដា​ក់​គ្នា​សាជាថ្មី​៕ ដោយ៖ កញ្ញាដាលីស

វៀតណាម​និង​ចិន​បាន​អះអាង​កាន់កាប់​ផ្នែក​មួយចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុងមាន​ជម្លោះ

ទីតាំងផ្សាយពាណិជ្ជកម្ម