​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​របស់​តៃវ៉ាន់ Foxconn បានបង្ហាញ​គំរូ​រថយន្ត​អគ្គិសនី​ចំនួន​ពីរ​បន្ថែមទៀត​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​តុលា រួម​ទាំង​រថយន្ត​ភី​ក​អាប់​ផងដែរ ខណៈ​ខ្លួន​និយាយថា ការផលិត​រថយន្ត​ពីរ​ម៉ូត​ផ្សេងទៀត​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​។​

​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ជាប់កិច្ចសន្យា​ធំជាងគេ​របស់​ពិភពលោក Foxconn​បាន​ដើរតួនាទី​យ៉ាង​សំខាន់​រួចទៅហើយ​ក្នុង​ការដំឡើង​ឧបករណ៍​សម្រាប់​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​ជាច្រើន រួមទាំង iPhone របស់​ក្រុមហ៊ុន Apple ផងដែរ​។​

​ក្រុមហ៊ុន​បាន​ងាក​ទៅ​ធ្វើ​ពិពិធ​កម្ម​ហួស​ពី​ការដំឡើង​គ្រឿង​អេឡិចត្រូនិក​និង​ស្រវា​ចាប់យក​អាជីវកម្ម​រថយន្ត​អគ្គិសនី (EV) ដែល​មាន​ការប្រកួតប្រជែង​ប៉ុន្តែ​កំពុង​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​ដោយ​​បានបង្ហាញ​គំរូ​រថយន្ត​ចំនួន​បី​កាលពី​ឆ្នាំមុន​។​

​ប្រធាន​ក្រុមហ៊ុន Foxconn លោក យ៉ុង លីវ (Young Liu) បានបង្ហាញ​គំរូ​រថយន្ត​ពីរ​បន្ថែម​ទៀត​នៅក្នុង​ព្រឹត្តិការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ទីក្រុង​តៃប៉ិ ដែល​ជា​រថយន្ត​ប្រភេទ Hatchback បែប​ស្ព័​រ ឈ្មោះថា Model B និង​រថយន្ត​ភី​ក​អាប់ Model V ។​

​លោក​ក៏​បាន​ប្រកាស​ផងដែរ​ថា ការផលិត​សម្រាប់​ពាណិជ្ជកម្ម​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​លើ​រថយន្តក្រុង​អគ្គិសនី ដែល​ធ្លាប់បាន​បង្ហាញ​ពីមុន និង​រថយន្ត​ស្ព័រស​ម្រាប់​គ្រួសារ​។​

​លោក​លីវ​បាន​និយាយថា “Foxconn បាន​កាត់បន្ថយ​ពាក់កណ្តាល​នៃ​ពេលវេលា​រចនា​និង​កាត់បន្ថយ​ការចំណាយ​លើ​ការអភិវឌ្ឍ​ចំនួន​មួយ​ភាគ​បី​ដើម្បី​នាំ​យក​គំរូ​រថយន្ត EV ទៅ​ជា​ផលិត​សម្រេច​”​។​

Foxconn គ្រោង​នឹង​ធ្វើ​ជាមួយ​រថយន្ត​អគ្គិសនី​នូវ​អ្វី​ដែល​ខ្លួន​ធ្លាប់បាន​ធ្វើ​សម្រាប់​ឧបករណ៍​អេឡិចត្រូនិក ពោលគឺ​ក្លាយជា​អ្នក​ផលិត​ជាប់​កិច្ចសន្យា​។​

​យុទ្ធសាស្ត្រ​របស់​ខ្លួន​គឺ​បង្កើត​រថយន្ត​សម្រាប់​អតិថិជន​ជា​ជាង​លក់​វា​ក្រោម​ឈ្មោះ​ខ្លួនឯង ដោយ​ប្រើ​គំរូ​រថយន្ត​ដើម​ជា​ការណែនាំ​។​

​លោក​លីវ​បាន​និយាយថា អតិថិជន​របស់​ខ្លួន​មួយ គឺ​ក្រុមហ៊ុន​ផលិត​រថយន្ត​តៃវ៉ាន់ Luxgen បាន​ទទួល​ការបញ្ជាទិញ​ជា​មុន​របស់​អតិថិជន​ចំនួន ១៥.០០០ គ្រឿង​ក្នុង​រយៈពេល​តិចជាង​ពីរ​ថ្ងៃ​សម្រាប់​រថយន្ត N7 របស់ខ្លួន ដែល​ផ្អែកលើ​គំរូ​រថយន្ត Foxconn Model C ដែល​បាន​បង្ហាញ​កាលពី​ឆ្នាំមុន​។​

​ក្រុមហ៊ុន Foxconn ក៏​បាន​ចាប់ផ្តើម​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​ក្រុមហ៊ុន Lordstown Motors ផងដែរ បន្ទាប់ពី​បាន​ទិញ​រួចរាល់​នូវ​អតីត​រោងចក្រ General Motors នៅ​ទីក្រុង​ឡដ​ស្តូវ (Lordstown) រដ្ឋ​អូ​ហៃ​យ៉ូ (Ohio) ក្នុង​ខែឧសភា​។​

​ក្នុង​ខែ​នេះ ក្រុមហ៊ុន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ជា​មួយ​ក្រុមហ៊ុន INDIEV Inc ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក ដើម្បី​ផលិត​គំរូ​រថយន្ត INDI One ដំបូងបង្អស់​នៅ​រោងចក្រ​អូ​ហៃ​យ៉ូរ​បស់ខ្លួន​។​

​ដៃគូ​របស់​ខ្លួន​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ក្រុមហ៊ុន Fisker ដែលជា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ថ្មីថ្មោង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក ដែល​សង្ឃឹមថា​នឹង​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​ឧត្តមភាព​របស់​ក្រុមហ៊ុន Tesla នៅ​ថ្ងៃ​ណាមួយ​។​

​ថ្មីៗ​នេះ Fisker បាន​បញ្ជាក់​ជា​ថ្មី​នូវ​ផែនការ​ឱ្យ Foxconn បង្កើត​រថយន្ត Fisker Pear នា​ពេល​ខាង​មុខ​នៅ​រោងចក្រ​អូ​ហៃ​យ៉ូ ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៤​។​

​មាន​សេចក្តីរាយការណ៍​យ៉ាង​ទូលំទូលាយ​អស់​ជាច្រើន​ឆ្នាំ​ថា ក្រុមហ៊ុន Apple មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ជា​សម្ងាត់ ជា​អ្វី​ដែល Foxconn អាច​ជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ចាប់​ដៃគូ​លើ​ទំនាក់ទំនង​ដែល​មាន​ស្រាប់​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន​យក្ស​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​មួយនេះ​៕

​ស្ថាបនិក​ក្រុមហ៊ុន Foxconn លោក ធឺ​រី ហ្គូ ណែនាំ​រថយន្ត​អគ្គិសនី Model B នៅឯ​ព្រឹត្តិការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ទីក្រុង​តៃប៉ិ