ដោយ:ពៅនិមល/ភ្នំពេញ៖ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ដោយសារទឹកជំនន់ឆ្នាំនេះ មានរយៈពេលអូសបន្លាយយូរជាងឆ្នាំកន្លងទៅ បានបង្ករផលប៉ះពាល់ដល់ដំណាំស្រូវសរុបទំហំ ២០៦.៧៧៣ហិកតា។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ នៅក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២កន្លងទៅ បានមានប្រសាសន៍ថា ទឹកជំនន់ក្នុងឆ្នាំនេះមានរយៈពេល អូសបន្លាយយូរជាងឆ្នាំកន្លងទៅ ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ច្រើនដល់ដំណាំរបស់ ប្រជាកសិករ។
លោកបានឲ្យដឹងថា ផ្អែកតាមការវាយតម្លៃបឋមរបស់ក្រុមការងារ គិតត្រឹមថ្ងៃទី១២ ខែតុលា ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបមានចំនួន ២០៦.៧៧៣ហិកតា, ផ្ទៃដីដំណាំស្រូវដែលបានខូចខាតមានចំនួន ៨៥.១២៨ហិកតា និង ផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញមានចំនួន ៤៨.៤៧២ហិកតា ។

ទាក់ទិនផលប៉ះពាល់ខាងលើនេះ លោក បានណែនាំឲ្យរដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួង ត្រូវរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ និងអនុវត្តឱ្យបានល្អប្រសើរនូវវិធានការដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវបន្តចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងការខូចខាតជាក់ស្ដែងដោយសារជំនន់ទឹកភ្លៀងលើដំណាំកសិកម្ម, សត្វពាហនៈ និងវារីវប្បកម្ម ជាពិសេសកំណត់ឱ្យច្បាស់លាស់នូវទីតាំងខូចខាត ទំហំផ្ទៃដី និងចំនួនគ្រួសារកសិករដែលរងគ្រោះ ដោយសហការជាមួយក្រសួង ស្ថាប័ន ជាពិសេសរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធឲ្យមានប្រសិទ្ធិភាពខ្ពស់ និងផ្តល់ការសហការជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការប្រមូលទិន្នន័យអំពីតម្រូវការពូជ, ផ្ទៃដីស្តារឡើងវិញ, អត្តសញ្ញាណជនរងគ្រោះ និងព័ត៌មានដទៃទៀត ដើម្បីដាក់ចេញនូវវិធានការស្តារ និងផ្តល់ជំនួយសង្គមផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាព។ល។

ជាមួយគ្នានេះ លោក ឌិត ទីណា រដ្ឋមន្រ្តីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ពិធីផ្ទេរតំណែង បានលើកឡើងថា សម្រាប់ការងារខាងលើនេះ លោកនឹងបើកការប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងដើម្បីរៀបចំផែនការចុះតាមបណ្តាខេត្ត បណ្តាទីតាំងដែលមានប្រជាពលរដ្ឋរងគ្រោះ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាតទាំងនេះ។
លោកបន្ថែមទៀតថា យើងក៏នៅមានកិច្ចការបន្ទាន់មួយចំនួនទៀតដែលត្រូវបន្តអនុវត្ត ក្នុងគោលដៅដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ជាអទិភាព ក្នុងគោលដៅបន្តជំរុញ ប្រែក្លាយកសិកម្ម ឱ្យទៅជាកសិកម្មកាន់តែទំនើ ឆ្លាតវៃប្រកបដោយបរយាបន្ន និងមាននិរន្តភាពធននឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ៕/PC

ចំណងជើងរូបភាព៖ ពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាព ក្រសួងកសិកម្ម