ដោយៈប.ខុន/ភ្នំពេញៈ ខណៈដែលរដូវវស្សាជិតផុតសមុទ្រស្ងប់ខ្យល់រដ្ឋបាលខេត្តព្រះសីហនុបានចាប់ផ្តើមកែលម្អឆ្នេរ ដែលដាច់ដោចដោយសារទឹកភ្លៀងហូរកាត់និងទឹករលកបក់បោកខ្លាំងកាលពីក្នុងរដូវវស្សាឡើងវិញហើយ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២២បានដឹកនាំក្រុមការងារធ្វើការឈូសកាយសម្អាតខ្សាច់នៅតាមឆ្នេរដែលហូរច្រោះដាច់ ដោយទឹកភ្លៀងនិងទឹករលកឡើងវិញ បន្ទាប់ពីរដូវភ្លៀងជិតផុតដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមកពីតាមខេត្តនិងរាជធានីដើរនិងអង្គុយលេងនៅតាមឆ្នេរ។
លោកសរ កក្កដា អភិបាលក្រុងព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ខែតុលាថាគល់ឈើនៅតាមឆ្នេរដែលរបើកដីខ្សាច់អស់ ដោយសារទឹករលកក្នុងរដូវវស្សាពេលនេះត្រូវ បានលោកអភិបាលខេត្តឱ្យគ្រឿងចក្រកាយខ្សាច់លប់វិញ ផ្លូវទឹកភ្លៀងហូរច្រោះឆ្នេរក៏ត្រូវបានឈូសកៀរឱ្យស្មើឡើងវិញដែរ។
លោកអភិបាលក្រុងដែលទើបផ្ទេរមកពីអភិបាលខណ្ឌព្រៃនប់រូបនេះនិយាយឱ្យដឹងទៀតថាផ្លូវនៅតាមឆ្នេរត្រូវបានធ្វើការសម្អាតជាបន្តបន្ទាប់តែកន្លងទៅធ្វើ មិនបានស្អាតទេ ដោយសារធ្វើរួចមានភ្លៀងខ្យល់ខ្លាំងបក់ខ្សាច់មកដាក់លើផ្លូវដដែល តែឥឡូវអាចសម្អាតបានស្អាតហើយព្រោះជិតផុតរដូវវស្សា ។ឯតាមឆ្នេរបានធ្វើការសម្អាត ជាប្រចាំ ជាមួយនឹងការៀបចំសណ្តាប់ធ្នាប់ដែលមានកម្លាំងមិនច្រើន។នៅពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានប្រជាពលរដ្ឋពីតាមបណ្តាខេត្តនិងរាជធានីបានមកលេងច្រើន ជាពិសេសក្រោយពេលបើកឱ្យប្រើប្រាស់សាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុដោយមិនយកប្រាក់រយៈពេលមួយខែរួចមក៕/PC