ដោយៈ​ប​.​ខុន / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ដាក់​ភ្លើង​បំភ្លឺ លើ​មហាវិថី ៣០ ម៉ែត្រ ចាប់ពី​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទៅដល់​មុខ​បុរី​អង្គរ ព្រី​មៀរ ដែល បានរៀបចំ​ឃឿន​សួនច្បារ ចែក​ទ្រូ​វ​ផ្លូវ រួច​ជា​ស្ថាពរ​ហើយ​។​

​លោក ជា សុ​វ៉ាន់ ប្រធាន​អង្គភាព​បំភ្លឺ​សាធារណៈ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២​ថាៈ​  មហាវិថី ៣០ ម៉ែត្រ បន្ត​ពីមុខ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រហូតដល់​មុខ​បុរី​អង្គរ​ភ្នំពេញ ព្រី​មៀរ ដែល​ទើប​រៀប​ឃឿន​សួនច្បារ ចែក​ទ្រូងផ្លូវ​រួច កំពុង​ត្រូវ​បានរៀបចំ​ដាក់​ភ្លើង​បំភ្លឺ ដោយ​គ្រោង​ធ្វើឱ្យ​ហើយ បាន​បំភ្លឺ​នៅថ្ងៃនេះ (១៧​តុលា​)​។​

​មហាវិថី ៣០ ម៉ែត្រ ជា​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ក្នុង​ការជួយ​សម្រួល​ចរាចរណ៍ ចេញពី ក្នុង​រាជធានី ទៅ​ជាប់​ជាមួយនឹង​មហាវិថី​ឈ្នះ​ឈ្នះ នៅ​ខាងលិច​គល់ស្ពាន​ព្រែក​ព្នៅ បន្ត​ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ជា​កំណាត់​ផ្លូវ​ថ្មី ដែល​ផ្តើម​សាងសង់ ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​ថវិកា​សប្បុរស​ជន ។ ជា​ផ្លូវ​មាន​សួនច្បារ និង​ភ្លើង​បំភ្លឺ​ផ្លូវ នៅ​ចំ​កណ្តាល​ ​ដែល​កន្លងទៅនេះ ការសាងសង់​មិនទាន់បាន​រួច តាម​ការគ្រោងទុក ដោយសារ​ដោះស្រាយ​ផលប៉ះពាល់ នៃ​អ្នក​សាងសង់​សំណង់​មិន​រៀបរយ នៅលើ​ផ្លូវ​នេះ មិនទាន់បាន​ចប់​៕/V