ភ្នំពេញ៖ ទោះបីជាខ្ចាត់ព្រាត់ទៅក្រៅប្រទេស តែទណ្ឌិតរត់ចោលគុក សម រង្ស៊ីដែលកំពុងមានទោសជាប់ខ្លួន ដោយសារទង្វើក្បត់ជាតិរបស់ខ្លួននៅតែបន្តក្បត់ជាតិនិងប្រជាជនកម្ពុជានិងបន្តធ្វើនយោបាយចងអាឃាតប្រឆាំងនឹងជាតិ និងប្រជាជនកម្ពុជាដដែល។ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ជនក្បត់ជាតិ ៣ជំនាន់សម រង្ស៊ីបាន ប្រកាសពីផែនខុសច្បាប់ក្នុងគោល​បំណងផ្តួលរំលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឱ្យបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលជាស្ថាបនិក សន្តិភាព អគ្គមគ្គុទ្ទេសក៏ឯកនយោបាយឈ្នះឈ្នះ ជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

នេះមិនមែនជាលើកទី១ទេដែលទណ្ឌិតក្បត់ជាតិនេះចេញផែនការញុះញង់និងមានចេតនាទុច្ចរិតក្នុងការប្រើប្រាស់បដិវត្តន៍​ពណ៌ និងមធ្យោបាយខុសច្បាប់មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដើម្បីបំផ្លាញខ្មែរនិងប៉ុនប៉ង ឡើងកាន់អំណាចដោយខុសច្បាប់តែជាផែនការជាបន្តបន្ទាប់ដែលទណ្ឌិតសមរង្ស៊ីបានដាក់ចុះដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួននិងធ្វើនយោបាយចងអាឃាតនឹងជាតិសាសន៍ឯងដូចខ្មោចជីតានិងខ្មោចឪរបស់ខ្លួនដែល ជាជនក្បត់ជាតិក្បត់ព្រះមហាក្សត្រដោយគ្មានការអៀនខ្មាសសូម្បីប៉ុនសសៃសក់។នេះគឺជាសែស្រឡាយឈាមជ័រជនក្បត់ជាតិតពីជីតារហូតដល់ចៅ។ ប៉ុន្តែផែនការក្បត់ជាតិទាំងនេះតែងត្រូវបានវាយបំបាក់ទាន់ពេលវេលា ព្រោះតែទេវតាថែរក្សាប្រទេសកម្ពុជាមិនអាចអនុញ្ញាតឱ្យមនុស្សបែបវិកលចរិតដូចទណ្ឌិត សម រង្ស៊ី ធ្វើអ្វីបានស្រេចតែចិត្តដើម្បីបំផ្លិចបំផ្លាញជាតិនិងប្រជាជនកម្ពុជាឡើយ។

ចំពោះមុខផែនការក្បត់ជាតិ និងដើម្បីរក្សាបាននូវសន្តិភាព ការអភិវឌ្ឍដែលរកបានមកដោយពិបាកនេះ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌ដោយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់ បានប្រកាសចាត់វិធានការហ្មឺងម៉ាត់ប្រឆាំងនឹងក្រុមជនក្បត់ជាតិនិងបក្ខពួក ដោយមិនអនុញ្ញាតឱ្យពួកគេធ្វើអ្វីស្រេចតែចិត្តនឹងអំពើចិត្តនិងយកជាតិនិងប្រជាជនកម្ពុជាទៅធ្វើជាចំណាប់ខ្មាំងឡើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ថា នឹងប្តូរផ្តាច់កម្ចាត់អ្នកដែលអនុវត្តផែនការរបស់ពូជក្បត់ជាតិ ៣ជំនាន់នេះឱ្យបាន។ សម្តេចតេជោ ហ៊ុន សែន ព្រមានទុកជាមុនថា អ្នកពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៉ី ងើបមួយវាយមួយ ងើបពីរវាយពីរ។

សម្តេចតេជោបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រខ្មែរប្រមាណជា៥០០ឆ្នាំនេះ មិនមាននរណាខូចជាងជនពូជក្បត់ជាតិ៣ជំនាន់នោះទេ។ ចំពោះគោលនយោបាយ «មានសែនអត់ស៊ី មានស៊ីអត់សែន» ដែលទណ្ឌិត សម រង្ស៉ី បានដាក់ចេញកាលពីឆ្នាំ២០០៣ សម្តេចនឹងអនុវត្តគោលនយោបាយនេះដូចគ្នា។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា «ហ៊ុន សែន នឹងប្តូរផ្តាច់កម្ចាត់ចោលនូវមនោគមន៍វិជ្ជាពូជអាក្បត់ជាតិ ៣ជំនាន់»។

គោលការណ៍ដែលដាក់ចុះនេះ ត្រូវបានប្រកាសគាំទ្រដោយក្រសួងស្ថាប័នអង្គភាពក្រោមចំណុះរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ ដោយបានធ្វើការប្រឆាំងនិងថ្កោលទោសយ៉ាង ដាច់អហង្កាប្រឆាំងនឹងផែនការក្បត់ជាតិនេះ។ យោងតាមញត្តិទាំងក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អវុធបានប្រកាសប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះរាជបល្ល័ង្គ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព និងការអភិវឌ្ឍ ដោយមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិប្រើប្រាស់បដិវត្តន៍ពណ៌ ឬមធ្យោបាយទុច្ចរិតមិនប្រជាធិបតេយ្យផ្សេងទៀត ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញសេចក្តីសុខ ការរីកចម្រើន និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរបានឡើយ។ ញត្តិបានបង្ហាញពីការប្តេជ្ញា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ ការគាំដោយបានដឹង និងមើលឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងបរិបូរណ៌ពេញផ្ទៃប្រទេស។ ពលរដ្ឋទាំងអស់ប្តេជ្ញារួមគ្នាបន្តថែរក្សាតម្លៃនិងផ្លែផ្កានៃសន្តិភាពនេះឱ្យបានគង់វង្សស្ថិតស្ថេរជារៀងរហូត ព្រមទាំងរួមគ្នាអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿងឡើងថែមទៀត។

ទណ្ឌិតរត់ចោលគុក សម រង្ស៊ី ពិតជាអស់លក្ខណ៍មែនទែនហើយ និងគ្មានក្តីសង្ឃឹមអ្វីក្រៅពីការញុះញង់ឡើយ។ ការញុះញង់ឥឡូវក៏លែងមានតម្លៃ និងមិនត្រូវបានប្រជាពលរដ្ឋយកចិត្តទុកដាក់និងជឿដោយងាយឡើយ។ លើសពីនេះ ការញុះញង់ និងការប្រើប្រាស់មធ្យោបាយសព្វបែបយ៉ាងដើម្បីបំផ្លាញជាតិនិងប្រជាជនកម្ពុជារបស់ជនក្បត់ជាតិ ៣ជំនាន់របស់សម រង្ស៊ី ត្រូវបានប្រជាពលរដ្ឋទូទៅថ្កោលទោសដាច់អហង្កាដោយសារតែបានដើរផ្ទុយពីអ្វីដែលជាបំណងដ៏ល្អពិសិដ្ឋរបស់ ប្រជាពលរដ្ឋខ្មែរ គឺថែរក្សាបាននូវសុខសន្តិភាព រស់នៅក្នុងភាពសុខសាន្តនិងការអភិវឌ្ឍលើគ្រប់វិស័យ។ កាលដែលមួយថ្ងៃៗ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក គិតតែពីរកល្បិចកលទុច្ចរិត បំផ្លិចបំផ្លាញខ្មែរ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរយល់កាន់តែច្បាស់ថាក្រុមប្រឆាំងគ្មានបានធ្វើអ្វីដើម្បីបម្រើជាតិឡើយ គឺគិតតែពីចំណាយពេលវេលាអុកឡុកប្រទេស បង្កការចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ប្រទេស បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា និងធ្វើនយោបាយបំផ្លាញជាតិខ្លួនឯងដោយងំពាវនាវឱ្យបរទេសដាក់សម្ពាធនិងទណ្ឌកម្មមកលើកម្ពុជា កុំឱ្យបរទេសទិញទំនិញពីកម្ពុជា និងកុំមកវិនិយោគនៅកម្ពុជា និងការប្រើប្រាស់បដិវត្តន៍ណណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ប្រជាជន។ ទង្វើក្បត់ជាតិទាំងនេះបានបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរបានមើលឃើញយ៉ាងច្បាស់ពីតម្លៃនៃសុខសន្តិភាព និងតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ព្រមទាំងកសាងនូវកិត្យានុភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ ធ្វើឱ្យពលរដ្ឋខ្មែរមានមោទកភាព និងពេញចិត្តនឹងសមិទ្ធផលដែលសម្រេចបាន។

ដូច្នេះការធ្វើនយោបាយចងអាឃាតប្រឆាំងនឹងសន្តិភាព និងការអភិវឌ្ឍកម្ពុជារបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកជាការក្បត់ជាតិនិងក្បត់ប្រជាជន ក្បត់ព្រះមហាក្សត្រ ហើយមិនអាចអត់ឱ្យបានឡើយ។ ការលុបបំបាត់ចោលនូវមនោគមវិជ្ជាក្បត់ជាតិតជំនាន់គឺជាភាពចាំបាច់ និងត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំអស់ ព្រោះមនោគមន៍វិជ្ជាជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី ដែលសាបព្រោះមកនេះពិតជាគ្រោះថ្នាក់ដល់ជាតិ សាសនា ព្រះមហាក្សត្រ។ សម រង្ស៊ី និងបក្ខពួកគឺជាជនសាងគ្រោះឱ្យជាតិ ដែលត្រូវកម្ចាត់ចោលដោយមិនអាចលើកលែងបានឡើយដើម្បីភាពសុខសាន្តរបស់ជាតិនិងប្រជាជនយូរអង្វែងរាប់ជំនាន់ទៅមុខទៀត។ ប្រជាជនកម្ពុជាគាំទ្រចំពោះគោលនយោបាយកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយម របស់ជនក្បត់៣ជំនាន់នេះវិញ៕
ដោយ៖ចៅចាក់ស្មុក
ភ្នំពេញថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២