​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក​ប្រធានាធិបតី ចូកូ វី​ដូ​ដូ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​តុលា​ថា ឥណ្ឌូនេស៊ី​នឹង​វាយកម្ទេច​និង​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ឡើងវិញ​កន្លែង​ដែល​ការរត់​​ជាន់​គ្នា​បាន​សម្លាប់​មនុស្ស​ជាង ១៣០ នាក់​ក្នុង​ខែ​នេះ ខណៈ​លោក​បាន​ប្តេជ្ញា​ថា​នឹង “​កែប្រែ​ឱ្យបាន​ហ្មត់ចត់​” នូវ​កីឡា​នៅក្នុង​ប្រទេស​ដែល​ង​ប់ង​ល់នឹង​បាល់ទាត់​មួយនេះ​។​

​ប្រធានាធិបតី​បាន​និយាយ​បែប​នេះ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ឯ​វិមាន​រដ្ឋ បន្ទាប់ពី​បាន​ជួប​លោក ជី​យ៉ាន​នី អ៊ី​ន​ហ្វាន​ទីណូ (Gianni Infantino)​ប្រធាន​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​ FIFA​។​

​លោក​បាន​និយាយថា “​កីឡដ្ឋាន Kanjuruhan នៅ​ទីក្រុង​ម៉ា​ឡាង (Malang)…​យើង​នឹង​កម្ទេច​វា ហើយ​សាងសង់​ឡើង​វិញ​តាម​ស្តង់ដារ​របស់ FIFA”​។​

​ការ​រត់​ជាន់​គ្នា​ដ៏​សាហាវ​នេះ​បន្ទាប់ពី​ការប្រកួត​លី​ក​ក្នុង​ទីក្រុង​ម៉ា​ឡាង​កាលពី​ថ្ងៃទី​១ ខែតុលា ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ប៉ូលិស ដែល​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​នៅ​ក្នុង​កីឡដ្ឋាន​សម្រាប់​ជា​វិធានការ​គ្រប់គ្រង​ហ្វូងមនុស្ស ដែល​ត្រូវបាន​ហាមឃាត់​ដោយ FIFA​។​

​ប្រធានាធិបតី​បាន​និយាយថា គាត់​បាន​យល់ព្រម​ជា​មួយ​លោក​អ៊ី​ន​ហ្វាន​ទីណូ​លើ​ការកែប្រែដ៏​សំខាន់​ចំពោះ​របៀប​ដែល​កីឡា​នេះ​ត្រូវបាន​គ្រប់គ្រង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក​បាន​បន្តថា “​យើង​បាន​យល់ព្រម​ក្នុង​ការផ្លាស់ប្តូរ​បាល់ទាត់​ឥណ្ឌូនេស៊ី​យ៉ាង​ហ្មត់ចត់​។ គ្រប់​ទិដ្ឋភាព​នៃ​ការរៀបចំ​…​ត្រូវតែ​ផ្អែក​លើ​ស្តង់ដារ​របស់ FIFA”​។​

​ជំនួប​រវាង​លោក​ចូកូ វី​ដូ​ដូ​និង​លោក​អ៊ី​ន​ហ្វាន​ទីណូ​ធ្វើឡើង​បន្ទាប់​ពី​ឥណ្ឌូនេស៊ី និង FIFA បាន​យល់ព្រម​បង្កើត​ក្រុមការងារ​រួមគ្នា​មួយ បន្ទាប់​ពី​សោកនាដកម្ម​នៅ​កីឡដ្ឋាន​និង​ខណៈ​ដែល​ប្រទេស​នេះ​​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ ឆ្នាំ​នៅ​ឆ្នាំក្រោយ​។​

​ថ្លែង​ជា​មួយ​លោក​វី​ដូ​ដូ លោក​អ៊ី​ន​ហ្វា​ទីណូ​បាន​និយាយថា អាទិភាព​ទី​មួយ​របស់ FIFA គឺ​ធានា​សុវត្ថិភាព​ទាំង​ចំពោះ​កីឡាករ​និង​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​លោក​បាន​បន្តថា “​នេះ​គឺជា​ប្រទេស​បាល់ទាត់ ជា​ប្រទេស​ដែល​បាល់ទាត់​ជា​ចំណូលចិត្ត​សម្រាប់​មនុស្ស​ជាង ១០០ លាន​នាក់​។ យើង​ជំពាក់​ពួកគេ​ចំពោះ​រឿង​ដែល​ថា ពេល​ពួកគេ​ឃើញ​ការប្រកួត ពួកគេ​មាន​សុវត្ថិភាព​និង​មាន​សន្តិសុខ​”៕

​ឥណ្ឌូនេស៊ី​នឹង​វាយកម្ទេច​និង​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ឡើងវិញ កន្លែង​ដែល​ការ​រត់​ជាន់​គ្នា​បាន​សម្លាប់​មនុស្ស​ជាង ១៣០ នាក់​ក្នុង​ខែ​នេះ​