ដោយៈដេប៉ូ/សៀមរាប៖«វិស័យឯកជនរួមទាំងវិស័យធនាគារនៅកម្ពុជាបានយល់កាន់តែច្បាស់អំពីហានិភ័យនិងកាលានុវត្តភាព ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ តួនាទីរបស់ខ្លួននៅក្នុងការរួមចំណែកដោះស្រាយបញ្ហានេះនិងវិធានការ ឆ្លើយតបចាំបាច់នានា”។នេះជាបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងពិធីបើក«កិច្ចប្រជុំ កំពូលលើកទី២ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២»ដែលបានរៀបចំឡើងនាទីក្រុងសៀមរាបនៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២២។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងពិធីបើក«កិច្ចប្រជុំ កំពូលលើកទី២ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២»ដែលបានរៀបចំឡើងនាទីក្រុងសៀមរាបនៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២២(រូបថត ក្រសួងបរិស្ថាន)

លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ថា តាមរយៈការយល់ដឹងនៃវិស័យឯកជនទៅលើវិស័យបរិស្ថាន នេះដែរ កំពុងត្រូវបានគេពិចារណាដាក់បញ្ចូលនៅក្នុងការសម្រេចចិត្តវិនិយោគិន អនុលោមតាមគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ វិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានភាពធន់ កាន់តែបៃតង បញ្ចេញកាបូនតិច បរិយាបន្ន និងកំណើនប្រកបដោយចីរភាព។

កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាព និងហានិភ័យបណ្តាលមកពី ការប្រែប្រួលអាកាសធាតុនៅលើពិភពលោកដែលក្នុងនោះកម្ពុជាក៏បាននិងកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានមកលើសង្គមសេដ្ឋកិច្ចជីវភាពរស់នៅនិងសុខមាលភាពប្រជាជនបើទោះបីកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុក៏ដោយ។ លោករដ្ឋមន្រ្តីបញ្ជាក់។

លោករដ្ឋមន្រ្តីបន្តថា នេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ វិស័យឯកជន និងជាមូលដ្ឋានសម្រាប់ការពិចារណាសម្រេចចិត្តសម្រាប់វិស័យធនាគារ និងវិនិយោគិនក្នុងការផ្តល់ ហិរញ្ញប្បទាន និងការវិនិយោគលើបណ្តាគម្រោងដែលមិនប៉ះពាល់បរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ រួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទទួលបានបច្ចេកវិទ្យាបៃតងថ្មីទំនើប។

លោករដ្ឋមន្រ្តីបញ្ជាក់ថាកម្ពុជាជាប្រទេសតូចនិងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចដែលរួមចំណែកតិចតួចបំផុតក្នុងការបង្កឱ្យមានការខូចខាតបរិស្ថានពិភពលោកជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុ។តែយើងមានឆន្ទៈនយោបាយខ្ពស់និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរួមចំណែកជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម នៅក្នុងការចរចាអន្តរជាតិ ហើយយើងអាចសម្រេចកិច្ចការនេះបានដោយសារតែកម្ពុជាមានសុខសន្តិភាពនិងស្ថិរភាពនយោបាយពេញលេញ។ជាក់ស្តែងកម្ពុជាជាប្រទេសទី១នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០និងជាប្រទេសទី២ក្នុងចំណោមប្រទេស អភិវឌ្ឍន៍តិចតួចទាំង៤៦ ដែលបានអនុម័តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលកំណត់គោលដៅត្រឹមឆ្នាំ២០៥០ ហើយបានបេ្តជ្ញាចិត្ត និងគាំទ្រ «ចក្ខុវិស័យអាស៊ានឆ្នាំ២០២៥»ដែល ផ្តោតទៅលើ តុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។ម្យ៉ាងទៀតក្នុងនាមជាប្រធានប្តូរវេនអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសគំនិតផ្តួចផ្តើមស្តីពី«កិច្ចព្រមព្រៀង អាស៊ានបៃតង»ក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្ររួមសម្រាប់គាំទ្រការអភិវឌ្ឍដែលធន់នឹងការប្រែប្រួលអាកាសធាតុ បញ្ចេញកាបូនតិច បៃតង និងប្រកបដោយចីរភាព នៅក្នុងតំបន់៕សរន

«កិច្ចប្រជុំ កំពូលលើកទី២ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២»ដែលបានរៀបចំឡើងនាទីក្រុងសៀមរាបនៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២២(រូបថតក្រសួងបរិស្ថាន)