​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ មេបញ្ជាការ​ថ្មី​នៃ​កងកម្លាំង​រុស្ស៊ី​សំរាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បាន​ទទួលស្គាល់​ដ៏​កម្រ​អំពី​សម្ពាធ​ដែល​កងកម្លាំង​របស់​លោក​កំពុង​រង​ពី​ការ​វាយបក​របស់​កងកម្លាំង​​អ៊ុយ​ក្រែន​ដើម្បី​ចាប់​យកមកវិញ​តំបន់​ខាងកើត​និង​ខាងត្បូង​អ៊ុ​យក្រែន កន្លែង​ដែល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ទើប​ប្រកាស​ដាក់​ជា​ឧបសម្ពន្ធ​របស់​ខ្លួន​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។​

​ក្នុង​សញ្ញា​គួរអោយ​ព្រួយបារម្ភ​មួយទៀត​សំរាប់​រុស្ស៊ី​ពី​សង្គ្រាម​ចំណាស់​ប្រាំបី​ខែ​មកនេះ​គឺថា មេទ័ព​រុស្ស៊ី​ដែល​ទើប​តែងតាំង​សំរាប់​តំបន់​ឃើ​សុន​ភាគខាងត្បូង កាលពី​ថ្ងៃ​អង្គារ​បានប្រកាស​«​រើ​ជន​ស៊ីវិល​ក្រោ​​ម​ការរៀបចំ​និង​ជាបណ្តើរៗ​ចេញ​ពី​ទីប្រជុំជន​ចំនួន​បួន​នៅតាម​ទន្លេ​ដ្នី​ប្រូ​( Dnipro)»​។​

សូមបញ្ជាក់ថា ​កងកម្លាំង​រុស្ស៊ី​នៅឃើ​សុន​តំបន់​(Kherson)​ត្រូវបាន​វាយ​អោយ​ថយក្រោយ​ចម្ងាយ​២០​ទៅ​៣០​គីឡូម៉ែត្រ​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​និង​កំពុង​ប្រឈម​ការ​វាយបក​បន្ថែម​នៅ​ច្រាំង​ខាងលិច​នៃ​ទន្លេ​ដ្នី​ប្រូ​។​

​មេបញ្ជាការ​កងកម្លាំង​ចំរុះ​រុស្ស៊ី ឧត្តមសេនីយ៍ សឺ​ហ្គេ ស៊ូ​រ៉ូវី​គីន​(Sergei Surovikin)​បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​Rossiya 24​ថា​«​សភាពការណ៍​នៅក្នុង​តំបន់​”​ប្រតិបត្តិការ​យោធា​ពិសេស​”​អាច​ពណ៌​​នា​ថា​តឹងតែង​»​។​

​ឧត្តមសេនីយ៍ សឺ​ហ្គេ ស៊ូ​រ៉ូវី​គីន​និយាយ​ជាមួយ​អ្នកកាសែត​នៅ​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​១៨​តុលា ២០២២

​អំពី​តំបន់​ឃើ​សុន ​លោក​ឧត្តមសេនីយ៍​បាន​និយាយថា​«​សភាពការណ៍​នៅ​តំបន់​នេះ​ពិបាក​។​សត្រូវ​កំពុង​វាយប្រហារ​ហេដ្ឋារចនាសម្ពន្ធ​និង​អាគារ​មនុស្ស​រស់​នៅក្នុ​ង​តំបន់​ឃើ​សុន​»​។​

កន្លងមក ​ទាំង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​សុទ្ធតែ​បដិសេធ​ថា​មិន​បាន​ផ្តោយ​ការវាយប្រហារ​លើ​ជន​ស៊ីវិល​ទេ តែ​រដ្ឋាភិបាល​ទីក្រុង​គៀវ​ចោទប្រកាន់​កងកម្លាំង​រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​ឧត្តមសេនីយ៍ សឺ​ហ្គេ ស៊ូ​រ៉ូវី​គីន បាន​បន្តថា កងកម្លាំង​រុស្ស៊ី​ឈរជើង​នៅ​ទីប្រជុំជន​គូ​ពៀន​ស​ខ៍​(Kupiansk)​និង​លី​ម៉ាន​(Lyman)​រួម​ទាំង​តំបន់​នៅ​ចន្លោះ​ក្រុង​មីកូ​ឡេវ​(Mykolaiv)​និងគ្រីវ​យី​( Kryvyi)​ក្នុង​ខេត្ត​ឃើ​សុន ស្ថិតក្រោម​ការវាយប្រហា​រ​ជា​បន្ត​។​លោក​ទំនងជា​ចង់​ទទួលស្គាល់ថា វា​មាន​គ្រោះថ្នាក់​មួយ​ពី​ការ​រុលចូល​របស់​កងកម្លាំង​អ៊ុយ​ក្រែន​មក​កាន់​ទីក្រុង​ឃើ​សុន​នៅ​ក្បែរ​មាត់​​ទន្លេ​ដ្នី​ប្រូនៅ​ច្រាំង​ខាងលិច​ហើយ​រុស្ស៊ី​ក៏​ពិបាក​ក្នុងការ​ផ្គត់ផ្គង់​ទៅ​ពី​ខាងកើត​ដោយសារ​តែ​ស្ពាន​កាត់​ទន្លេ​រង​ការខូចខាត​។​

​រំលឹកថា រុស្ស៊ី​បាន​ចាប់​យក​ទីក្រុង​ឃើសុនដោយ​គ្មាន​ការ​តដៃ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​និងវា​ស្ថិត​ក្រោម​ការកាន់កាប់រ​បស់​រុស្ស៊ី​រៀង​រហូត​មក​។​ឃើ​សុន ជា​ខេត្ត​អ៊ុយ​ក្រែន​ចំនួន​បួន ដែល​រុស្ស៊ី​ទើប​ប្រកាស​​បញ្ចូល​ជា​ឧបសម្ពន្ធ​របស់ខ្លួន​និង​ជា​ទីតាំង​សំខាន់​ខាង​យុទ្ធសាស្ត្រ​។​វា​គ្រប់គ្រង​ទាំង​ផ្លូវទឹក​និង​ផ្លូវគោក​ទៅកាន់​ឧបទ្វីប​គ្រី​ម៉េនិង​មាត់ទន្លេ​ដ្នូ​ប្រូ​៕