​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នកការទូត​បាន​និយាយថា សហរដ្ឋ​អាម៉េរិក អង់គ្លេស​និង​បារាំង​គ្រោង​នឹង​លើកឡើង​អំពី​ការ​បញ្ចូន​សព្វាវុធ​របស់​អ៊ីរ៉ង់​ទៅ​រុស្ស៊ី​នៅឯ​កិច្ចប្រជុំ​បិទទ្វារ​របស់​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ពុធ​ទី​១៩​តុលា បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​គៀវ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូថា​បាន​ប្រើប្រាស់​ដ្រូ​ន​អ៊ីរ៉ង់​ប្រឆាំង​នឹង​គោលដៅ​ស៊ីវិល​។​

​ដោយឡែក អ៊ុយ​ក្រែន​បាន​អញ្ជើញ​អ្នក​ជំនាញ​របស់អ​.​ស​.​ប​ឱ្យ​ពិនិត្យមើល​នូវ​អ្វី​ដែល​ខ្លួន​និយាយថា​ជា​ដ្រូ​ន​មាន​ដើមកំណើត​នៅ​អ៊ីរ៉ង់ ដែល​ប្រើប្រាស់​ដោយ​រុស្ស៊ី​ដើម្បី​វាយប្រហារ​គោលដៅ​អ៊ុយ​ក្រែន​ដោយ​​បំពាន​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប លេខ ២២៣១ ដែល​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ នេះ​បើ​យោងតាម​លិខិត​ដែល​មើលឃើញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​​រ៉​យ​ទ័រ​។​

​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ក្រុម​អ្នកការទូត​បាន​និយាយថា ប្រទេស​ទាំង​បី​ដែល​ជឿ​ថា​ការផ្ទេរ​បែប​នេះ​បំពាន​លើ​សេចក្តីសម្រេច​ចិត្តបាន​ប្រាប់​សម​ភាគី​ក្រុមប្រឹក្សា​របស់​ពួកគេ​ថា​ពួកគេ​នឹង​ស្នើ​​សុំ​ឱ្យ​មន្ត្រី​អ​.​ស​.​ប​ពន្យល់​សមាជិក​អំពី​បញ្ហា​នេះ​នៅ​ថ្ងៃ​ពុធ​។​

​រុស្ស៊ី​បាន​បញ្ជូន​ដ្រូ​ន “​អត្តឃាដ​” រាប់​សិប​គ្រឿង​ហោះ​លើ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ចន្ទ ដោយ​បាន​វាយប្រហារ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល និង​សម្លាប់​មនុស្ស​ប្រាំ​នាក់​នៅក្នុង​រដ្ឋធានី​គៀវ​។​

​អ៊ុយ​ក្រែ​ននិយាយថា ពួក​វា​ជា​ដ្រូ​នវាយ​ប្រហារ Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់ ដែល​បំពាក់​គ្រាប់បែក​ដើម្បី​ហោះ​សំដៅ​គោលដៅ​ក្នុង​ល្បឿន​លឿន និង​បំផ្ទុះ​គ្រាប់​ទៅលើ​គោលដៅ​។​រដ្ឋាភិបាល​ក្រុង​គៀវ​​កាលពី​ថ្ងៃ​អង្គារ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ដោយសារ​តែ​ការប្រើប្រាស់​ដ្រូ​ន​របស់​ពួកគេ​។​

​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បាន​បដិសេធ​ការផ្គត់ផ្គង់​ដ្រូ​ន​ដល់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា ការបដិសេធ​របស់​អ៊ីរ៉ង់​គឺជា​ការ​កុហក​។​

​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​ថា​ក​ង​កម្លាំង​របស់​ខ្លួន​មិន​បាន​ប្រើប្រាស់​ដ្រូ​ន​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​អ៊ុយ​ក្រែនទេ​។​

​ដោយ​ដកស្រង់​សម្តី​មន្ត្រី​អាម៉េរិក​បច្ចុប្បន្ន​និង​អតីតមន្ត្រី កាសែត New York Times​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា​អ៊ីរ៉ង់​បាន​បញ្ជូន​គ្រូបង្វឹក​ទៅ​តំបន់​កាន់កាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ដើម្បី​​ជួយ​រុស្ស៊ី​ជម្នះ​លើ​បញ្ហា​ជាមួយ​ដ្រូ​ន ដែល​ពួកគេ​បាន​ទិញ​ពី​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​។​

​កាសែត​នេះ​បាន​និយាយថា គ្រូបង្វឹក​អ៊ីរ៉ង់​កំពុង​ធ្វើ​ប្រតិបត្តិការ​ពី​មូលដ្ឋាន​យោធា​រុស្ស៊ី​នៅគ្រីម៉េ ជា​កន្លែង​ដែល​ដ្រូ​ន​ជាច្រើន​ត្រូវបាន​ដាក់​នៅ​ទីនោះ​ចាប់តាំងពី​ពួក​វា​ត្រូវ​បាន​បញ្ជូន​ពី​អ៊ីរ៉ង់​។​កាសែត​​និយាយថា គ្រូបង្វឹក​គឺ​មក​ពី​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម ជា​ផ្នែក​មួយ​នៃ​យោធា​អ៊ីរ៉ង់ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុកជា​អង្គការ​ភេរ​វករ​៕

ដ្រូ​ន Shahed-136 របស់​អ៊ីរ៉ង់​ក្នុងរូងសម្ងាត់មួយនៅអ៊ីរ៉ង់