ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ បន្ទាប់ពី​បានជា​ប់​ជម្រើសជាតិ អ្នក​ប្រដាល់​គុន​ខ្មែរ ឡៅ សៃ​ណេ​ត ដែលជា​អ្នក​ប្រដាល់ មកពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នោះ បាន​ពង្រឹង​ផែនការ ហ្វឹកហាត់​កាន់តែខ្លាំង ពិសេស​លើ​ផ្នែក​បច្ចេកទេស កលល្បិច និង​កម្លាំង ។​

​ឡៅ សៃ​ណេ​ត បាន​និយាយថាៈ ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នា​ឆ្នាំ​ក្រោយនេះ គឺជា​មហិច្ឆតា​របស់គេ ក៏ដូចជា អ្នក​ប្រដាល់ កីឡាករ កីឡាការិនី​ដទៃទៀត​ដែរ​។ បើ​និយាយ ពី​ក្ដី​ស្រមៃ គឺ​ចង់​ឈ្នះ​មេដាយមាស ដើម្បី​ប្រទេសជាតិ​របស់ខ្លួន​។​

​សម្រាប់​ការប្រឹងប្រែង ហ្វឹកហាត់​វិញ សៃ​ណេ​ត បានរៀបចំ​ផែនការ ដើម្បី​ហ្វឹកហាត់ យ៉ាង​យកចិត្តទុកដាក់​។ ជាក់ស្ដែង រាល់​មុន ពេល​ឡើង​ប្រកួត​នៅតាម​សង្វៀន​នានា គេ​បាន​បង្វឹក​ខ្លួន​របស់គេ មួយខែ មុនពេល​ឡើង​វ៉ៃ ហើយ​ក្នុង​មួយថ្ងៃ បាន​កំណត់ថា ត្រូវ​ហាត់​ចាប់ពី​ម៉ោង​ប៉ុន្មាន ដល់​ម៉ោង​ប៉ុន្មាន​ថែមទៀត​។​

​អ្នក​ប្រដាល់ ដែលមាន​ដើមកំណើត មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​និយាយថា ” ខ្ញុំ​បានកំណត់​ការហ្វឹកហាត់​យ៉ាងច្បាស់​លាស់​។ ពេល​ក្រោក​ឡើង​ម៉ោង ៦ ហាត់​រត់ រួច​បន្ត​ហាត់​បច្ចេកទេស ដល់​ម៉ោង ១០​និង​៣០​នាទី ទើប​សម្រាក​។ នៅពេល​ថ្ងៃត្រង់ ខ្ញុំ ហាត់​រត់​ម្ដងទៀត ដើម្បី​យក​កម្លាំង និង​ល្ងាច​ហាត់​បច្ចេកទេស​ម្ដងទៀត ពោលគឺ មួយថ្ងៃ ខ្ញុំ​មានការ​ហ្វឹកហាត់ ៣ ដង​។ ខ្ញុំ​ទើបតែ​សម្រុក​ហ្វឹកហាត់ ពេល​ជាប់​ចូល​ជម្រើសជាតិ បាន​៣​ខែ​នេះ​ទេ​។ ពីមុនមក ខ្ញុំ​ហាត់​តែ​ពីរ​ពេល​ទេ ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។​

​ឡៅ សៃ​ណេ​ត ធ្លាប់​ឡើង​សង្វៀន​បាន​ចំនួន ២៩ ដង​ហើយ ដោយ​ក្នុងនោះ ឈ្នះ ២០ ចាញ់​៦ ស្មើ​៣ និង​បាន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់ ចំនួន ១១ លើក ទៀតផង ។ គេ​ប្រកួត​ក្នុង ប្រភេទ​ទម្ងន់​៥១ គីឡូក្រាម​។​

​អ្វីដែល​អ្នក​ប្រដាល់​រូបនេះ ចង់បាន គឺ​ឈ្នះ​មេដាយមាស សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ប៉ុន្តែ បើសិន​យក​មិនបាន មេដាយមាស ដូច​បំណង នោះ​មានន័យថា រូបគេ នៅមានកម្រិត ឬ​ការហ្វឹកហាត់​មិនទាន់​ល្អ ១០០%​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ឡៅ សៃ​ណេ​ត បាន​អះអាងថាៈ ” ខ្ញុំ​ជឿថា ការប្រឹងប្រែង​នេះ នឹង​ទទួលបាន​ផ្លែផ្កា ពិសេស​ក្នុង​ព្រឹត្តិការណ៍​សំខាន់ ខាងមុខនេះ ” ៕/V​