​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២០ តុលា ស្អែក​នេះ ក្រុម​បាល់ទះ​ជម្រើសជាតិ កម្ពុជា នឹង​ជួប​ប្រកួត​ជា​មិត្តភាព ជាមួយ​ក្រុម​ជម្រើស​យុវជន​គុយបា នៅ​កីឡដ្ឋាន​ព្រី​នស៍​។​

​នេះ​ជា​ជំនួប​ដើម្បី​អបអរសាទរ ការប្រកួត​បាល់ទះ ដណ្ដើម​ពានរង្វាន់ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន និង​ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស ឱ្យ​កាន់តែ​រឹងមាំ ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិ សាស្ត្រ​ដំបូង​របស់​កម្ពុជា បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល ៦៤ ឆ្នាំ​មក​នោះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ តុលា កន្លងមក គឺ​ថ្ងៃ​សម្ពោធ​បើក​ព្រឹត្តិការណ៍ Hun Sen-Cup កម្ពុជា ប្រកួត​ឈ្នះ​ក្រុម​ជម្រើសជាតិ​សឹង្ហ​បូរី ២​សិត​ទល់​១​សិត​។ ដើម្បី​ជោគជ័យ​នា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ សហព័ន្ធ​បាល់ទះ កំពុងតែ​ពង្រឹង​ក្រុម​ជម្រើសជាតិ តាមរយៈ​ការប្រកួត​មិត្តភាព​អន្តរជាតិ កាន់តែច្រើន ព្រមទាំង​រៀបចំ​តាម​ផែនការ យុទ្ធសាស្ត្រ របស់ខ្លួន ដោយ​បង្កើត​ព្រឹត្តិការណ៍ ថ្នាក់ជាតិ​នានា ដើម្បី​ផលិត​ឱ្យបាន នូវ​ធនធាន​កីឡាករ ប្រកួត​ដោយ​គុណភាព​ខ្ពស់ ដើម្បី​ដាក់បញ្ចូល​បន្ថែម ទៅក្នុង​ក្រុម​ជម្រើសជាតិ​។​

​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ជឿជាក់ថា និរន្តរភាព​នៃ​ពានរង្វាន់ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​រៀបចំឡើង​រៀងរាល់ឆ្នាំ ព្រោះថា បើ​ចង់បាន​គុណ​ផល សម្រាប់​ជាតិ​បាន ទាល់​តែមាន​ព្រឹត្តិការណ៍ នៃ​ការប្រកួត ឱ្យបាន​ច្រើន​។ ការប្រកួត​នីមួយៗ ត្រូវ​បែង​ចែកជា​កម្រិត នៃ​ការប្រកួត​ផងដែរ​។ ពានរង្វាន់ កាន់តែ​ធំ កីឡាករ​អាជីព មាន​កាន់តែច្រើន​។​

​ការប្រកួត​មិត្តភាព​អន្ដរជាតិ របស់​ក្រុម​កម្ពុជា ជាមួយ​ក្រុម សិង្ហ​បុរី និង​គុយបា គឺជា​ផ្នែក​មួយ ដ៏​សំខាន់ សម្រាប់​សហព័ន្ធ ក៏ដូចជា ក្រុមការងារ​គ្រូបង្វឹក ក្នុងការ​ស្វែងរក​ធន​ធាន​កីឡាករ ល្អៗ មក​ពង្រឹង​ក្រុម​ជម្រើសជាតិ​បន្ថែមទៀត​។​

​ព្រឹត្តិការណ៍​ការណ៍​ប្រកួត​កីឡាបាល់ទះ ពានរង្វាន់​សម្តេច​តេ​ជោ រដូវ​កាល ២០២២​នេះ មាន​ក្រុម​ចូលរួម ចំនួន​១១​ក្រុម ដោយ​ត្រូវបាន​ចែកជា ៤​ពូ​ល ហើយ​កំពុង​ប្រកួត​ជម្រុះ តាម​ពូ​ល​នីមួយៗ ជា​រៀងរាល់ថ្ងៃ ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក ដែលមាន​ប្រាក់រង្វាន់ ១​ម៉ឺន ដុល្លារ​អាមេរិក នា​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២ ៕/V​