​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ក្រុង​គៀវ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​តុលា​ថា ទីក្រុង​និង​ទីប្រជុំជន​ជាង ១.១០០ នៅ​ទូទាំង​ប្រទេស​អ៊ុ​យក្រែន ពុំ​មាន​ថាមពល​បន្ទាប់ពី​ការ​​វាយប្រហារ​របស់​រុស្ស៊ី​រយៈពេល ១០ ថ្ងៃ ដែល​បាន​កំណត់​គោលដៅ​លើ​រោងចក្រ​ថាមពល​នៅ​ទូទាំង​ប្រទេស​។​

​អ្នកនាំពាក្យ​សម្រាប់​សេវា​សង្គ្រោះ​បន្ទាន់​របស់​អ៊ុ​យក្រែន លោក អូ​ឡិ​កសាន់​ឌ្រ៍ ខូ​រុន​ហ្ស៊ី (Oleksandr Khorunzhyi) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ថា ក្នុង​រយៈពេល ១០ ថ្ងៃ​កន្លងមកនេះ រុស្ស៊ី​បាន​អនុវត្ត “​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ចំនួន ១៩០ លើក​ដោយ​ប្រើ​មី​ស៊ី​ល ដ្រូ​ន​អត្តឃាដ និង​កាំភ្លើង​ធំ​នៅក្នុង​តំបន់​ចំនួន ១៦ របស់​អ៊ុ​យក្រែន និង​នៅក្នុង​ទីក្រុង​គៀវ​”​។​

​លោកខូរុ​ន​ហ្ស៊ី​បាន​និយាយថា “​សម្រាប់​ពេល​នេះ តំបន់​ទីលំនៅ​ចំនួន​១.១៦២ កន្លែង​នៅ​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូវសខ៍ (Dnipropetrovsk) គី​រ៉ូ​វ៉ូ​ហ្គ្រា​ដ (Kirovograd) ហ្ស៊ី​តូមៀ (Zhytomyr)​ខា​គី​វ (Kharkiv) ដូណិត​ស​ខ៍ (Donetsk) ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) លូ​ហា​នស​ខ៍ (Luhansk) មីកូ​ឡេវ (Mykolaiv) ឃើ​សុន (Kherson)​នៅតែ​ត្រូវបាន​កាត់ផ្តាច់​ពី​ចរន្តអគ្គិសនី​”​។​

​ជា​លទ្ធផល​នៃ​ការវាយប្រហារ​នេះ មនុស្ស​ជាង ៧០ នាក់​បាន​ស្លាប់ និង ២៤០ នាក់​បាន​រងរបួស​ក្នុង​អំឡុងពេល​នោះ នេះ​បើ​យោង​តាម​ស្ថិតិ​ដែល​បាន​ផ្តល់ឱ្យ​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​។​

​លោកខូរុ​ន​ហ្ស៊ី​បាន​និយាយថា ការវាយប្រហារ​បាន​ប៉ះពាល់​ដល់​អគារ​ចំនួន ៣៨០ ខ្នង រួមទាំង “​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ ជា​ពិសេស​រោងចក្រ​ថាមពល និង​សម្ភារៈ​ស៊ីវិល​ដូចជា​ផ្ទះ​ឯកជន​និង​អគារ​​លំនៅដ្ឋាន​ខ្ពស់ៗ​”​។​

​លោក​បន្តថា អគារ​លំនៅដ្ឋាន​ប្រមាណ ១៤០ កន្លែង​ត្រូវ​បាន​រង​ការវាយប្រហារ​ចាប់តាំងពី​ថ្ងៃទី ៧ ខែតុលា​។​

​ទីប្រឹក្សា​ប្រធានាធិបតី​លោក មី​ខាយ​ឡូ ផូ​ដូល​យ៉ាក់ (Mykhaylo Podolyak) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​តុលា​ថា រុស្ស៊ី “​ព្យាយាម​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​ជាប្រ​ព័​ន្ធក្នុង​ប្រទេស​អ៊ុ​យក្រែ​ន ដោយ​វាយប្រហារ​ទីក្រុង​នានា​និង​ជន​ស៊ីវិល​”​។​

​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​នៅ​មុន​នេះ​បន្តិច​ថា កងកម្លាំង​រុស្ស៊ី​បាន “​បំផ្លាញ​” ស្ថានីយ​ថាមពល​មួយ​ភាគ​បី​របស់​អ៊ុ​យក្រែន ក្នុង​ការវាយប្រហារ​ម្តង​ហើយ​ម្តងទៀត ដែល​ផ្តោត​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល និង​បណ្តាលឱ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស​៕

​ផ្សែង​ហុយ​ឡើង​នៅ​ជាយក្រុង​គៀវ​ក្នុងអំឡុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​រុស្ស៊ី​កាលពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២​

ទីក្រុងគៀវដាច់ភ្លើងរាប់ម៉ោងក្រោយរុស្ស៊ីវាយប្រហារឃ្លាំងស្តុកប្រេងសំរាប់ផ្គត់ផ្គង់រោងចក្រអគ្គិសនី