ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រទេស​រាប់សិប​ដែល​រង​ការគំរាមកំហែង​ខ្លាំង​បំផុត​ដោយ​ការប្រែប្រួល​អាកាសធាតុ​កំពុង​អំពាវនាវ​ឱ្យមាន​ការរៀបចំ​ឡើងវិញ​នូវ​រចនា​សម្ពន្ធ​បំណុល​ជាបន្ទាន់ និង​កំណែទម្រង់​ផ្សេងទៀត ដោយ​និយាយថា ការទូទាត់​សេវា​បំណុល​កំពុង​ធ្វើ​ឱ្យ​ខូច​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ខណៈ​ផលប៉ះពាល់​កាន់តែ​អាក្រក់​ទៅៗ​។​

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​មក​ពី​ក្រុម​ប្រទេស​ងាយ​រងគ្រោះ​ម្ភៃ (V20) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​ប្រទេស V20 ដែល​តំណាងឱ្យ​សមាជិក​ចំនួន ៥៨​ប្រទេស​មាន​​ការទូទាត់​សេវា​បំណុល​យ៉ាងហោចណាស់ ៤៣៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ដែល​ត្រូវ​បង់​ក្នុង​រយៈពេល​បួន​ឆ្នាំ នៅ​គ្រា​ដែល​ការវិនិយោគ​ថ្មី​កំពុង​ត្រូវការ​យ៉ាង​ខ្លាំង​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​គឺ​ឈាន​ដល់​កម្រិត​ហួស​ឆ្ងាយ​ពេក​ទាក់ទង​នឹង​ថ្លៃ​ដើមទុន អតិផរណា ចំណាត់​ថ្នាក់​បំណុល និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ​ផ្សេងទៀត​”​។​

​សេចក្តីថ្លែងការណ៍​ត្រូវ​បាន​ចេញផ្សាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​តែមួយ​ដែល​ធនាគារ​ពិភពលោក​និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានបញ្ចប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ពួកគេ​។​

​បញ្ហា​ហិរញ្ញវត្ថុ​និង​បំណុល​អាកាសធាតុ​នឹង​ក្លាយជា​ចំណុច​សំខាន់​នៅក្នុង​សន្និសីទ​ស្តីពី​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ COP27 នៅ​ប្រទេស​អេ​ហ្ស៊ី​ប​នៅ​ខែក្រោយ​។​ប្រទេស​ក្រីក្រ​ត្រូវការ​ហិរញ្ញវត្ថុ​​ដើម្បី​ចំណាយ​លើ​ការវិនិយោគ​ថាមពល​ស្អាត ដែល​នឹង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផងដែរ​។ ពួកគេ​ក៏​ត្រូវការ​សាច់ប្រាក់​សម្រាប់​គម្រោង​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ផលប៉ះពាល់​អាកាសធាតុ​ផងដែរ ដូចជា​ជញ្ជាំង​សមុទ្រ បំពង់​បង្ហូរទឹក​ល្អប្រសើរ​ជាង​មុន មជ្ឈមណ្ឌល​ដែលមាន​ប្រព័ន្ធ​ត្រជាក់ និង អគារ​ដែល​មាន​អ៊ី​សូ​ឡង់​ទប់​កម្តៅ​ប្រសើរ​ជាង​មុន​។​

​អ្វី​ដែល​សំខាន់​ដែរ​នោះ​គឺ ពួកគេ​ត្រូវការ​ហិរញ្ញប្បទាន​ដើម្បី​សង្គ្រោះ​ពី​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​អាកាសធាតុ ដូចជា​ទឹក​ជំនន់​បំបែក​ឯតទគ្គ​កម្ម​របស់​ប៉ាគី​ស្ថាន​ជាដើម​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ប្រទេស​ដែល​ជំពាក់​បំណុល​ច្រើន​មួយ​នេះ​ត្រូវការ​ជា​បន្ទាន់​នូវ​ទឹកប្រាក់​ចំនួន ១៦ ពាន់​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​ពី​គ្រោះ​មហន្តរាយ​នេះ​។​

​ប្រទេស​អ្នកមាន ដែល​ទទួលខុសត្រូវ​បំផុត​ចំពោះ​ការបំភាយ​ឧស្ម័ន​កាបូនិច​ដែល​ជំរុញ​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​កំពុងស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ផ្តល់​ការ​ផាត់ទាត់​សង​ដល់​​ប្រទេស​ក្រីក្រ​។​

​របាយការណ៍​របស់​បណ្តាញ​អឺរ៉ុប​ស្តី​ពី​បំណុល​និង​ការអភិវឌ្ឍ​បាន​និយាយ​កាលពីដើម​ខែ​នេះ​ថា បញ្ហា​គឺ​ថា​ការ​សងបំណុល​បច្ចុប្បន្ន​មាន​ច្រើន​ហួស​ឆ្ងាយ​ពេក​ពី​ការផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ​។ ឧទាហរណ៍ រដ្ឋ​កោះ​កំពុង​អភិវឌ្ឍ​តូចៗ​នានា ដែល​រង​ផង​ប៉ះពាល់​យ៉ាងខ្លាំង​ពី​ការប្រែប្រួល​អាកាសធាតុ បាន​ចំណាយ​យ៉ាងហោចណាស់ ១៨ ដង​លើ​សេវា​បំណុល​ច្រើន​ជាង​ពួកគេ​ទទួលបាន​ហិរញ្ញវត្ថុ​អាកាសធាតុ​។​

​ក្រុម​ប្រទេស V20​បាន​និយាយថា ការរួម​បញ្ចូល​គ្នា​នៃ​ថ្លៃ​សេវា​បំណុល​ខ្ពស់​និង​ការប្រែប្រួល​អាកាសធាតុ​តំណាង​ឱ្យ​ហានិភ័យ​ជា​ប្រព័ន្ធ​ចំពោះ​សេដ្ឋកិច្ច​ដែល​ងាយ​រងគ្រោះ​ដោយ​អាកាសធាតុ​។​នេះ​អាច​​បង្ក​ឱ្យ​មាន​វដ្ត​ដ៏​កាច​សាហាវ​ដែល​បង្អាក់​ប្រាក់ចំណូល​និង​អត្រា​ប្តូរប្រាក់ ខណៈ​ធ្វើឱ្យ​កើនឡើង​អតិផរណា​និង​ថ្លៃ​ដើមទុន​រួម​ទាំង​ការវិនិយោគ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប៉ះពាល់​នៃ​អាកាសធាតុ​ខ្លួន​​ឯង​ផ្ទាល់​៕

​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​តាម​ទូក​មួយ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​ក្នុង​រដូវ​មូសុង​នៅក្នុង​ភូមិ​អា​រ៉ា​ហ្ស៊ី (Arazi) ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២២