​ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា រួមជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៣៨ រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មាន​៣៨​ប្រភេទ​កីឡា និង​ប្រភេទ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន​៧ ដែលមាន​វិញ្ញាសា​៤០៥ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តសៀមរាប​។​

​ចំពោះ​ពិធី​សម្ភោ​ធន៍​បើក​ការប្រកួត​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលា​ម៉ោង​១៨:០០​នាទី និង​បិទ​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨:០០​នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​បានដាក់​មន្ត្រី​បច្ចេកទេស​ដែល​បាន​បណ្តុះបណ្តាល​រួច​ឲ្យ​ដើម្បី​អនុវត្ត​ការរៀបចំ​ប្រកួត​ជាក់​​ស្តែង​លើ​ទីលាន​ប្រកួត​ទទួលបាន​ចំណេះដឹង​និង​បទពិសោធន៍​កីឡាករ​កីឡាការិនី​បាន​វាស់​​ស្ទង់​គុណ​ផល​កីឡា​និង​ទទួលបាន​បទពិសោធន៍​នៃ​ការប្រកួត​រៀបចំ​ទីលាន​ប្រកួត​ឲ្យ​ស្របតាម​ស្តង់ដារ​តំបន់​រៀបចំ​ពិធី​បើក​និង​បិទ​ឲ្យ​ស្របតាម​ស្តង់ដារ​ហ្គេម​ជាការ​សាកល្បង​ចុងក្រោយ​សម្រាប់​ត្រៀមលក្ខណៈ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា​ការប្រកួត​កីឡា​ជាតិ​ធ្វើឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង ។ ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ធ្វើ​នៅ​ឆ្នាំ​២០១៦ ដែល​កាលនោះ​កីឡា​ចំនួន​១៤​ប្រភេទ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត ។ ការប្រកួត​លើក​ទី​២ ធ្វើ​​នៅ​ឆ្នាំ​២០១៨ ដោយ​ដាក់​កីឡា​ចំនួន​២៧​ប្រភេទ​ឲ្យ​ប្រកួត​។​

ដោយឡែក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ គ្រោង​នឹងធ្វើ​នៅ​ឆ្នាំ​២០២០ តែដោយសារ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​១៩​នោះ ទើប​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ត្រូវបាន​អូសបន្លាយ​ម​ក​ដល់​ឆ្នាំ​២០២២នេះ​៕​