​ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់ Davis Cup សម្រាប់​ក្រុម​៤ ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​បា​រ៉ែ​ន ដោយ​ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ប្រទេស​ប៊ូ​តាន​៣​សិត​ទល់​០​នោះ កាលពី​ល្ងាច​ថ្ងៃទី​១៨ តុលា កម្ពុជា​បាន​យកឈ្នះ​ក្រុម​ម៉ុង​ហ្គោ​លី ៣​សិត​ទល់​០​បន្តទៀត ។​

​ដោយ​ស្ថិតក្នុង​ពូ​ល A ក្រុម​កម្ពុជា ដែល​ធ្វើបាន​យ៉ាង​ល្អ បន្ទាប់ពី​ប្រកួត​បើកឆាក​ពូកគេ ក៏បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប៊ូ​តាន​ក្នុង​លទ្ធផល​៣​ទល់​០​ផងដែរ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ។​

​សម្រាប់​លទ្ធផល​ការប្រកួត​ខាងលើ វិញ្ញាសា​ប្រកួត​ឯកត្តជន ឡុង សំនៀង បាន​យកឈ្នះ​កីឡាករ​ម៉ុង​ហ្គោ​លី Undrakh Purevdorj ដោយ​លទ្ធផល ៦​ទល់​៣ និង ៦​ទល់​៣ គ្រា​ដែល​មិត្ត​រួម​ជាតិ​កីឡាករ ប៊ុន កេ​ន្នី បាន​យកឈ្នះ​កីឡាករ Gundurd Batjargal ដោយ​លទ្ធផល ៦​ទល់​០ និង ៦​ទល់​០ ។​

​ចំពោះ​វិញ្ញាសា​វាយ​គូ​វិញ​កម្ពុជា​បាន​ប្រើប្រាស់​សុទ្ធសឹង​ជា​កីឡាករ​វ័យក្មេង​រួមមាន​កីឡាករ ឃ្លាំង ពន្លក ចាប់​ដៃគូ​ជាមួយ​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក Mathew Krusling ហើយ​ពួកគេ​ក៏​ធ្វើ​បានល្អ​ផងដែរ ដោយបាន​យកឈ្នះ​ក្រុម​ម៉ុង​ហ្គោ​លី គឺ​កីឡាករ Batbayar និង Batjargbatjargal ដោយ​លទ្ធផល ៧​ទល់​៥ និង ៦​ទល់​៤ ។​

​ការ​ឈ្នះ ២​ប្រកួត​ជាប់ៗ​គ្នា​នេះ បានធ្វើ​ឲ្យ​ក្រុមកីឡា​វា​កូន​បាល់​ជម្រើសជាតិ​កម្ពុជា រក្សា​តំណែង​កំពូល​តារាង​សម្រាប់​ពូ​ល A ជា​បណ្ដោះអាសន្ន​មុន​ឈានដល់​ការប្រកួត​បញ្ច​ប់ពូ​ល A នា​ថ្ងៃទី​២០ ខែតុលា​ខាងមុខ ជាមួយ​ក្រុម​ជម្រើសជាតិ​ទួ​កមេ​នី​ស្ថាន ។​

​ព្រឹត្តិការណ៍ Davis Cup ក្រុម​៤ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី ដែល​កម្ពុជា​ចូលរួម​នេះ គឺមាន​ប្រទេស​ចូលរួម​សរុប ៩​ប្រទេស និង​ចែកចេញជា ២​ពូ​ល ដោយ​ពូ​ល A មាន ៤​ក្រុម​គឺ​កម្ពុជា ទួ​កមេ​នី​ស្ថាន ម៉ុង​ហ្គោ​លី និង​ប៊ូ​តាន ឯ​ពូ​ល B មាន ៥​ក្រុម គឺ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន កោះ​ហ្គាំ ឡាវ គុយ​វ៉ែត និង​សិង្ហ​បុរី ។​

​ការ​ចេញទៅ​ប្រកួត​នេះ ក្រុម​កម្ពុជា​ដឹកនាំ​ដោយ​លោក ទេព រិទ្ធី​វិ​ទ្ធ ដែលជា​អគ្គលេខា​ធិ​ការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ៕​