ដោយៈ ប.ខុន / ភ្នំពេញៈ អាងទឹកទាំងអស់ ដែលមានទឹកពេញ នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានបិទទ្វារហើយ បន្ទាប់ពីភ្លៀងរដូវវស្សា លែងមានធ្លាក់ នៅលើខេត្តនេះ ជាងមួយ សប្តាហ៍ រួចមកហើយ គេគិតថា បើលែងមានភ្លៀងសោះ ចាប់ពីពេលនេះទៅ នឹងធ្វើឱ្យខូច ដំណាំស្រូវវស្សា ប្រមាណ ១០ ភាគរយ និងប៉ះពាល់ប្រមាណជា ១០ ភាគរយ ដោយសារគ្មានប្រឡាយនាំទឹកទៅដល់ ព្រមពេលជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាកសិករ ឱ្យយកចិត្តទុកដាក់ ថែរក្សាទឹកទុក ក្នុងស្រែ ឱ្យបានគត់មុត។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថាៈ គ្រប់អាងទឹកដែលមាននៅក្នុង ខេត្តកំពង់ស្ពឺ ពេលនេះ បានបិទទ្វារអស់ហើយ ដោយមានទឹកពេញអស់ ដើម្បីរក្សាទុក​សម្រាប់ស្រោចស្រពដំណាំស្រូវ ឆ្នាំ២០២២-២០២៣ និងទឹកសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំង ខាងមុខ។

ប្រធានមន្ទីរធនធានទឹក ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ អាងទឹកទាំងតូចនិងធំ សរុបមានចំនួន ៣៧៥ អាង តែអាងដែលបានធ្វើបច្ចុប្បន្នភាពរួច មានចំនួន ១៦៤ ។ គ្រប់អាងមានទឹកពេញ តែប្រសិនបើលែងមានភ្លៀងធ្លាក់ ចាប់តាំងពីពេលនេះ ទៅនោះ  ដំណាំស្រូវវស្សា ប្រមាណជា ១០ ភាគរយ ត្រូវខូច និង ១០ ភាគរយទៀត រងការប៉ះពាល់ ពីការខ្វះទឹក ដោយសារគ្មានប្រព័ន្ធបញ្ជូនទៅដល់ ហើយបើសិនជាភ្លៀង នៅមានធ្លាក់ ដល់ទៅអំឡុងថ្ងៃជាង ១០ នៃខែវិច្ឆិកា ក៏មិនអាចជួយបានដែរ ផ្ទុយទៅវិញ ធ្វើឱ្យលំបាក ដល់ការងារប្រមូលផលទៅវិញទេ។

លោក ញ៉ាញ់ ជាបហ៊ង បាននិយាយឱ្យដឹងទៀតថាៈ ការងារបង្កបង្កើនផលស្រូវវស្សា ឆ្នាំ២០២២ គិតត្រឹមថ្ងៃទី១៥ ខែតុលា អនុវត្តបាន ១២០.៦៦៥ ហិកតា ស្មើនឹងប្រមាណ ១០១,៥២ ភាគរយ នៃផែនការ ១១៨.៨៥៨ ហិកតា មិនទាន់ដល់ពេលច្រូតកាត់ នៅឡើយទេ និងភ្លៀងលែងមានធ្លាក់សោះ ប្រហែលមួយសប្តាហ៍មកហើយ។

លោក​វ៉ី  សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានអញ្ជើញចុះពិនិត្យការងារស្តារសម្អាត រុក្ខវារី លើប្រឡាយមេរលាំងជ្រៃ ខាងត្បូង និងពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា នៅឃុំកាហែង ស្រុកសំរោងទង កាលពីថ្ងៃទី១៨ ខែតុលា បានអំពាវនាវដល់ប្រជាកសិករថា បើទោះបីជាដើមទន្ទ្រានខេត្ត មិនទាន់ចេញផ្កា ក៏ពិតមែន ប៉ុន្តែសូមពុកម៉ែ មាមីង បងប្អូន ប្រជាកសិករទាំងអស់ យកចិត្តទុកដាក់ថែរក្សាទឹកទុកនៅក្នុងស្រែ ឲ្យបានគត់មុត។ ពីព្រោះ រយៈពេលមួយសប្តាហ៍មកហើយ នៅខេត្តកំពង់ស្ពឺយើង មិនទាន់មានភ្លៀងធ្លាក់ទេ ចំណែកខ្យល់ ចាប់ផ្ដើមប្ដូរទិសដែរ។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន ប្រជាកសិករ យកចិត្តទុកដាក់ទៅលើភ្លឺស្រែ ដែលអាចលេចធ្លាយ ជាយថាហេតុ តាមរយៈការកាយរូង របស់សត្វក្តាម៕/V-PC