​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បាន​ដោះដូរ​ឈ្លើយសឹ​កជាង ១០០ នាក់​ជាមួយ​រុស្ស៊ី ក្នុង​អ្វីដែល​ខ្លួន​និយាយថា​ជា​ការដោះដូរ​ស្ត្រី​សុទ្ធ​ជា​លើកដំបូង ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​។​

​នាយអគ្គសេនាធិកា​ររ​បស់​ប្រធានាធិបតី​អ៊ុ​យក្រែន លោក អង់ឌ្រី យើ​ម៉ាក (Andriy Yermak) បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ថា​”​ការដោះដូរ​ឈ្លើយសឹក​ទ្រង់ទ្រាយ​ធំ​មួយទៀត​ត្រូវ​បាន​ធ្វើ​​ឡើង​…​យើង​បាន​ដោះលែង​ស្ត្រី ១០៨ នាក់​ពី​ការ​ឃុំឃាំង​។ វា​គឺជា​ការដោះដូរ​មនុស្ស​ស្រី​ដំបូង​គេ​បង្អស់​”​។​

​លោក​យើ​ម៉ាក​បាន​និយាយថា ជនជាតិ​អ៊ុយ​ក្រែន​មួយចំនួន​ដែល​ត្រូវបាន​ដោះ​ដូរ គឺ ជា​ម្តាយ​និង​កូនស្រី​ដែល​ត្រូវបាន​ឃុំ​ខ្លួន​ជាមួយ​គ្នា​។​

​លោក​បាន​បន្ថែមថា ស្ត្រី ៣៧ នាក់​បាន​សារភាព​ចុះចាញ់​និង​ប្រគល់​ខ្លួន​អោយ​រុស្ស៊ី​នៅ​រោងចក្រ​ដែក​អា​ហ្សូ​វស្តា​ល់ (Azovstal) នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល (Mariupol) ។​

​រូបភាព ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ក្រុង​គៀវ បានបង្ហាញ​ស្ត្រី​រាប់សិប​នាក់​ចុះ​ពី​ឡានក្រុង​ពណ៌​ស​។​

​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា “​ឈ្លើយសឹក​ដោះដូរ​៩៦​នាក់​គឺជា​ស្ត្រី​បម្រើ​យោធា រួមទាំង​អ្នក​ជម្លៀស ៣៧ នាក់​ពី​រោងចក្រ​អា​ហ្សូ​វស្តា​ល់ និង ១២ នាក់​ជា​ជន​ស៊ីវិល​”​។​

​លោក​បាន​បន្ថែមថា “​ការ​ដែល​យើង​មាន​ឈ្លើយសឹក​រុស្សី​កាន់តែច្រើន នោះ​យើង​នឹង​កាន់តែ​អាច​ដោះលែង​វីរបុរស​របស់​យើង​បាន​ឆាប់​”​។​

​លោក ដេ​នីស ភូ​ស៊ី​លីន (Denis Pushilin) ប្រធាន​តំបន់​បំបែក​ខ្លួន​ចេញពី​ខេត្ត​ដូណិត​ស​ខ៍ បាន​និយាយថា មនុស្ស ១១០​នាក់​បាន​យល់ព្រម​ក្នុង​ការដោះដូរ​នេះ​ដោយមាន​ពីរ​នាក់​បាន​សម្រេច​​ចិត្ត​បន្ត​ស្នាក់​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូបា​ននិយាយថា មនុស្ស ៧២ នាក់​ដែល​ត្រឡប់មក​ពី​អ៊ុយ​ក្រែន​គឺជា​សមាជិក​នាវិកនៃ​នាវា​ស៊ីវិល ដែល​គេ​ចាប់​បាន​ចាប់តាំងពី​ខែ​កុម្ភៈ​។​

​គេ​និយាយថា អ្នក​ទាំងអស់ ដែល​បាន​ត្រឡប់​ទៅ​វិញ នឹង​ត្រូវ​ហោះ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ ហើយ​ទទួល​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​និង​ផ្លូវចិត្ត​៕

​ស្ត្រី​ឈ្លើយសឹក​អ៊ុយ​ក្រែន​បាន​វិល​មក​ស្រុក​កំណើត​វិញ ក្នុង​ការដោះដូរ​អ្នកទោស​ជាមួយ​រុស្ស៊ី​