ដោយៈសុផល / ភ្មំពេញ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់ សមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះ​អតិថិជន​ដែលរងផលប៉ះពាល់ជាក់ស្តែង ដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ការផ្តល់ជូននេះ នឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា លេខ ធ៧ ០២២.៨១៨ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់ សមាគមទាំងពីរ នឹងផ្តល់កិច្ចសហការល្អ ក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះ តាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌ ដែលបានកំណត់ដោយ ធនាគារជាតិនៃកម្ពុជា។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែង ការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជន ប្រកបដោយការយោគ​យល់និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែង របស់អតិថិជនុ៕/V-PC