ដោយៈ ជា សីហៈ/ភ្នំពេញៈ ដើម្បីអភិរក្សនិងការពារវប្បធម៌ក៏ដូចជាអភិវឌ្ឈន៍វិស័យវប្បធម៌ឲ្យចំគោលដៅ លោក ស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថា ក្រសួងរីករាយសម្រាប់ការចូលរួមកិច្ចសហការពីដៃគូឯកជនក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ។

លោកស្រី បានមានប្រសាសន៍បែបនេះ នាឱកាសលោកស្រីបានទទួលជួបសម្តែងការគួរសមលោក ចូណាថាន់ ចរ ( JONATHAN K.S.CHOI ) អគ្គនាយកក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) កាលពីថ្ងៃទី ១៧ ខែ តុលា ហើយបានលើកឡើងថា ក្រសួងស្វាគមន៍ចំពោះគំនិតផ្ដួចផ្តើមឱ្យមានកិច្ចសហការរួមគ្នា ដើម្បីក្នុងការលើកកម្ពស់ការការអភិវឌ្ឍ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ។
ក្នុងកិច្ចពិគ្រោះយោបល់ បានលើកឡើងនូវគោលគំនិតផ្ដួចផ្តើមឱ្យមានកិច្ចសហការនេះ តាមរយៈការរៀបចំការសម្ដែងសិល្បៈ ការបញ្ចាំងភាពយន្ត និងការតាំងបង្ហាញផលិតផលសិប្បកម្មខ្មែរឱ្យបានកាន់តែទូលំទូលាយ ក្នុងគោលបំណងលើកស្ទួយមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងជាពិសេសដើម្បីទាក់ទាញទេសចរណ៍ និងវិនិយោគិនបរទេសមកកម្ពុជា ។

នៅក្នុងជំនួបនេះ លោកស្រី រដ្ឋមន្ត្រី និង ភ្ញៀវ បានសម្ដែងនូវភាពរីករាយចំពោះគម្រោងកិច្ចសហការរួមគ្នា ហើយនឹងបន្តធ្វើការពិភាក្សាទៀតលើការងារនេះ ដើម្បីរៀបចំឱ្យមានផែនការលម្អិតជាក់លាក់ ជាពិសេសលើការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពធនធានមនុស្សកម្ពុជានៅក្នុងផ្នែកឧស្សាហកម្មភាពយន្ត, ការទាក់ទាញក្រុមហ៊ុនបរទេសមកថតភាពយន្តនៅកម្ពុជា, និងការស្វែងរកទីផ្សារឌីជីថល(E-Commerce Platform) សម្រាប់ផលិតផលសិប្បកម្មខ្មែរ៕/PC