ដោយៈ ភ្នំសន្ួុក / កំពង់ធំ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលខេត្តកំពង់ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជំងឺអុតក្តាម និងជំងឺដុំពកស្បែក លើសត្វគោ ក្របី ជូនប្រជាពលរដ្ឋ នៅក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថាៈ នៅទូទាំងខេត្តកំពង់ធំ មានសត្វគោ ក្របី សរុបជាង ២១ ម៉ឺនក្បាល ដោយឡែក នៅក្នុងថ្ងៃនេះ យើងនឹងចាក់វ៉ាក់សាំងសត្វគោ ក្របី ជូនប្រជាពលរដ្ឋ នៅក្នុងភូមិ សង្កាត់ ខាងលើនេះ ចំនួន ៥០០ ក្បាល ហើយមន្ត្រីជំនាញ នៅតែបន្តចាក់ ជូនម្ចាស់សត្វពាហនៈទាំងអស់នោះ ទាល់តែអស់ ។

នៅក្នុងឱកាសនោះ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវ ដល់ ប្រជាកសិករ យើងទាំងអស់ ត្រូវនាំយកសត្វគោ សត្វក្របី មកចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការនេះ ឲ្យបានទាន់ពេលវេលា និងត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺ សត្វគោ ក្របី តាមការណែនាំរបស់មន្ត្រីជំនាញ បើមានសត្វគោ ក្របីងាប់ សូមកុំបរិភោគសាច់សត្វ ឈឺ ឱ្យសោះ ដែលអាចនាំឱ្យឆ្លងរាលដាលជំងឺផ្សេងៗទៀត ដល់មនុស្ស និងសត្វ នៅក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថាៈ ជំងឺអុតក្តាម ជំងឺដុំពកស្បែកគោ ក្របី បង្កដោយវីរុស ដែលមានលេចចេញរោគសញ្ញា ជាដុំពកតូចៗ ឬ ធំ នៅស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្តៅខ្លួន អាចឡើងដល់ ៤១ អង្សារសេ។ ដុំពកនេះ អាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោល អាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើម អាចរលូតកូន។ ជំងឺនេះ អាចបណ្តាលឲ្យសត្វងាប់បាន។ មេរោគជំងឺនេះ អាចឆ្លងតាមរយៈការប៉ះផ្ទាល់ តាមរយៈ រុយ មូស ដង្កែ តាបោម ការដឹកជញ្ជូន ចំណីសត្វ ទឹមមេជីវិត និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគជំងឺនេះ អាចរស់នៅក្នុងក្រមរស្បែកស្ងួត រហូតដល់ ៣ ខែឯណោះ។

លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ថាៈ អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ ប្រជាកសិករ ចូលរួមជាមួយមន្ត្រីជំនាញ ដូចជាៈ
១-សូមលោកមេឃុំ មេភូមិ បន្តស្រាវជ្រាវឲ្យអស់នូវ គ្រួសារដែលមានសត្វឈឺ និងជួយផ្សព្វផ្សាយ កុំឲ្យមានការចល័តគោ ក្របី ចេញក្រៅភូមិ ដើម្បីឲ្យស៊ីចំណី ឬលក់គោដែលមានក្នុងភូមិសាស្ត្រសត្វឈឺនេះឲ្យសោះ ។
២-សូមបងប្អូនប្រជាកសិករ ចូលរួមតាមការគិតគូរ និងស្នើសុំរបស់ថ្នាក់ដឹកនាំ សហការ ជាមួយមន្ត្រីជំនាញ ពិនិត្យព្យាបាលដោយមិនយកកម្រៃអ្វីទាំងអស់ ។
៣-ក្រៅពីជំងឺនេះ សូមបងប្អូន ចូលរួមចាក់វ៉ាក់សាំង ការពារជំងឺអុតក្តាម និងសារទឹក ឲ្យបានគ្រប់សត្វទាំងអស់ ។
៤-សូមបងប្អូន ប្រើប្រាស់ថ្នាំទម្លាក់ព្រូន ឬ សត្វល្អិត លើសត្វគោ ក្របី ឲ្យបានទៀងទាត់ ដើម្បីឲ្យគោ ក្របី ធំធាត់បានលឿន។
៥-សូមលាងសម្អាតគោ ឲ្យបានរៀងរាល់ថ្ងៃ ជាមួយនឹងទឹកសាប៊ូ ឬ ទឹកស្អាត ដើម្បីជម្រះ មេរោគផងនិងធ្វើឲ្យគោត្រជាក់ខ្លួនផង និងជួយជំរុញដល់ការធំធាត់លឿនផងដែរ។ និង
៦-សូមរាយការណ៍ជូនលោកមេភូមិ មេឃុំ ភ្នាក់ងារសុខភាពសត្វភូមិ ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញថា សត្វគោ ក្របី មានអាការៈជំងឺមិនប្រក្រតីកើតឡើង។

នៅក្នុងពិធីនេះដែរ មន្ត្រីជំនាញ ក៏បានចែកថ្នាំព្យាបាល និងសម្ភារៈសម្រាប់ប្រើប្រាស់ ព្យាបាលសត្វគោ ក្របី ដល់មន្ត្រីពេទ្យសត្វស្រុក ពេទ្យសត្វឃុំ និងពេទ្យសត្វភូមិ រួមទាំងបានបង្ហាត់បង្រៀន ដល់គ្រូបង្គោល តាមភូមិផងដែរ៕/V-PC