ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងក្រសួង បានជួបពិភាក្សាការងារ ជាមួយ លោក ចាង ជៀនហ្វេង (Jiangfeng Zhang) នាយកផ្នែកកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី និងសហការី។

គោលបំណងនៃកិច្ចពិភក្សានេះគឺដើម្បីវាយតម្លៃពីលទ្ធផលគម្រោងដែលបាន និងកំពុងអនុវត្ត គម្រោងដែលបានរៀបចំនិងរង់ចាំទទួលការអនុម័ត ព្រមទាំងយុទ្ធសាស្រ្តនៃការគិតគូរពីគម្រោងថ្មីៗបន្ថែមទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងអនុវត្តគម្រោងក្រោមជំនួយឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន៤ រួមមាន:
១. គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្មាតតូច ជំហាន២ នៅតំបន់ទន្លេសាប
២. គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
៣. គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម
៤.កម្មវិធីអភិវឌ្ឍន៍កសិពាណិជ្ជូបនីយកម្មស្រូវដែលមានភាពស៊ាំទៅនឹងអាកាសធាតុ។

ទន្ទឹមនឹងនេះ គម្រោង២ទៀតដែលធនាគារអភិវឌ្ឍន៍អាស៊ីបានសហការជួយរៀបចំ និងគាំទ្រ ហើយគ្រោងនឹងអនុម័តក្នុងពេលដ៏ខ្លីខាងមុខនេះរួមមាន: គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តភាព និង គម្រោងមហាអនុតំបន់មេគង្គស្តីពីសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជម្រុញខ្សែច្រវាក់ផលិតកម្មតម្លៃ។

លើសពីនេះ កិច្ចពិភាក្សាក៏បានពិនិត្យមើលនូវគម្រោងថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងការជំរុញកសិពាណិជ្ជូបនីយកម្ម និងពិពិធកម្មក្នុងអនុវិស័យដំណាំ និងការអភិវឌ្ឍអនុវិស័យជលផល ដែលពាក់ព័ន្ធជាសំខាន់ក្នុងប្រព័ន្ធស្បៀងអាហារ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សវិស័យកសិកម្ម ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម៕