ដោយៈ ជា សីហៈ/ភ្នំពេញៈ អាជ្ញាធរមីនកម្ពុជា បានអះអាងថា ការងារបោសសម្អាតមីននៅចំនួន៥ ដែលរួមមាន ខេត្តតាកែវ កំពង់ឆ្នាំង កំពង់ចាម កំពត និងស្វាយរៀង ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន សម្រេចបានជាង ៣១ ភាគរយ។

ប្រភពដដែលបានអះអាងថា ត្រឹមរយៈពេល ០២ ខែ ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២២ ការងារបោសសម្អាតមីនក្នុងខេត្តទាំង៥ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបាន ៣១,១៨ ភាគរយ ស្មើនឹងទំហំផ្ទៃដីសរុបចំនួន ៨.៧០៣.០៨២ ម៉ែត្រក្រឡា នៃផែនការផ្ទៃដីសរុបចំនួន ២៧.៩១៣.២៥៦ ម៉ែត្រក្រឡា ដោយបានរកឃើញ និងកំទេចចោលនូវគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦៣៨ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៦០៣ គ្រាប់ ។

បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ធ្វើការបោសសម្អាតមីននៅខេត្តចំនួន ០៥ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងត្រៀមប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោ ដែលក្នុងនោះអង្គភាពស៊ីម៉ាក់ បានដាក់ពង្រាយកម្លាំងសរុបចំនួន ៣៧ ក្រុម មានអ្នកជំនាញការឯកទេសកំចាត់មីនចំនួនជាង ៣៦០ នាក់ រួមទាំងសម្ភារគាំទ្រប្រតិបត្តិការ និងគ្រឿងចក្របោសសម្អាតមីន ផងដែរ។

ក្នុងទំហំផ្ទៃដី ៨.៧០៣.០៨២ ម៉ែត្រក្រឡា ដែលបានបោសសម្អាតរួច អង្គភាពស៊ីម៉ាក់ បានប្រតិបត្តិការរំដោះផ្ទៃដីមានមីនដែលបានដឹង ក្នុងខេត្តតាកែវ ចំនួន ២.៥១៥.២៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៩,៣៥ %, ខេត្តកំពង់ឆ្នាំង ចំនួន ៤៩៤.៥០០ ម៉ែត្រក្រឡា ស្មើនឹង ៧៩,០៥ %, ខេត្តកំពង់ចាម ចំនួន ៤៨០,៥២៩ ម៉ែត្រក្រឡា ស្មើនឹង ៣៩,៨៩ %, ខេត្តកំពត ចំនួន ១.៩៩២.១៥៧ ម៉ែត្រក្រឡា ស្មើនឹង ២០,៤១ % និងខេត្តស្វាយរៀង បាន ៣.២២០.៦២៧ ម៉ែត្រក្រឡា ស្មើនឹង ២៥,៣៦ %។

ការងារបោសសម្អាតមីន គ្រោងនឹងសម្រេចមុនផែនការកំណត់ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ នឹងក្លាយជាខេត្តអស់មីននៅចុងខែតុលានេះ ខេត្តកំពង់ចាម អាចអស់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២ (ដោយ ហើយដោយឡែកខេត្តកំពត និងខេត្តស្វាយរៀង អាចបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៣៕/PC