ដោយៈ ប.ខុន / ភ្នំពេញៈ ភ្លៀងរដូវវស្សា ចាប់ផ្តើមធ្លាក់រាយប៉ាយជាថ្មី ចាប់ពីល្ងាចថ្ងៃទី១៩ ខែតុលា នេះ ដោយរុញមកពីភាគអគ្នេយ៍ ដោយសារឥទ្ធិពលសម្ពាធទាប នៅលើដីសណ្ត មេគង្គ ហើយអាចរុញមកដល់រាជធានីភ្នំពេញ នៅល្ងាចនេះ និងមានបរិមាណធ្លាក់ កើនឡើង ដល់កម្រិតពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី២០ ខែតុលា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថាៈ សម្ពាធទាបមួយ នៅលើដីសណ្តមេគង្គ នឹងត្រូវបានស្រូបដោយសម្ពាធទាបមួយទៀត នៅក្នុងមហាសមុទ្រ ឥណ្ឌា ដែលធ្វើឱ្យមានភ្លៀង ចាប់ផ្តើមធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី១៩ នេះទៅ  នៅលើបណ្តាខេត្តអគ្នេយ៍ ដូចជា ព្រៃវែង ស្វាយរៀង និងអាចរុញមកដល់រាចធានីភ្នំពេញ បន្ទាប់ពីមានភ្លៀងរលឹមរាល់ថ្ងៃ នៅខេត្តជាប់មាត់សមុទ្រ រួចមក។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងថាៈ ខ្យល់មូសុងឦសាន នៅក្នុងសប្តាហ៍នេះ បានចុះខ្សោយទៅវិញ ដោយសារឥទ្ធិពលព្យុះទី២០ ដែលកំពុងមាន សមកម្មភាព នៅខាងត្បូងកោះហៃណាំ បានរុញកាត់ ស្របពេលព្យុះទី២១ នៅក្នុងសមុទ្រ ប៉ាស៊ីហ្វិក ខាងកើតប្រទេសជប៉ុន បានដើរទៅរកភាគឦសាន និងនៅចុងសប្តាហ៍នេះ អាចនឹងមានសម្ពាធទាបមួយទៀត ដើរចូលមកក្នុងសមុទ្រចិនខាងត្បូង ទៅរកឆ្នេរដាណាង ប្រទេសវៀតណាម ធ្វើឱ្យខ្យល់មូសុងឦសាន កាន់តែចុះខ្សោយ ដែលជាហេតុនាំឱ្យមាន ភ្លៀងធ្លាក់រាយប៉ាយ បន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ ខែតុលា។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញ សេចក្តីជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែ តុលាថាៈ នៅអំឡុងពីថ្ងៃទី១៩ ដល់ ២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួល ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ (NESAT) ដែលបានកើតមានឡើង នៅភាគខាងជើងប្រទេសហ្វីលីពីន និងថមថយឥទ្ធិពល នៅពេលធ្វើដំណើរចូលដល់ប៉ែកខាងក្រោម នៃភាគខាងជើង ប្រទេសវៀតណាម នៅថ្ងៃទី២១ ខែតុលា និងចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែតុលា ភាគខាងត្បូងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលជ្រលងសម្ពាធទាប ពីសមុទ្រចិនខាងត្បូង បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់ ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ​ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ ។ នៅអំឡុងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា អាចមានភ្លៀងតិចតួច តែបន្ទាប់ពីនោះ បណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើង ជាប់ប្រទេសវៀតណាម មានភ្លៀងធ្លាក់ ក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បណ្តាខេត្តដទៃទៀត អាចមានភ្លៀងតិចតួច ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២០ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ២៩ ទៅ​ ៣១ អង្សាសេ ។ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែតុល​អាចមានភ្លៀងធ្លាក់តិចតួច តែបន្ទាប់ពីនោះ នឹងអាចមានភ្លៀង ក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំពោះតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕/V-PC