ដោយ: សុខុម / ស្ទឹងត្រែងៈ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង បានដាក់គ្រឿងចក្រជួសជុល កែសម្រួលផ្លូវជាតិលេខ៧ ដែលទទួលរងខូចយ៉ាងខ្លាំង ចាប់ពីគល់ស្ពានសេកុង ទៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល កម្ពុជា – ឡាវ ជាង ៦០ គីឡូម៉ែត្រ ឡើងវិញ។

លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយរស្មីកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះថាៈ ជាបណ្ដោះអាសន្ន ខាងមន្ទីរបានកែសម្រួលឲ្យមានលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ តាមផ្លូវជាតិលេខ ៧ ស្ទឹងត្រែង កម្ពុជា ឡាវ ។ ពីមុន កំណាត់ផ្លូវមួយខ្សែនេះ គឺជាផ្លូវចាក់ កៅស៊ូ តភ្ជាប់ពីខេត្តក្រចេះ មកព្រំដែនកម្ពុជា ឡាវ គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនចិន។ ប៉ុន្តែពេលប្រើប្រាស់យូរទៅ ក៏រងការខូច។ ជាបណ្ដោះអាសន្ន មន្ទីរបានជួសជុលឡើងវិញ។ ជាបន្តទៀត គឺមានតែរង់ចាំក្រសួង មានលទ្ធភាពកែសម្រួលជាថ្មីប៉ុណ្ណោះ៕/V-PC