ដោយ៖ បញ្ញាសាស្រ្ត / ភ្នំពេញ៖ កម្មវិធីកំពូលសម្រស់ “Miss and Mister Freshy 2022” បានរៀបចំពិធីបង្ហាញបេក្ខជន ផ្លូវការ ២៤ នាក់ ចុងក្រោយ មុននឹងកម្មវិធីនេះ ប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាចុងខែតុលា ឆ្នាំ២០២២ ខាងមុខមេះ។ បេក្ខជន ដែលឈ្នះក្នុងកម្មវិធីកំពូលសម្រស់មួយនេះ នឹងទទួលបានរង្វាន់ជាច្រើន រួមទាំងឱកាស ចេញទៅប្រកួត នៅក្រៅប្រទេស ថែមទៀត។

នៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញបេក្ខជនផ្លូវការ នៃការប្រកួត Miss & Mister Freshy 2022 កាលពីល្ងាចថ្ងៃទី ១៨ ខែតុលា នៅផ្សារទំនើបអូឡាំព្យា លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM បានលើកឡើងថាៈ បេក្ខជនទាំង ២៤ នាក់នេះ សុទ្ធតែមានក្តីប្រាថ្នាតែមួយដូចគ្នា គឺចង់គ្រងមកុដ ក្នុងកម្មវិធី Miss & Mister Freshy 2022 និងតំណាងឱ្យកម្ពុជា នៅលើឆាកអន្តរជាតិបន្តទៀត។

នេះជាកម្មវិធីថ្មីស្រឡាងមួយ ដែលរៀបចំឡើងយ៉ាងល្អល្អះ ល្អិតល្អន់ ដោយរំលឹកឡើងវិញ នូវកេរ្តិ៍តំណែលពីដូនតាដ៏ល្អផូរផង់ ប្រកបដោយគុណតម្លៃ រំលេចនូវការប្រកួតឈុត ប្រពៃណីជាតិ ៥ សម័យកាលផ្សេងៗគ្នា សម្រាប់បេក្ខជន ចំនួន ២៥ គូ ដែលបានជម្នះ ការលំបាក និងមានការប្តេជ្ញាចិត្តដ៏រឹងមាំ ក្នុងកម្មវិធីប្រកួត មុននឹងយើងធ្វើការជ្រើសរើស បាននូវបេក្ខជនកំពូល ១២ គូ ចុងក្រោយនាពេលនេះ។

លោកសង្ឃឹមយ៉ាងមុះមុតថាៈ យើងនឹងអាចរកឃើញនូវជ័យលាភី ដែលជាបវរកញ្ញា និងបុរសឯក អំពីវប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់វិស័យអេកូទេសចរណ៍ និងបន្ត Advocacy នៅក្នុងការងារជួយសង្គម។

សូមជម្រាបថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss & Mister Freshy 2022 នឹងប្រារព្ធឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅស្ថានីយ៍ទូរទស្សន៍ ទំនើប ភីអិនអិន។ ១គូ ក្នុងចំណោមបេក្ខជនផ្លូវការ ទាំង ១២ គូ នឹងក្លាយជាម្ចាស់ជ័យលាភី កម្មវិធីកំពូលសម្រស់ Miss &Mister Freshy 2022។

ជ័យលាភី ប្រុសម្នាក់ ស្រីម្នាក់ នឹងទទួលបានប្រាក់រង្វាន់ តាមចំនួនដែលក្រុមហ៊ុនរៀបចំ មកុដ និងពានរង្វាន់ ឱកាសក្លាយជា Brand Ambassador ទឹកផ្លែឈើ Freshy ពេញមួយឆ្នាំ រួមទាំងឱកាសតំណាងឱ្យ ព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី នៅអន្តរជាតិ និងក្លាយជាតារាកុងត្រា ជាមួយក្រុមហ៊ុន CIM រយៈពេល ២ ឆ្នាំពេញ។ ក្រៅអំពីនោះ ក៏នឹងមានការប្រគល់ជូនពានរង្វាន់ផ្សេងៗទៀត ទៅតាមលំដាប់លំដោយ នៃការប្រកួតផងដែរ៕/V-PC