ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសកំបាំងមុខទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់ ឱ្យជាប់នៅក្នុងពន្ធនាគារកំណត់អស់មួយជីវិត និង ហាមឃាត់មិនឱ្យធ្វើនយោបាយ អស់មួយជីវិត ក្នុងសំណុំរឿងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិ ដើមភាគតិចម៉ុងតាញ៉ាដោយសន្យាកាត់ដីខ្មែរចំនួនបួនខេត្តឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាមនិងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើ គណបក្សសង្គ្រោះជាតិនឹងបានឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ ២០១៣។។ខេត្តទាំង​បួននេះ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។

តុលាការកាត់ទោស សម រង្ស៊ី ឱ្យជាប់គុកអស់មួយជីវិត ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងកាត់ខេត្តខ្មែរ
ចំនួនបួនឱ្យទៅក្រុមម៉ុងតាញ៉ា(រូបថតឯកសារ)

ការប្រកាសសាលក្រមផ្តន្ទាទោសនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២២។ប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះនៃសាលាដំបូងរាជ ធានីភ្នំពេញ លោកចៅក្រម ស៊ីន សុវណ្ណរ័ត្ន បានបញ្ជាក់ថានៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌ នេះជនជាប់ចោទឈ្មោះសមរង្ស៊ីជាប់ចោទពីបទ:«ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។

បើតាមលោកចៅក្រម ស៊ីន សុវណ្ណរ័ត្ន គឺចំពោះអង្គហេតុដែលបណ្តាលឱ្យមានការចោទប្រកាន់ជនជាប់ចោទឈ្មោះ សម រង្ស៊ី គឺជាប់ទាក់ទងទៅនឹងឈ្មោះ សមរង្ស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយលោក កុក សរ ជាមេដឹកនាំ ជនជាតិភាគតិច ម៉ុងតាញ៉ា កាលពីថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០១៣ នៅសហរដ្ឋអាម៉េរិក បានព្រមព្រៀងកាត់ដីខ្មែ ចំនួនបួនខេត្ត នៅភាគឦសាន្តប្រទេសឱ្យទៅ ក្រុមជនជាតិភាគតិច ម៉ុងតាញ៉ា ដែលរស់នៅក្នុងក្នុងប្រទេសវៀតណាម ធ្វើជាកម្មសិទ្ធិស្របច្បាប់ ប្រសិនបើគាត់ (សមរង្ស៊ី)​និងគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោត និង បានដឹកនាំប្រទេសជាតិនៅឆ្នាំ ២០១៣។


ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជនជាប់ចោទ សម រង្ស៊ី ក៏បានទទួលស្គាល់ និង សារភាពតាមរយៈការធ្វើបទសម្ភាសន៍របស់គាត់ ជាមួយ វិទ្យុអាស៊ីសេរី វិទ្យុបារាំង និងបណ្តាសារព័ត៌មាន នៅក្នុងស្រុកចំនួនទៀតផងដែរថា ខ្លួនពិតជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះមែន៕