ដោយៈ ប.ខុន / ភ្នំពេញៈ នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររៀបចំ ព្រឹត្តិការណ៍ ប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង លើកទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែតុលានេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទៅពិនិត្យមើល អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជូនដំណើរ បានជម្រាបជូនលោក រដ្ឋលេខាធិការ ពីសមត្ថភាពនៃអាងប្រព្រឹត្តកម្មទី១ថាៈ មានសមត្ថភាពផលិតទឹកកខ្វក់ ក្នុងមួយថ្ងៃ ចំនួនបាន ៥.២០០ ម៉ែត្រគីប ដែលបំពាក់ដោយបច្ចេកវិទ្យា ចុងក្រោយ មកប្រទេសអ៊ីស្រាអែល ។ ទឹកកខ្វក់ដែលប្រមូលមកពីតាមគេហដ្ឋានប្រជាពលរដ្ឋ ផ្ទះសំណាក់ សណ្ឋាគារមួយផ្នែក ដែលនៅជុំវិញអាងប្រព្រឹត្តិកម្មទី១ ដើម្បីធ្វើការបំលែង ទៅជាទឹកមួយ ដែលមានគុណភាព មិនបំពុលបរិស្ថាន ហូរចូលទៅសមុទ្រ ទឹកដែលបានចម្រោះរួច អាចយកទៅចិញ្ចឹមត្រីក្រឹមបាន។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួនបី នៅក្នុងក្រុងព្រះសីហនុ បច្ចុប្បន្ន អាងប្រព្រឹត្តិកម្ម ចំនួនពីរ បានដាក់ឱ្យដំណើរការ ក្នុងនោះ អាងទី១ មានសមត្ថភាព ផលិតទឹកកខ្វក់ ក្នុងមួយថ្ងៃ បានចំនួន ៥.២០០ ម៉ែត្រគីប អាងទី២ ផលិតទឹកកខ្វក់បាន ៧.២០០ ម៉ែត្រគីប និងអាងទី៣ កំពុងដំណើរការសាងសង់ វាមានសមត្ថភាពផលិត ទឹកកខ្វក់ បានចំនួន ២០.០០០ ម៉ែត្រគីប។

ចំពោះស្ថានីយប្រព្រឹត្តិកម្មទឹកក្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ២មុឺនម៉ែត្រគូប ក្នុង១ថ្ងៃ កំពុងសាងសង់ នៅលើផ្ទៃដីទំហំ ១ហិកតា សម្រេចបានលទ្ធផល ៦៨ ភាគរយហើយ៕/V-PC