​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បងប្អូន​ប្រុស​ង​ប់ង​ល់​នឹង​រថយន្ត​ពីរ​នាក់​នេះ ដែល​បំផុសគំនិត​ចេញពី​ព្រះ​មហាក្សត្រិយានី​អង់គ្លេស​បាន​ប្រែក្លាយ​ផ្លូវ​មួយ​ទៅ​ជា​កន្លែង​តាំង​បង្ហាញ​រថយន្ត​​ប្រណីតៗ​ស៊េរី​ចាស់​រាប់​ទសវត្សរ៍​របស់​ពួកគេ ដូចជា​រថយន្ត Rolls Royces, Bentleys និង Porsches ។​

​លោក ស៊ូ​កាត អា​លី (Shoukat Ali) អាយុ ៤៩ ឆ្នាំ និង ប្អូនប្រុស​របស់​គាត់​ឈ្មោះ បាក់​ស៊ី (Bugsy)​អាយុ ៤៧ ឆ្នាំ​មាន​ឡាន​ប្រហែល ១០០ គ្រឿង​ចត​នៅ​ខាងក្រៅ​ផ្ទះ​ជា​ច្រើន​កន្លែង​ដែល​ជា​កម្ម​​សិទ្ធិ​របស់​ពួកគេ នៅ​សង្កាត់​វ៉ាដ​អេន (Ward End) ទីក្រុង​បឺ​មីង​ហ៊ែ​ម (Birmingham)​ចក្រភព​អង់គ្លេស​។​

​យានជំនិះ​ទាំងនេះ​មាន​ចំនួន​ច្រើន​ពេក​រហូត​ដល់​ថ្នាក់​ពួកគេ​ត្រូវ​ស្នើសុំ​ឱ្យ​អ្នក​ជួល​ចុះកិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​អនុញ្ញាត​ឱ្យ​ពួកគេ​ចត​រថយន្ត Bentley ឬ Rolls Royce Phantom នៅលើ​ផ្លូវ ឬ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ពួកគេ​។​

​បងប្អូន​ប្រុស​ទាំង​ពីរ​មាន​ឈ្មោះ​ល្បីល្បាញ​ណាស់​នៅក្នុង​សហគមន៍​មូលដ្ឋាន ហើយ​ថ្មីៗ​នេះ​បាន​ដឹក​អ្នក​ជិតខាង​វ័យ​ចំណាស់​ម្នាក់​ក្នុង​រថយន្ត Rolls Royce Limousine​របស់​គេ​ដើម្បី​ប្រារព្ធ​​ខួបកំណើត​គម្រប់ ៨០ ឆ្នាំ​របស់​គាត់​ទៀតផង​។​

​លោក​បាក់​ស៊ី ជា​ឪពុក​កូន​ពីរ បាន​និយាយថា “​យើង​មាន​រថយន្ត ១០០ គ្រឿង យើង​ជួសជុល និង​លក់​រថយន្ត​បុរាណ​នៅ​យានដ្ឋាន​។ យើង​ទុក​ពួក​វា​ខ្លះ​នៅលើ​ផ្លូវ​ខាង​ក្រៅ​ផ្ទះ​។​យើង​មាន​ផ្ទះ​រាប់សិប​​ខ្នង​នៅ​ផ្លូវ Washwood Heath ហើយ​យើង​បាន​ចុះកិច្ចសន្យា​ជាមួយ​អ្នក​ជួល​ខ្លះ​ដើម្បី​ចត​ឡាន​នៅ​ផ្លូវ​បើកបរ​”​។​

“​យើង​ទុក​កន្លែង​ទំនេរ​មួយ ហើយ​ពួកគេ​សប្បាយចិត្ត​ណាស់​។ ពួកគេ​ជា​អ្នកជិតខាង​មក​ពី​ឋានសួគ៌​។ ខ្ញុំ​មាន​អ្នកជិតខាង​ម្នាក់​ឈ្មោះ ហ្វ្រេត (Fred) ហើយ​គាត់​ជា​ទាហាន​ជើងចាស់​។​នៅ​ថ្ងៃ​ខួប​​កំណើត​គម្រប់ ៨០ ឆ្នាំ​របស់​គាត់ យើង​បាន​នាំ​គាត់​និង​លោកស្រី​ជិះ​តាម​រថយន្ត Rolls Royce Limousine ចេញ​ទៅ​កាន់​ហាង​ស្រា​មួយ​”​។​

“​គាត់​បាន​និយាយថា វា​ជា​ថ្ងៃកំណើត​ដ៏​ល្អ​បំផុត​ដែល​គាត់​មិន​ធ្លាប់​មាន​។ បើ​គេ​សុំ​រើ​ឡាន​ចេញ យើង​នឹង​រើ​។ យើង​ចូល​ចិត្ត​មើល​ឡាន​របស់ខ្ញុំ​នៅ​គ្រប់​ទីកន្លែង​។ យើង​ចូល​ចិត្ត​សម្លឹង​មើល​ពួក​វា​”​។​

“​សូម្បី​តែ​ប៉ូលិស​ក្នុង​មូលដ្ឋាន​ក៏​ចិត្តល្អ​ចំពោះ​យើង​ដែរ ហើយ​ប្រាប់​យើង​នៅពេល​ដែល​ពន្ធ​រថយន្ត​កើនឡើង​។ គ្រប់​គ្នា​ស្គាល់​ពួកយើង​”​។​

​លោក​បាក់​ស៊ី​និយាយថា ចំណាប់អារម្មណ៍​របស់​គាត់​ចំពោះ​រថយន្ត​មាន​តាំងពី​កុមារភាព​គឺ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ៧០​នៅពេល​ដែល​ពូ​របស់គាត់​តែងតែ​នាំ​គាត់​ចេញទៅ​ក្រៅ​ដើម្បី​បើក​​បរ​រថយន្ត​ប្រណីតៗ​៕

រថយន្ត​ប្រណីត​បែប​បុរាណ​១០០​គ្រឿង​របស់​លោក​បាក់​ស៊ី​និង​លោក​អា​លី ចត​នៅ​ផ្លូវ Washwood Heath នៅ​សង្កាត់​វ៉ាដ​អេន ទីក្រុង​បឺ​មីង​ហ៊ែ​ម