​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​ហុងកុង​កាលពី​ថ្ងៃ​ពុធ​ទី​១៩​តុលា​បានបង្ហាញ​គម្រោង​ទិដ្ឋាការ​ថ្មី​មួយ​ដើម្បី​ទាក់ទាញ​អ្នក​មាន​ទេព​កោសល្យ​ជា​សាកល​ខណៈ​ទីក្រុង​នេះ​ព្យាយាម​ទប់​​ស្កាត់​ការហូរ​ចេញ​មនុស្ស​ពូកែៗ ដែល​បាន​ធ្វើឱ្យ​មាន​ហានិភ័យ​ដល់​ឋានៈ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​ខ្លួន​។​

​នាយក​ប្រតិបត្តិ​ក្រុង លោក ច​ន លី បាន​និយាយថា គម្រោង​ឈ្មោះ Top Talent Pass Scheme ថ្មី​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ទទួលបាន​ប្រាក់ខែ​ប្រចាំឆ្នាំ ២,៥ លាន​ដុល្លារ​ហុងកុង (៣១៨.៤៧២​ដុល្លារ​អាម៉េរិក​) ឬ​ខ្ពស់ជាង​នេះ និង​និស្សិត​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​កំពូលៗ​របស់​ពិភពលោក​ដើម្បី​ធ្វើការ ឬ​ស្វែងរក​ឱកាស​នៅក្នុង​ទីក្រុង​នេះ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​។​

​ការប្រឹងប្រែង​ដើម្បី​ទាក់ទាញ​មនុស្ស​មាន​ទេពកោសល្យ​មក​កាន់​ទីក្រុង​ហុងកុង​បាន​កើតឡើង ខណៈ​អ្នកស្រុក​រាប់សែន​នាក់​បាន​ចាកចេញ​ពី​ទីក្រុង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ជំរុញ​​ដោយ​ការបង្ក្រាប​ផ្នែក​នយោបាយ​ជា​បន្ត និង​ការថយចុះ​សេរីភាព បន្ទាប់​ពី​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​តឹងរ៉ឹង ក៏​ដូច​ជា​ការរឹ​បន្តឹង​ការចូល​យ៉ាង​តឹងរ៉ឹង​ទាក់ទង​នឹង​កូវី​ដ​១៩​ដែល​ត្រូវបាន​​អនុវត្ត​ស្ទើរ​ពេញ​មួយ​អំឡុង​ជំងឺ​រាតត្បាត​។​

​លោក​លី​បាន​និយាយថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ កម្លាំង​ការងារ​របស់​ទីក្រុង​បាន​ធ្លាក់ចុះ​ប្រហែល ១៤០.០០០ នាក់​។​

​លោក​លី​បាន​និយាយ​ក្នុងអំឡុង​សុន្ទរកថា​គោលនយោបាយ​ដំបូង​របស់​គាត់​កាលពី​ថ្ងៃ​ពុធ​ថា​”​យើង​ត្រូវតែ​មាន​ភាព​សកម្ម​និង​ភាព​ក្លៀវក្លា​បន្ថែមទៀត​ក្នុង​ការប្រកួតប្រជែង​សម្រាប់​សហគ្រាស​និង​​ការប្រកួតប្រជែង​សម្រាប់​មនុស្ស​មាន​ទេពកោសល្យ​។ ក្រៅពី​ការយកចិត្តទុកដាក់​យ៉ាង​សកម្ម​និង​ការថែរក្សា​មនុស្ស​មាន​ទេពកោសល្យ​ក្នុងស្រុក​រដ្ឋាភិបាល​នឹង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​លើ​ពិភពលោក​​សម្រាប់​មនុស្ស​មាន​ទេពកោសល្យ​”​។​

​លោក​ក៏​បាន​ប្រកាស​នូវ​សំណើ​មួយ​ចំនួន​ផងដែរ រួម​ទាំង​ការ​បញ្ចុះតម្លៃ​ពន្ធ​និង​វិធានការ​បន្ធូរបន្ថយ​សម្រាប់​ការជួលជនប​រទេស ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទីក្រុង​បន្ទាប់​ពី​ការ​ទប់ស្កាត់​មេរោគ​​កូរ៉ូណា​បាន​រំខាន​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​និង​បណ្តេញ​អ្នកជំនាញ​ចេញ​អស់​៕

លោក​ច​ន លី (​កណ្តាល​) ដើរ​ចូល​អគារ​ក្រុមប្រឹក្សា​ច្បាប់​កាលពី​ថ្ងៃ​ពុធ ទី​១៩ តុលា ឆ្នាំ​២០២២