​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៩​តុលា​នេះ​ថា តំបន់​វាយ​កាន់កាប់​ចំនួន​បួន​នៅ​ខាងកើត​និង​ខាងត្បូង​អ៊ុ​យក្រែន ដែល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដាក់​​បញ្ចូល​ទៅក្នុង​ប្រទេស​រុស្ស៊ី គឺ​ស្ថិតនៅ​ក្រោម​ការការពារ​ពី​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ​របស់​លោក​ពូ​ទីន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា តំបន់​ដូណិត​ស​ខ៍ លូ​ហា​នស​ខ៍ ហ្សា​ផូ​រី​ហ្ស​ហ្សា និង ឃើ​សុន គឺជា​”​ផ្នែក​ដែល​មិន​អាច​កាត់​​ផ្តាច់​បាន​របស់​សហព័ន្ធ​រុស្ស៊ី [​ហើយ​] សន្តិសុខ​របស់​តំបន់​ទាំងនេះ​ត្រូវបាន​ផ្តល់ជូន​សម្រាប់​កម្រិត​ដូចគ្នា​ទៅ​នឹង​ទឹក​ដី​ផ្សេង​ទៀត​របស់​រុស្ស៊ី​ដែរ​”​។​

​វា​គឺជា​ការបញ្ជាក់​ច្បាស់​បំផុត​ថា មូ​ស្គូ​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ការពារ​តំបន់​ទាំង​បួន ហើយ​បាន​កើតឡើង​នៅពេលដែល​លោក​ពូ​ទីន​ចាប់ផ្តើម​បង្កើន​សង្គ្រាម​របស់​គាត់​នៅ​អ៊ុ​យក្រែន ដោយ​កំណត់​គោលដៅ​លើ​រោងចក្រ​ថាមពល​និង​រោងចក្រ​ផលិត​ទឹក​របស់​អ៊ុ​យក្រែន​។​

​រដ្ឋាភិបាល​ក្រុង​គៀវ​បាន​អង្វរ​សុំ​សម្ពន្ធមិត្ត​លោកខាងលិច​នូវ​ប្រព័ន្ធ​ការពារ​អាកាស​បន្ថែមទៀត​ដើម្បី​ជួយ​ការពារ​រោងចក្រ​ថាមពល​របស់ខ្លួន ខណៈ​ប្រធានាធិបតី​ហ្សេ​លេន​ស្គី​និយាយថា មួយ​ភា​បី​នៃ​​រោងចក្រ​ថាមពល​របស់ខ្លួន​ត្រូវបាន​បំផ្លាញ​ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍ ខណៈ​រដូវរងា​កំពុង​ចូលមក​ដល់​។​

​លោកប៉េ​ស្កូវ​បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ​នៅក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​ជាមួយ​អ្នកកាសែត ដែល​ម្នាក់​ក្នុងចំណោម​នោះ​បាន​សួរថា​តើ​ផ្នែក​ដែល​កាន់កាប់​របស់​អ៊ុយ​ក្រែន​ឥឡូវ​នេះ​ស្ថិត​នៅក្រោម​”​ឆត្រ​​នុយក្លេអ៊ែ​រ​” របស់​ទីក្រុង​មូ​ស្គូ​ដែរ​ឬ​អត់​។​

​លោក​បាន​និយាយថា “​ទឹក​ដី​ទាំងអស់​នេះ​គឺជា​ផ្នែក​មិន​អាច​កាត់ផ្តាច់​បាន​នៃ​សហព័ន្ធរុស្ស៊ី ហើយ​ពួក​វា​ត្រូវបាន​ការពារ​ទាំង​អស់​។​សន្តិសុខ​របស់​ពួកវា​ត្រូវបាន​ផ្តល់ជូន​សម្រាប់​កម្រិត​ដូចគ្នា​ទៅ​នឹង​ទឹក​​ដី​សេសសល់​របស់​រុស្ស៊ី​ដែរ​”​។​

​គោល​លទ្ធិ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ពោលគឺ​ក្របខណ្ឌ​ដែល​បញ្ជាក់ថា​ពេល​ណា​ដែល​អាវុធ​នុយក្លេអ៊ែរ​អាច​ត្រូវបាន​ប្រើប្រាស់ គឺ អនុញ្ញាតឱ្យ​ប្រើប្រាស់​អាវុធ​នេះ នៅពេលដែល​”​អត្ថិភាព​នៃ​រដ្ឋ​ត្រូវបាន​គំរាម​​កំ​ហែង​”​។​

​ដោយ​ពង្រីក​ព្រំដែន​រដ្ឋ​ចូលទៅក្នុង​អ៊ុ​យក្រែន យ៉ាងហោច​ណាស់​នៅក្នុង​ក្រសែភ្នែក​របស់​វិមាន​ក្រឹម​ឡាំង លោកពូ​ទីន​បាន​បង្កើត​លេស​សម្រាប់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ដោយ​និយាយ​ថា​ការវាយប្រហារ​​របស់​អ៊ុយ​ក្រែន​ក្នុង​បំណង​រំដោះ​តំបន់​ទាំងនោះ​គឺជា​ការគំរាមកំហែង​ដល់​រុស្ស៊ី​ខ្លួនឯង​។​

​កងទ័ព​របស់​ទីក្រុង​គៀវ​បច្ចុប្បន្នកំពុង​វាយលុក​នៅក្នុង​តំបន់​ចំនួន​បី​ក្នុងចំណោម​តំបន់​ទាំង​បួន ហើយ​បាន​ដណ្តើម​យក​ទឹកដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​តំបន់​ឃើ​សុន​កាលពី​ពីរ​សប្តាហ៍​មុន​៕

​មូ​ស្គូ​បានចាត់​ទុកផ្នែក​កាន់កាប់​របស់​អ៊ុយ​ក្រែនជា​ទឹកដី​របស់ខ្លួ​ន និង​ទទួលបាន​ការការពារ​ដូចគ្នា​នឹង​ផ្នែក​ផ្សេង​នៃ​ប្រទេស​រុស្ស៊ី​ដែរ