ដោយៈ គង់​ហេង​/ កំពង់ចាម​: វិមានឯករាជ្យ​ខេត្តកំពង់ចាម ដែល​ស្ថាបនា​ចម្លង​តាម​គំរូ​ប្លង់ របស់​វិមានឯករាជ្យ នៅ​រាជធានី​ភ្នំពេញ គឺ​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ចំ​ថ្ងៃបុណ្យ​ឯករាជ្យ ៩ វិច្ឆិកា ឆ្នាំ​២០២២​។ ខណៈ​វិមាន​ប្រវត្តិសាស្ត្រ​មួយ​នេះ បច្ចុប្បន្ន​ស្ថាបនា​សម្រេចបាន​ប្រមាណ ៨០ ភាគរយ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ​សហការី និង​មន្ត្រីរាជការ​ច្រើន​ស្ថាប័ន ចុះ​ត្រួតពិនិត្យ​ការសាងសង់​វិមាន​នេះ​បាន​ថ្លែងថាៈ ចាប់​គិតពី​ថ្ងៃទី ១៩ តុលា​នេះ ទុក​រយៈពេល​ពីរ​សប្តាហ៍​សម្រាប់​ក្រុម​ជាង បង្ហើយ​ការងារ​នៅ​សេសសល់​របស់​សំណង់​វិមាន និង​ចំនួន ប្រាំ ថ្ងៃ​សម្រាប់​រៀបចំ​វេទិកា សម្ពោធ​វិមាន និង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ២០២២​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​បន្តថា ប្រធាន​ការដ្ឋាន របស់​វិមានឯករាជ្យ ចាំបាច់​ត្រូវ​ព​ន្លឿ​ន​ដល់​ក្រុម​ជាង ខំប្រឹង​ញាប់ដៃ​ញាប់ជើង ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ អនុវត្ត​ការងារ​ដែល​នៅ​សេសសល់​ឱ្យបាន​រួចរាល់​តាម​ផែនការ​។​

​លោក រ៉ុង វណ្ណ​រ៉ា ប្រធាន​ការដ្ឋាន​សំណង់​វិមានឯករាជ្យ ខេត្តកំពង់ចាម​បានឱ្យដឹងថាៈ ចំពោះមុខ នៃ​ការស្ថាបនា​វិមាន គឺ​សម្រេចបាន​ចំនួន ៨០ ភាគរយ​។ ចំណែក​ការងារ​នៅ​សេសសល់​របស់​វិមាន​ទាំងមូល​ចំនួន ២០ ភាគរយ​ទៀត​នោះ​យើង​នឹង​សម្រុក​ឱ្យ​ហើយ​រួចរាល់​តាម​ផែនការ របស់លោក​អភិបាលខេត្ត​កំពង់ចាម​បានកំណត់​នោះ​។​

​សូម​រំលឹកថា វិមានឯករាជ្យ​ខេត្តកំពង់ចាម​ចាប់ផ្តើម ស្ថាបនា​សាងសង់ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ចម្លង​តាម​គំរូ​ប្លង់​របស់​វិមានឯករាជ្យ នៅ​រាជធានី​ភ្នំពេញ​មាន​កម្ពស់ ២០ ម៉ែត្រ មាន​ចំនួន ប្រាំ ជាន់ និង​មាន​បំពាក់​ក្បាល​នាគរា​ជ្យ ចំនួន ១០០ ៕​