​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ខ្សែប្រយុទ្ធ​ប្រេ​ស៊ីល​នី​ម៉ា​បាន​ឡើង​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​និង​បាន​ប្រាប់​តុលាការ​ថា រូបគេ “​មិនបាន​ចូលរួម​ក្នុង​ការចរចា​” ជុំវិញ​ការផ្ទេរ​របស់គេ​ពី Santos​ទៅ​ Barcelona ក្នុង​ឆ្នាំ ២០១៣ នោះទេ ប៉ុន្តែ​បាន​ចុះហត្ថលេខា​លើ​អ្វី​ដែល​ឪពុក​របស់​ខ្លួន​បាន​ប្រាប់​។​

​នី​ម៉ា​និង​ចុង​ចម្លើយ​ប្រាំ​បីនាក់​ផ្សេង​ទៀត​កំពុង​ឡើង​តុលាការ​ក្រោម​ការ​ចោទ​ពី​បទ​ឆបោក​និង​ពុករលួយ ដែល​ពួកគេ​បដិសេធ​។​

​ក្រុមហ៊ុន​វិនិយោគ DIS​បាន​កាន់កាប់ ៤០ ភាគរយ​នៃ​សិទ្ធិ​របស់​កីឡាករ​រូបនេះ ហើយ​និយាយ​ថា ខ្លួន​បាន​ខាតបង់ ដោយសារ​ការផ្ទេរ​នេះ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​។​

​កីឡាក​រវ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​និយាយថា “​ឪពុក​ខ្ញុំ​តែងតែ​ចាត់ចែង​ការងារ​មួយ​នេះ​ជា​និច្ច ហើយ​នឹង​តែងតែ​ធ្វើ​ដូច្នេះ​”​។​

​កីឡាករ​របស់​ក្លិប Paris St-Germain រូបនេះ​បាន​ប្រាប់​តុលាការ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ថា “​ខ្ញុំ​មិន​បាន​ចូលរួម​ក្នុង​ការចរចា​ទេ​។ ខ្ញុំ​ចុះហត្ថលេខា​លើ​អ្វី​គ្រប់យ៉ាង​ដែល​គាត់ [​ឪពុក​របស់​ខ្លួន​] ប្រាប់​ខ្ញុំ​ឱ្យ​ចុះហត្ថលេខា​ប៉ុណ្ណោះ​”​។​

“​ការលេង​ឱ្យ​ក្លិប Barcelona តែងតែ​ជាក្តី​ស្រមៃ​របស់ខ្ញុំ ដែល​ជាក្តី​សុបិន​កាល​ពី​កុមារភាព​”​។​

​ចុង​ចម្លើយ​ផ្សេងទៀត​គឺ​ឪពុក​ម្តាយ​របស់​នី​ម៉ា ក្លិប​បាល់ទាត់​ទាំងពីរ អតីត​ប្រធាន​ក្លិប Barcelona លោក យ៉ូ​សេប ម៉ា​រៀ បា​តូ​មូ (Josep Maria Bartomeu) និង​លោក សាន់​ដ្រូ រ៉ូ​សែល (Sandro Rosell) និង​អតីត​ប្រធាន​ក្លិប Santos លោក អូ​ឌី​លី​អូ រ៉ូ​ឌ្រី​ហ្គេស (Odilio Rodrigues) ។​

​ឪពុក​របស់​នី​ម៉ា លោក នី​ម៉ា ដា​ស៊ី​ល​វ៉ា សាន់​តូ​ស (Neymar da Silva Santos) បាន​ប្រាប់​តុលាការ​ថា “​គោលបំណង​របស់​យើង​គឺ​រៀបចំ​ផែនការ​អាជីព​សម្រាប់​គេ​នៅ​ទ្វីបអឺរ៉ុប​ដែល​ពួក​យើង​​បានកំណត់​រួចហើយ ហើយ​ដោយ​ដឹង​ថា​ក្តី​សុបិន​របស់គេ​គឺ​លេង​ឱ្យ​ក្លិប Barcelona យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាទិភាព​នោះ​ជាមួយ​ពួកគេ​”​។​

​ក្រុមហ៊ុន DIS ចង់​ឱ្យ​នី​ម៉ា​ជាប់គុក​ប្រាំ​ឆ្នាំ ខណៈ​រដ្ឋអាជ្ញាអេ​ស្ប៉ាញ​កំពុង​ព្យាយាម​ស្វែងរ​កការកាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លាន​អឺរ៉ូ​សម្រាប់​កីឡាករ​រូបនេះ​។ ពួកគេ​ក៏​ចង់​ឱ្យ​ដាក់​គុក​លោក​រ៉ូ​សែ​ល​ប្រាំ​ឆ្នាំ​និង​ពិន័យ Barcelona ៨,៤ លាន​អឺរ៉ូ​ផងដែរ​។​

​ប្រធាន​ក្លិប Real Madrid លោក ផ្លរិន​ទីណូ ប៉េ​រ៉េស (Florentino Perez) ដែល​តុលាការ​កោះហៅ​ក្នុងនាម​ជា​សាក្សី បាន​ប្រាប់​តុលាការ​ថា ក្លិប​របស់​គាត់​បានផ្តល់​ជូន ៤៥ លាន​អឺរ៉ូ​ក្នុង​ឆ្នាំ ២០១១ និង ៣៦ លាន​អឺរ៉ូ​ក្នុង​ឆ្នាំ ២០១៣ ដល់ Santos ដើម្បី​ចុះហត្ថលេខា​ទិញ​នី​ម៉ា ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​ជ្រើសរើស​ចូលរួម​ជាមួយ Barcelona ជំនួស​វិញ​។​

​មុននេះ មេធាវី​ការពារ​ក្តី លោកស្រី ម៉ា​រី​យ៉ា ម៉ាស​សូ (Maria Masso) បាន​និយាយថា កីឡាករ​រូបនេះ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណាមួយ​ឡើយ ដោយ​បន្ថែម​ថា តុលាកា​រអេ​ស្ប៉ាញ​គ្មាន​យុត្តាធិការ​ក្នុង​ការកាត់ទោស​គ្រួសារ​នី​ម៉ា​នោះទេ ព្រោះ​បទល្មើស​ដែល​បាន​ចោទប្រកាន់​បាន​កើតឡើង​នៅក្នុង​ប្រទេសប្រេ​ស៊ីល កន្លែង​ដែល​ពួកគេ​មិន​ត្រូវបាន​ផ្តន្ទាទោស​នោះ​ទេ​៕

​នី​ម៉ា​ឡើង​ពេលទៅដល់​តុលាការ​សំរាប់​សវនាការ​កាលពី​ថ្ងៃ​ចន្ទ​