ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គសិក្ខាសាលា ស្ដីពី “ការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពល នៅព្រះរាជាណាចក្រកម្ពុជា” ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២២ ។

សិក្ខាសាលានេះ ត្រូវបានបើកដោយលោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ហើយគោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០។

សូមបញ្ជាក់ថា នៅក្នុងនិន្នាការពិភពលោកបច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសនីមួយៗមិនត្រឹមតែដើម្បីបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់ទប់ទល់ជាមួយនឹងកំណើនតម្រូវការថាមពល ដោយធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់ អាចទុកចិត្តបាន និងមានថ្លៃកាន់តែសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ប្រទេសនីមួយៗក៏ត្រូវពិចារណា គិតគូធ្វើការអភិវឌ្ឍនិងប្រើប្រាស់ថាមពល តាមជម្រើសណា ដែលកាន់តែមានចីរភាពផងដែរ ។ ក្នុងនោះ ប្រសិទ្ធភាពថាមពលនឹងដើរតួនាទីក្នុងការចូលរួមសម្រេចគោលដៅរបស់វិស័យថាមពលកម្ពុជា ទាំងការផ្តល់ថាមពលឱ្យបានគ្រប់គ្រាន់ ប្រកបដោយសុវត្ថិភាព ស្ថិរភាព និងមានតម្លៃសមរម្យផង និងទាំងការអភិវឌ្ឍដោយចីរភាពផងដែរ។