ដោយៈ ប៉ូលីទិក / ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យពត៌មាន នៃស្ថានទូតសហព័ន្ធរុស្សី ប្រចាំកម្ពុជា បានធ្វើសន្និសីទសារពត៌មាន លើកទី៨ ស្តីពីស្ថានការវិវឌ្ឍន៍ ទាក់ទងប្រទេស អ៊ុយក្រែន គោលនយោបាយការបរទេសរបស់ សហព័ន្ធរុស្សីនិងទំនាក់ទំនង រវាងប្រទេសកម្ពុជានិងរុស្សី តាមរយៈប្រព័ន្ធវីដេអូ Zoom ។

ក្នុងសន្និសីទសារពត៌មាននោះ លោក រ៉ាហ្វាអែល អៀនហ្គារីហ្វ អនុព័ន្ធពត៌មាននៃ ស្ថានទូតរុស្សី បានអះអាងថាៈ ការបំផ្ទុះនៅលើស្ពានគ្រីមៀ ( Crimean Bridge ) កាលពីថ្ងៃទី៨ ខែតុលា ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យ មនុស្ស ៤នាក់ បានស្លាប់នោះ ជាស្នាដៃរបស់ក្រុមសម្ងាត់របស់អ៊ុយក្រែន។

លោក បានលើកឡើងថាៈ លទ្ធផលបឋមនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មនេះ ដោយគណៈកម្មាធិការស៊ើបអង្កេត នៃសហព័ន្ធរុស្ស៊ី បង្ហាញថា នេះគឺជាអំពើភេរវកម្ម​ធ្វើឡើងដោយសេវាកម្មសម្ងាត់អ៊ុយក្រែន ក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលដ៏ធំ ដែលមានសារៈសំខាន់ ចំពោះសហព័ន្ធរុស្សី ជាពិសេសនៅគ្រីមៀ។

យោងតាមសេវាសន្តិសុខសហព័ន្ធ បានអះអាងថា ការវាយប្រហារនេះ​ត្រូវបានរៀបចំឡើង ដោយនាយកដ្ឋានស៊ើបការណ៍ នៃក្រសួងការពារជាតិ អ៊ុយក្រែន និងនាយក Kyrylo Budanov ។ អស់រយៈពេលជាយូរមកហើយ របបក្រុងគៀវ បាននិងកំពុងប្រើប្រាស់ យ៉ាងសកម្ម នូវវិធីសាស្រ្តភេរវករ ក្នុងគោលបំណងនយោបាយ និងការគាបសង្កត់ លើគូប្រជែង៕/V