ដោយៈភ្នំស្វាយ / បន្ទាយយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យត្រៀមលក្ខណ:ទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅក្នុងពិធីសំណេះសំណាលនិងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ”សែនក្រអូប”ដល់កសិកររងគ្រោះដោយទឹកជំនន់​នៅថ្ងៃទី២៣ខែតុលាខាងមុខ។តាមការគ្រោងទុកពិធីនឹងប្រព្រឹត្តិទៅនៅផ្សារបុរីជ័យ(អ៊ឹង វ៉ាន់ម៉ៅ) ភូមិចម្ការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់អំពីផែនការនេះនៅក្នុងកិច្ចប្រជុំនាសាលប្រជុំធំសាលាខេត្តស្តីពីត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន និងពិធីសំណេះសំណាល ចែកស្រូវពូជដល់កសិកររងគ្រោះដោយទឹកជំនន់នាថ្ងៃទី​២២-២៣ខែតុលា ដ៏ខ្លីខាងមុខនេះ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅក្នុងកិច្ចប្រជុំ(រូបថតរដ្ឋបាលខេត្តបន្ទាយមានជ័យ)

លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២២ខែតុលានឹងអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីរាជការស៊ីវិល កងកម្លាំង។លុះព្រឹកបន្ទាប់នាថ្ងៃទី២៣ខែតុលាសម្តេចតេជោនាយក រដ្ឋមន្ត្រីនឹងអញ្ជើញទៅជួបសំណេះសំណាលនិងងចែកស្រូវពូជដល់ប្រជាកសិករដែលរងគ្រោះទឹកជំនន់៥.២២០គ្រួសារមកពីបីស្រុកក្នុងខេត្ត។ក្នុងនោះស្រុកមង្គលបូរីជាង៣.០០០គ្រួសារ,ក្រុងសិរីសោភ័ណជិត៦០០គ្រួសារ និងស្រុកភ្នំស្រុកចំនួនជាង១០០០គ្រួសារ ។

ចំពោះពូជស្រូវប្រភេទស្រាលមិនប្រកាន់រដូវប្រភេទ”សែនក្រអូប”របស់អង្គភាពប្រព័ន្ធស្បៀងបម្រុងកម្ពុជានៃរាជរដ្ឋាភិបាលដែលផលិតចេញពីកសិដ្ឋានពូជស្រូវទួលសំរោងស្រុកថ្មគោលខេត្តបាត់ដំបងនៃអគ្គនាយកដ្ឋានកសិកម្ម។ស្រូវពូជដែលកសិករនឹងទទួលបានគឺចំនួន១០០គីឡូក្រាមក្នុងមួយគ្រួសារ (ដាំដុះបានលើផ្ទៃដី១ហិកតា ) ហើយសម្រាប់តែអ្នករងគ្រោះខូចខាត ហើយមានប្រភពទឹកអាចដាំដុះបានប៉ុណ្ណោះ ។

សូមរំលឹកថា កាលពីឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យបានរងគ្រោះទឹកជំនន់ធំជាងឆ្នាំនេះហើយនៅថ្ងៃ ទី២១-២២តុលា២០២០សម្តេចតេជោបានអញ្ជើញសួរសុខទុក្ខនិងចែកស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកថ្មពួកនិងក្រុងប៉ោយប៉ែត។

តាមគម្រោងលុះដល់ថ្ងទី១០ខែវិច្ឆិកាឆ្នាំ២០២២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺលោកបណ្ឌិតហ៊ុន ម៉ាណែត នឹងអញ្ជើញ​ចែកស្រូវពូជដល់កសិករនៅផ្សារថ្មីបុរីជ័យ(អ៊ឹង វ៉ាន់ម៉ៅ)ចម្ការតាដោក ឃុំឬស្សីក្រោកស្រុកមង្គលបូរី ។

គួររំលឹកថា ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យពីខែសីហា កញ្ញា ដល់ពាក់កណ្តាលខែតុលាបានបង្កប៉ះពាល់ចំនួន៣៤៨ភូមិ, ៤៩ឃុំ សង្កាត់ នៃទាំង៩ស្រុកក្រុង ។ក្នុងនោះ លំនៅឋាន ១៥.៥០៦ខ្នងផ្ទះ ។ ពលរដ្ឋជម្លៀសពីទឹកជំនន់មាន១.៤៣១គ្រួសារ ស្មើមនុស្សរាយ ៣.២៦៧នាក់ /ស្រី១.៧៧៨នាក់ /កុមារ៦៥២នាក់ ។ជម្លៀសសត្វពាហន:២.៨៦៧ក្បាល ប៉ះពាល់ស្រូវ៣៦.០៥៩ហិកតា ខូចខាត ៥.៦៤៦ហិកតា ៕សរន

កសិកររងគ្រោះដោយទឹកជំនន់នៃខេត្តបន្ទាយមានជ័យនឹងទទួលស្រូវពូជ”សែនក្រអូប”អំណោយសម្តេចតេជោ