ដោយៈសុក្ខារិន/ពោធិ៍សាត់៖ប្រភពគណៈកម្មការរៀបចំបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ខេត្តពោធិ៍សាត់បានឱ្យដឹងថារយៈពេលបីថ្ងៃ(១៦,១៧,១៨ខែតុលា)នៃការប្រារព្ធពិធីបុណ្យអុំទូកភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្តសប្បាយមានចំនួនកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ មុនការរីករាលដាលនៃជំងឺកូវីដ១៩ ។

មន្ទីរទេសចរខេត្តពោធិ៍សាត់បានបង្ហាញថាចាប់ពីថ្ងៃទី១៦ដល់ទី១៨ ខែតុលាឆ្នាំ២០២២នេះខេត្តពោធិ៍សាត់ មានភ្ញៀវចូលមកទស្សនានិងដើលេងកម្សាន្តដល់ ១៧៧.៩៩១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ២៨ នាក់។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនការរីករាលដាលនៃជំងឺកូវីដ១៩ គឺមានចំនួនកើនឡើង ១៧៨, ២៤ភាគរយ។ឆ្នាំ២០១៩មានភ្ញៀវទេសចរត្រឹមតែ ៦៣.៩៧៩នាក់តែប៉ុណ្ណោះ។

លោក នូវ សាវិន អ្នកសម្របសម្រួលតាមរមណីយដ្ឋាននៃមន្ទីរទេសចរណ៍ខេត្តបាននិយាយថាដោយសារ ការរាតត្បាតជំងឺកូវីដ​១៩រាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យជាតិធំៗមួយចំនួនរយៈពេលពីរឆ្នាំគឺឆ្នាំ២០២០ និង២០២១។ក្នុងនោះពិធីបុណ្យអុំទូកផងដែរ។លោកបន្តថាភាពឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោបូកផ្សំជាមួយនឹងបងប្អូនប្រជាពលរដ្ឋគោរពនូវរាល់វិធានការដ៏មានប្រសិទ្ធភាពបីកុំបីការពារក៏ដូចជាវិធានកាផ្សេងៗទៀត បានយ៉ាងខ្ជាប់ខ្ជួនធ្វើឲ្យប្រទេសរបស់យើងបានធូរស្រាលឡើងវិញពីជំងឺដ៏កាចសាហាវមួយនេះ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យជាតិធំៗឡើងវិញដូចជាពិធីបុណ្យអុំទូកនេះជាដើមដែលបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយមានចំនួនកាន់តែច្រើនទ្វេឡើង បែបនេះ។

លោកបានឱ្យដឹងថាសម្រាប់ខេត្តពោធិ៍សាត់ដោយសារការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំលោក ជាវតាយ អភិបាលខេត្តបានរៀបចំត្រៀមទុកមុនពេលប្រារព្ធពិធីកិច្ចការធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនអ្នកទស្សនា,មានការរៀបចំឱ្យមានការសម្ដែងសិល្បៈ,មានការរៀបចំស្តង់លក់ទំនិញនិងការរៀបចំឱ្យមានកម្មវិធីសប្បាយជាច្រើនផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថាក្នុងពិធីអុំទូកឆ្នាំនេះមានទូកចំនួន២៦ទូកបានចូលរួមការប្រកួត។ថ្ងៃបញ្ចប់នៃការប្រកួតជ័យលាភីលេខ១មានចំនួនបួនទូក។ទូកជ័យលាភីលេខ១ទទួលបានពានមួយទង់ជ័យលាភីលេខ១បណ្ណសរសើរមួយនិងថវិកាបីលានរៀលស្មើៗគ្នា ។ ពានរង្វាន់លេខ២ មានទូកចំនួន១០ដោយទទួលបានទង់ជ័យលាភីលេខ២ បណ្ណសរសើរមួយ និងថវិកាពីរលានរៀល។ ពានរង្វាន់លេខ៣ មានចំនួន៩ទូក ដោយទទួលបានទង់ជ័យលាភីលេខ៣ បណ្ណសរសើរមួយនិងថវិកាមួយលានរៀល។ ពានរង្វាន់​លេខ៤ មានចំនួនបីទូកដោយទទួលបានទង់ជ័យលាភីលេខ៤ បណ្ណសរសើរមួយ និងថវិកាមួយលានរៀល។ លើសពីនេះទៀតក៏មានការជួយឧបត្ថម្ភសម្រាប់ទូកនីមួយៗជាមួយសម្ភារនិងថវិកាមួយចំនួនផង៕សរន

រូបថត៖បុណ្យអុំទូកបីថ្ងៃនៅខេត្តពោធិ៍សាត់ មានអ្នកមកទស្សនាកម្សាន្តជិត២០ម៉ឺននាក់