ដោយៈដេប៉ូ/ភ្នំពេញ៖រូបវន្តបុគ្គលនិងនីតិបុគ្គលឆ្នើមនិងជ័យលាភីប្រឡងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានចូលរួមក្នុងការផ្លាស់ប្ដូរឥរិយាបថសង្គមមកប្រតិបត្តិមេត្រីភាពបរិស្ថានបានទទួលបានការផ្តល់បណ្ណសរសើរលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងឃុំសង្កាត់ចំនួន ២០ បានទទួលជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ពីក្រសួងបរិស្ថាន។ពិធីប្រគល់ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងបរិស្ថាន។

ក្នុង«កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន»និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ អង្គការដៃគូ និងវិស័យឯកជន អ្នកបណ្តាញសង្គមសរុបជាង ៤០០នាក់។

លោក នេត្រ ភក្រ្តា បានមានប្រសាសន៍ក្នុងពិធីនេះថា «កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានរៀបចំឡើងនាពេលនេះ គឺជាភារកិច្ចស្នូលមួយរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថានក្នុងការផ្លាស់ប្ដូរផ្នត់ គំនិត បញ្ជ្រាបការយល់ដល់ប្រជាពលរដ្ឋអំពីបរិស្ថាន និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានស្របតាមចក្ខុវិស័យ ដែលរាជរដ្ឋាភិបាលបានកំណត់គឺប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ដែលនៅពេលនោះគុណភាពបរិស្ថាននិងនិរន្តរភាពបរិស្ថានត្រូវបានធានា។ដើម្បីសម្រេចការងារនេះក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពចំណុះក្រសួងបរិស្ថានក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិដៃគូរអភិវឌ្ឍន៍អង្គការសង្គមស៊ីវិលនិងវិស័យឯកជន។

លោកបន្តទៀតថា ក្រោមដំបូលនៃសុខសន្តិភាពពេញលេញនិងស្ថិរភាពនយោបាយដ៏រឹងមាំដែលជាសមិទ្ធផលនៃមាគ៌ាដឹកនាំយុទ្ធសាស្រ្តនិងគោលនយោបាយដ៏ត្រឹមត្រូវនានាជាបន្តបន្ទាប់ ស្របតាមដំណាក់កាលផ្សេងៗនៃការវិវត្តរបស់សង្គមជាតិរាជរដ្ឋាភិបាលបានធ្វើការកែលម្អផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្ត គោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»ជាបន្តបន្ទាប់ឱ្យស្របតាមបរិបទនៃការវិវត្ត និងអភិវឌ្ឍរបស់សង្គមជាតិ ដែលជាការបុកគ្រឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ បានស្តែងចេញនូវការលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជនជនបទ ការរៀបចំ រចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រង រដ្ឋបាល ទំនើបដែលមានភាពជាម្ចាស់ និងមានសមត្ថភាពក្នុងការអនុវត្តតួនាទីប្រកបដោយប្រសិទ្ធភាពលើការងារ គ្រប់គ្រង សំរាម សំណល់ រឹង នៅតាមទីក្រុង និងទីប្រជុំជន ក្រុង ស្រុក ការផ្តល់មធ្យោបាយ សម្ភារគាំទ្រការងារគ្រប់គ្រង និងផ្តល់សេវាប្រមូលសំរាម មានជាអាទិ៍ ឡដុតសំរាម ឡានដឹកសំរាម ម៉ូតូកង់បី និង បានបំពាក់ម៉ាស៊ីនចម្រោះ ទឹកក្តៅទឹកត្រជាក់នៅតាមគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន និងទីអារាម។ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋការផ្តល់សេវាចាំបាច់នានានិងការអប់រំប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ចំពោះបរិស្ថាន ដើម្បីធានាឱ្យជនគ្រប់រូប សង្គមកម្ពុជាទាំងមូល មានភាពស្អាត និងផាសុខភាពក្នុងការរស់នៅឱ្យស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិ។

លោករដ្ឋលេខាធិការបានរំលេចថា ចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ ជាផ្នែកមួយនៃការអភិវឌ្ឍខ្សែក្រវាត់បៃតង (Green Belt) នៅកម្ពុជា ធ្វើឱ្យទីក្រុង ទីប្រជុំជនប្រទេសយើងកាន់តែស្រស់ស្អាត ប្រកបដោយភាពទាក់ទាញមានបរិស្ថាន ល្អដែលឆ្ពោះទៅរកគោលដៅ «កម្ពុជាស្អាត អនាគតដែលយើងចង់បាន» ដែលពាក់ព័ន្ធនឹងទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ក៏ដូចជាទេសចរណ៍ជនបទនិងប្រែក្លាយផលិតផលកសិកម្មរបស់កម្ពុជាទៅជាកសិ-ទេសចរណ៍ ទេសចរណ៍ធម្មជាតិឬទេសចរណ៍ជនបទដើម្បីឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចបរិភោគអាហារក្នុងស្រុកនៅតាមតំបន់ទេសចរណ៍ផ្សេងៗដោយសុវត្ថិភាព។ ក្នុងបរិបទកូវីដ-១៩ ទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងទេសចរណ៍ជនបទត្រូវបានអ្នកទេសចរណ៍ជាតិអន្តរជាតិទទួលស្គាល់ថាជាកន្លែងដែលល្អបំផុតសម្រាប់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ទាំងអស់នេះក៏បានរួមចំណែកប្រែក្លាយទីក្រុង គ្រប់ទីប្រជុំជន ភូមិឃុំ-សង្កាត់ទាំងអស់មានអនាម័យល្អភាពស្អាតនិងបៃតងនិងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។

លោករដ្ឋលេខាធិការក៏បានគូសបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានរៀបចំ ចលនាប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦គឺមានអនាម័យ មានសោភ័ណភាពល្អនិងបរិស្ថានល្អ ក្នុងគោលបំណងជំរុញឲ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ យកចិត្តទុកបន្ថែមក្នុងការរៀបចំមូលដ្ឋានរបស់ខ្លួនឲ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ ដើម្បីភាពសុដុមរម្យណីកម្ម ការទាក់ទាញភ្ញៀវទេសចរណ៍ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ដើម្បីគាំទ្រដល់អាជ្ញាធរមូលដ្ឋាន ក្រសួងបរិស្ថានបានគាំទ្រយ៉ាងពេញទំហឹងលើផ្នែកបច្ចេកទេស ធនធានសម្ភារៈ និងថវិកា ដើម្បីសម្រេចឲ្យបាននូវគោលដៅខាងលើគឺអនាម័យ សោភ័ណភាព និងបរិស្ថានល្អនៅមូលដ្ឋាន។

ក្នុងនាមក្រសួងបរិស្ថានលោករដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រតិបត្តិមេត្រីបរិស្ថានបានល្អក្នុងការផលិត ការផ្តល់សេវាកម្ម ការធ្វើអាជីវកម្មប្រកបដោយការទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន និងសង្គម។ ឯកឧត្តមក៏បានកោតសរសើរចំពោះក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងអង្គភាពថ្នាក់ក្រោមជាតិ ដែលបានដឹកនាំសកម្មភាព សំដៅចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព។

លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានឱ្យដឹថា ឃុំ-សង្កាត់ចំនួន ៥៤ មកពី ២៥ រាជធានី ខេត្ត បានដាក់ពាក្យចូលរួមប្រឡងប្រណាំង ក្នុងឆ្នាំ២០២២នេះ និងតាមរយៈការវាយតម្លៃជ្រើសរើសបឋម និង ចុះវាយតម្លៃផ្ទាល់ដល់ទីតាំង មានឃុំ-សង្កាត់ចំនួន២០ បានជាប់ជ័យលាភីដោយឃុំ-សង្កាត់ទាំងនោះបានរៀបចំនិងអនុវត្តសកម្មភាពឆ្លើយតបទៅនឹងលក្ខណសម្បត្តិទី៦ ដែលបានកំណត់ក្នុងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» គឺមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។លោកបានបន្តថា ប្រតិបត្តិករដែលបានជ្រើសរើស និងវាយតម្លៃទូទាំង២៥ រាជធានី ខេត្ត និងសម្រេចផ្ដល់បណ្ណសរសើរមេត្រីបរិស្ថានសរុប ៣៣០ ប្រតិបត្តិករ ។ ក្នុងនោះដែរ មានរូបវន្តបុគ្គលសរុបចំនួន ១៥៩ (មន្រ្តីរាជការចំនួន ៣៦ ព្រះសង្ឃ ៦ សាធារណជន ៨ Influencers ២៣ និងមន្រ្តីឧទ្យានុរក្ស ៩៣) និងនីតិបុគ្គលសរុបចំនួន ១៧១ ដែលរួមមាន៖ (ក្រសួង ស្ថាប័ន មន្ទីរពេទ្យចំនួន ៥, រោងចក្រ/សហគ្រាស ៦ ,ក្រុមហ៊ុនឯកជន/ធនាគារ ៧ ,Resort/សណ្ឋាគារ ២១ ,ភោជនីយដ្ឋាន ០៤ ,សិប្បកម្ម ៦ ,ផ្សារទំនើប ២ ,រមណីយដ្ឋាន ៣ ,សាលារៀន ៥៧ និងវត្តរាម ៤៣)៕សរន

ក្រសួងបរិស្ថានប្រគល់បណ្ណសរសើរដល់រូបវន្តបុគ្គល និង នីតិបុគ្គលឆ្នើមនិងជ័យលាភីប្រឡងប្រណាំង
(រូបថត ក្រសួងបរិស្ថាន)