ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជួបសម្ដែងការគួរសមជាមួយលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (JOSE RAMOS-HORTA )ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេនៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២២នេះ។

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា អញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

លោកបណ្ឌិតនឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន កិច្ចព្រមព្រៀង សេវាកម្មអាកាសចរណ៍និងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មស្រូវរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្​យទីម័រខាងកើត។

លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា អញ្ជើញធ្វើបាឋកថាសាធារណៈនៅសាកលវិទ្យាល័យល្បីៗនៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែងសុន្ទរកថានៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើត លើកទី១ ស្តីពីទេសចរណ៍និងធុរកិច្ច ដើម្បីការអភិវឌ្ឍ និងសន្តិភាពប្រកបដោយចីរភាព ផងដែរ។

ក្រសួងការបរទេសនៃប្រទេសកម្ពុជាបានពណ៌នាថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជាឱ្យនឹងបន្តពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕សរន

 

រូបថត៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសមជាមួយប្រធានាធិបតី នៃសាធារណរដ្ឋទីម័រខាងកើ ត