ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​តុលា​ថា ខ្លួន​នឹង​វាយតម្លៃ​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស ប្រសិនបើ​គាត់​បញ្ជូន​អ្នកជំនាញ​ទៅ​អ៊ុយ​ក្រែន​ដើម្បី​ត្រួតពិនិត្យដ្រូន​ដែល​មហាអំណាច​លោកខាងលិ​ច​និយាយថា​ផលិត​នៅ​អ៊ីរ៉ង់​និង​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដោយ​រំលោភ​លើ​សេចក្តី​​សម្រេចចិត្ត​របស់​អ​.​ស​.​ប​។​

​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ស្តីពី​ការប្រើប្រាស់​ដ្រូ​ន​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោក ឌី​មី​ទ្រី ប៉ូ​លី​យ៉ាន​ស្គី (Dmitry Polyanskiy) បាន​អំពាវនាវ​ឱ្យ​លោក​គូថេ​រ៉េ​សនិង​បុគ្គលិក​របស់​គាត់ “​ចៀសវាង​ការចូលរួម​ក្នុង​ការស៊ើបអង្កេត​ខុសច្បាប់​ណាមួយ​”​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​បើ​មិន​ដូច្នេះ​ទេ យើង​នឹង​ត្រូវ​វាយតម្លៃ​ឡើងវិញ​នូវ​កិច្ចសហការ​របស់​យើង​ជាមួយ​ពួកគេ ដែល​សឹងតែ​មិន​ផ្តល់​ប្រយោជន៍​ដល់​នរណា​ទាំងអស់​។ យើង​មិន​ចង់​ធ្វើ​វា​ទេ ប៉ុន្តែ​វា​នឹង​មិន​មាន​ជម្រើស​ផ្សេង​ទៀត​នោះ​ទេ​”​។​

​លោក​ប៉ូ​លី​យ៉ាន​ស្គី​មិន​បាន​បញ្ជាក់​លម្អិត​ទេ​។​

​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ប្រជុំ​ស្តីពី​ការប្រើប្រាស់​ដ្រូ​ន​ពី​សំណាក់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​តាម​សំណើ​របស់​សហរដ្ឋ​អាម៉េរិក បារាំង និង​អង់គ្លេស ដែល​អះអាង​ថា​ដ្រូ​ន​គឺ​ផលិត​នៅ​អ៊ីរ៉ង់​និង​ប្រើប្រាស់​ដោយ​មូ​ស្គូ​​ក្នុង​ការរំលោភ​លើ​សេចក្តីសម្រេចចិត្ត​ឆ្នាំ ២០១៥ ដែល​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

​រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់​បាន​បដិសេធ​ការផ្គត់ផ្គង់​ដ្រូ​ន​ដល់​មូ​ស្គូ ហើយ​រុស្ស៊ី​បាន​បដិសេធ​ថា​កងកម្លាំង​របស់​ខ្លួន​មិន​បាន​ប្រើប្រាស់​ដ្រូ​ន​របស់​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​អ៊ុយ​ក្រែនទេ​។​

​ឯកអគ្គរដ្ឋទូត​រង​អង់គ្លេស​ប្រចាំ​អ​.​ស​.​ប លោក ជែម ការី​វ​គី (James Kariuki) បាន​បង្ហោះ​សារ​នៅលើ Twitter បន្ទាប់ពី​កិច្ចប្រជុំ​ថា “​អ៊ីរ៉ង់​មាន​កាតព្វកិច្ច​ក្នុង​ការ​មិន​នាំ​ចេញ​អាវុធ​ទាំង​នេះ​។ ក្នុងនាម​ជា​សមាជិក​អ​.​ស​.​ប អ៊ីរ៉ង់​មាន​ការទទួលខុសត្រូវ​ក្នុង​ការ​មិន​គាំទ្រ​ដល់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​”​។​

​អ៊ុយ​ក្រែន​ក្នុង​សប្តាហ៍​នេះ​បាន​អញ្ជើញ​អ្នក​ជំនាញ​របស់​អ​.​ស​.​ប​ឱ្យ​ចុះ​ពិនិត្យ​មើលដ្រូ​ន​ធ្លាក់​មួយចំនួន​។ លោក​គូថេ​រ៉េ​សរាយការណ៍​ពីរដ​ង​ក្នុង​មួយ​ឆ្នាំ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ ដែល​តាម​ប្រពៃណី​គឺ​នៅក្នុង​ខែ​មិថុនា​និង​ខែ​ធ្នូ ស្តីពី​ការអនុវត្ត​សេចក្តីសម្រេចចិត្ត​ឆ្នាំ ២០១៥ ។ រាល់​ការវាយតម្លៃ​លើ​ដ្រូ​ន​នៅ​អ៊ុយ​ក្រែន​ទំនងជា​ត្រូវ​រួមបញ្ចូល​ក្នុង​របាយការណ៍​នោះ​។​

​អ្នកនាំពាក្យ​អ​.​ស​.​បលោក ស្តេ​ហ្វេន ឌួ​ចារិក (Stephane Dujarric) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​ទាក់ទង​នឹង​គោលនយោបាយ យើង​តែងតែ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ពិនិត្យ​ព័ត៌មាន​និង​វិភាគ​ព័ត៌មាន​ណាមួយ​ដែល​នាំយក​មក​ពួក​យើង​ដោយ​រដ្ឋ​សមាជិក​”៕

លោកពូ​ទីន​និង​លោក​គូថេ​រ៉េស