​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​វា​លឿន​ពេក​ក្នុង​ការដកចេញ​ការព្រមាន​កំហិត​ខ្ពស់​សំរាប់​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ដោយ​ជំងឺឆ្លង​សកល​នេះ​​នៅតែ​ជា​គ្រោះអាសន្ន​សុខភាព​សកល​មួយ​នៅឡើយ​ទេ ទោះជា​មាន​វឌ្ឍនភាព​កាលពី​ពេល​ថ្មីៗ​។​

​គណៈកម្មាធិការ​គ្រាអាសន្ន​របស់​WHO​ស្តី​ពី​កូ​វីដ​១៩ បាន​ជួ​ប្រជុំ​កាលពី​សប្តាហ៍​មុន​និង​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជំងឺឆ្លង​នេះ​នៅតែ​ជា​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ដែល​ជា​ការព្រួយបារម្ភ​អន្តរជាតិ​មួយ​(PHEIC)​ជា​ឋានៈ​មួយ​ដែល​អង្គការ​នេះ​បាន​ប្រកាស​កាលពី​ខែ​មករា​ឆ្នាំ​២០២០​។​

​នាយក​WHO លោក តេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស (Tedros Adhanom Ghebreyesus)​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា លោក​យល់​ស្រប​នឹង​ការណែនាំ​និង​គំនិត​របស់​គណៈ​​កម្មា​ធិ​ការ​ខាង​លើ​។​

​លោក​បាន​និយាយ​ចេញពី​ទីស្នាក់ការ​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្រុង​ហ្សឺ​ណែវ​ថា «​គណៈកម្មាធិការ​ផ្តោត​លើ​ការ​តំរូវ​អោយ​ពង្រឹង​ការ​ពិនិត្យ​តាមដាន ការធ្វើ​តេស្តិ៍ ព្យាបាល​និង​ចាក់​វ៉ាក់សាំង​សំរាប់​​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​បំផុត​»​។​

WHO​បានប្រកាស​ជំងឺ​កូវី​ដ​១៩​ជា PHEICលើកដំបូង​នៅ​ថ្ងៃ​៣០​មករា ឆ្នាំ​២០២០ នៅពេល​នៅក្រៅ​ចិន​មាន​អ្នក​ឆ្លង​ត្រឹមតែ​ក្រោម​១០០​នាក់​និង​មិនទាន់​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​នៅឡើយ​។​ទោះជា​​វា​ជា​យន្តការ​ដែល​មាន​ការ​យល់ព្រម​ជា​អន្តរជាតិ​ដើម្បី​មាន​ចម្លើយ​តប​ជា​សកល​ចំពោះ​ផ្ទុះ​ជំងឺ​នេះ តែ​ទាល់​ដល់​ខែ​មីនា​ឆ្នាំ​នោះ​ទើប​មាន​ប្រទេស​ជាច្រើន​ភ្ញាក់ខ្លួន​យល់ដឹង​អំពី​គ្រោះអាសន្ន​។​

​សូមបញ្ជាក់​ថាចាប់តាំងពី​ពេល​ផ្ទុះ​កូវី​ដ​១៩​មក មនុស្ស​ឆ្លងជាង​៦២២​លាន​នាក់​និងស្លាប់​ដោយ​ជំងឺ​នេះ​ជាង​៦,៥​លាន​នាក់​​ត្រូវបាន​រាយការណ៍​ទៅ​កាន់​អង្គការ​WHO ទោះជា​យ៉ាងណា​គេ​ជឿ​ថា​​ចំនួន​ឆ្លង​និង​ស្លាប់​ជាក់ស្តែង​ខ្ពស់ជាង​នេះ​ឆ្ងាយ​។​

​យោងតាម​ទីភ្នាក់ងារ​សុខភាព​ពិភពលោក​ មនុស្ស​២៦៣.០០០​នាក់​បាន​ឆ្លងកូវី​ដ​១៩​នៅ​២៤​ម៉ោង​កន្លងទៅ​និង​៨៥៦​នាក់​ស្លាប់​នៅ​មួយ​សប្តាហ៍​កន្លងទៅ​ដោយកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​៕

​លោកតេ​ដ្រូ​ស​បាន​ទទួលស្គាល់ថា «​ស្ថានភាព​កូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​មាន​ភាពល្អប្រសើ​រ​ឡើង​»​តែ​ព្រមាន​ថា​«​វីរុស​នេះ​នៅ​បន្ត​ផ្លាស់ប្តូរ​ប្លែង​រូប​រាងកាន់តែកាចសាហាវដោយបង្ក​ការ​គំរាម​ដល់​អាយុជីវិត​មនុស្ស​ពី​មួយ​ដំណាក់​​កាល​ទៅមួយ​ដំណាក់កាល​»