ដោយ៖ បញ្ញាសាស្រ្ត / ភ្នំពេញ៖ ជាការលើកស្ទួយផ្នែកហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋ និងគាំពារអតិថិជន ពីការបោកប្រាស់ ដែលទទួលបានការផ្តល់ឥណទានខុសច្បាប់ ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ បានរួមគ្នា បង្ហាញពីជំហរលើការចាត់វិធានការបង្រ្កាប និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ ទាំងឡាយណា ដែលទាក់ទាញចំណាប់អារម្មណ៍ ប្រជាពលរដ្ឋ និងឈានទៅរក ការផ្តន្ទាទោស តាមច្បាប់។

ការប្រកាសរួមគ្នារបស់ស្ថាប័នរដ្ឋ ទាំង៣នេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិធានការ និងការបង្ក្រាបសកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទាន ដោយខុសច្បាប់» ដែលរៀបចំឡើង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោមការចូលរួមពីលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា, លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងក្រសួងយុត្តិធម៌ ផងដែរ។

លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងឲ្យដឹងថាៈ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងផ្តល់កិច្ច សហការជាមួយ ក្រសួងយុត្តិធម៌ ស្ថាប័នតុលាការខេត្ត-ក្រុង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចូលរួមគាំទ្រដល់ ការប្រមូលពន្ធដារ ជូនរដ្ឋាភិបាល ការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការជួញដូរខុសច្បាប់។

ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបន្តរីកចម្រើន និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កិច្ចគាំពារអតិថិជន និងការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាធនាគារ តាមតម្រូវការ ទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចគាំពារតាមផ្លូវច្បាប់ គឺជារបៀបវារៈស្នូល របស់រាជរដ្ឋាភិបាល ដែលត្រូវបានចែងក្នុងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥។

ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជន តាមរយៈការរៀបចំ «សិក្ខាសាលាស្តីពីវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា» នៅតាមបណ្ដាខេត្ត-ក្រុង និងស្រុកទូទាំងប្រទេស។

លោកបានបន្ដថាៈ តាមរយៈលទ្ធផលនៃការចុះផ្សព្វផ្សាយ កន្លងមក ធនាគារជាតិនៃកម្ពុជា បានយល់ដឹងបន្ថែម ពីបញ្ហាប្រឈមនានា ដូចជា៖
* ប្រជាពលរដ្ឋនៅតាមជនបទ ពុំទាន់យល់ច្បាស់ អំពីកាតព្វកិច្ច និងការប្រើប្រាស់ សេវាហិរញ្ញវត្ថុ ព្រមទាំងពុំទាន់អាច ទទួលព័ត៌មានហិរញ្ញវត្ថុ បានពេញលេញ និងមានការលំបាក ក្នុងការស្វែងរក ការពន្យល់បញ្ជាក់ នៅពេលមានបញ្ហា ឬចម្ងល់ផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
* អាជ្ញាធរមូលដ្ឋានមានការលំបាក ក្នុងការកំណត់ឱ្យច្បាស់ រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្របច្បាប់ និងមិនស្របច្បាប់។
* មានក្រុមជនខិលខូចមួយចំនួន បាននិងកំពុងធ្វើប្រតិបត្តិការធនាគារ នៅតាមមូលដ្ឋាន ស្រុក-ឃុំ ទាំងសេវាផ្តល់ប្រាក់កម្ចី និងសេវាប្រមូលប្រាក់បញ្ញើ ដោយពុំមានច្បាប់អនុញ្ញាត ត្រឹមត្រូវ និងមានលក្ខណៈកេងប្រវ័ញ្ច។

លោកបានបញ្ជាក់ថាៈ «ធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា មានជនខិលខូចមួយ ចំនួន បន្តផ្សព្វផ្សាយបើកចំហពី ការផ្តល់ឥណទាន ដល់ពលរដ្ឋ តាមរូបភាពផ្សេងៗ ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តបណ្ណ និងការបិទផ្សាយតាម ទីកន្លែងសាធារណៈជាដើម។ ចំពោះការផ្តល់សេវាឥណទាន ដោយគ្មានអាជ្ញាបណ្ណ ពីធនាគារជាតិនៃកម្ពុជា គឺខុសនឹងមាត្រា៩ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយការផ្តល់ឥណទាន ខុសច្បាប់នេះ ផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងអាចបង្កឱ្យមានបំណុលច្រើនលើសលុប តាមរយៈការយកអត្រា ការប្រាក់ខ្ពស់ ហួសហេតុ និងម្យ៉ាងវិញទៀត បញ្ហាកង្វះក្រមសីលធម៌ និងយន្តការការពារ អតិថិជន អាចជំរុញឱ្យមានអំពើហិង្សា ការបាត់បង់ទ្រព្យធានា និងអាចកើតមាន នូវអសន្តិសុខសង្គម (ចោរកម្ម) ហើយទង្វើទាំងនេះ បានជះឥទ្ធិពលអវិជ្ជមាន ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងផ្តល់សេវាធនាគារផ្លូវការផងដែរ»។

ជាបន្ដបន្ទាប់ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយ និងផ្តល់ឥណទាន ដោយខុសច្បាប់ ដើម្បីផ្តល់សារបន្ថែម ដល់សាធារណជន អំពីគ្រឹះស្ថានស្របច្បាប់ និងផ្លូវការ ដែលផ្តល់សេវាឥណទាន និងសេវាពាក់ព័ន្ធផ្សេងទៀត ព្រមទាំងស្នើបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ចំពោះអ្នកផ្តល់សេវាឥណទាន ខុសច្បាប់ និងក្រៅផ្លូវការ។

លោកបានបញ្ជាក់ថាៈ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រសួងយុត្តិធម៌ ផ្តួចផ្តើមរៀបចំសិក្ខាសាលា នាថ្ងៃនេះឡើង ក្នុងគោលបំណងដើម្បី ១៖ បញ្ជ្រាបការយល់ដឹង បន្ថែមដល់ភាគីពាក់ព័ន្ធ អំពីវិធានការ ផ្លូវច្បាប់ ចំពោះការផ្សព្វផ្សាយនិងផ្តល់ឥណទានខុសច្បាប់។ ២៖ ដាក់ចេញនូវវិធានការ អប់រំ ឬណែនាំដល់ប្រជាពលរដ្ឋ ឱ្យយល់ច្បាស់ពីសេវាធនាគារផ្លូវការ ។ ៣៖ ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះអ្នកផ្តល់សេវាធនាគារ មិនមានច្បាប់អនុញ្ញាត។

ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានថ្លែងថាៈ កិច្ចការងាររបស់នគរបាលជាតិ គ្រប់ ស្ថាប័នជាតិ គាំទ្រ សហការ ការពារ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ វិស័យឯកជន ដែលទទួលបានគោលការណ៍ច្បាប់ ត្រឹមត្រូវពី រាជរដ្ឋាភិបាល។ ចំពោះវិធានការ និង ការបង្ក្រាបសកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ចជាតិ ដូច្នេះប្រសិនបើមិនមានវិធានការបង្ក្រាបនោះទេ សកម្មភាពនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ស្ថាប័នជាតិទាំងមូល ព្រមទាំងបណ្ដាញវិស័យឯកជន ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ។

លោកបានបន្ដថាៈ «មិនតែប៉ុណ្ណោះបានប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងមូល ព្រោះថា ការចុះផ្សព្វផ្សាយ អូសទាញប្រជាពលរដ្ឋ អាជីវករតាមបណ្ដាក្រុមហ៊ុន នានាឲ្យខ្ចីប្រាក់ ហើយបង្វិលមកជាការទារការប្រាក់កម្រិតខ្ពស់ ព្រមទាំងការគម្រាម កំហែងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលររស់នៅកម្ពុជា»។
លោកបានបញ្ជាក់ថាៈ ចំណុចនេះហើយ ដែលតម្រូវឲ្យស្ថាប័នរួមគា្ន ទប់ស្កាត់ឲ្យខាន តែបាន លើវិស័យនេះ។

តំណាងក្រសួងយុត្តិធម៌ បានថ្លែងថាៈ ការសហការគ្នា រៀបចំសិក្ខាសាលា ស្ដីពី «វិធានការ និងការបង្ក្រាបសកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់» របស់ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ថ្ងៃនេះ បានបង្ហាញពីការសហការគ្នា បញ្ឈប់នូវរាល់សកម្មភាព ខុសច្បាប់ទាំងនេះ និងការពារសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ។

តំណាងក្រសួងយុត្តិធម៌ បានបន្ដថាៈ ជាទិសដៅបន្ដបន្ទាប់ ក្រសួយុត្តិធម៌ និងបន្ដធានានូវ យុត្តិធម៌ និងសមភាពសម្រាប់បុគ្គលគ្រប់រូប។ ក្រសួងយុត្តិធម៌ សូមបង្ហាញជំហរចូលរួម សហការជាមួយ ក្រសួងស្ថាប័ន មានសមត្ថកិច្ចទាំងអស់ ចាត់វិធានការ ទប់ស្កាត់រាល់ សកម្មភាពផ្សព្វផ្សាយឥណទានខុសច្បាប់ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕/V-PC