ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមដំណើរដោយលោក ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយក្រុមការងារថ្នាក់ក្រសួង ថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ ពិនិត្យស្ថានភាពប្រជារាស្រ្ត និងនាំយកព្រះរាជអំណោយ ចែកជូនប្រជារាស្រ្ត ដែលទទួលរងគ្រោះដោយជំនន់ទឹកទន្លេ ចំនួន ២៩២ គ្រួសារ នៅក្នុងភូមិក្បាលដំរី និងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។

ព្រះរាជអំណោយនោះ បានត្រូវចែកជូនក្នុងមួយគ្រួសារៗ ដោយទទួលបានអង្ករ ៥០ គីឡូក្រាម មី២កេស ត្រីខ១យួរ​ តង់១ ឃីត១កញ្ចប់ និងថវិកា ៤០០.០០០ រៀល។ ចំណែកក្មេងតូចៗ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥.០០០ រៀល៕/V-PC