​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​បង្កើន​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ជាមួយនឹង​ការប្រកាស​ច្បាប់អាជ្ញាសឹក​នៅក្នុង​តំបន់​ចំនួន​បួន​ដែល​ត្រូវបាន​កាត់​បញ្ចូល​ជា​ផ្នែក​​មួយ​របស់​រុស្ស៊ី ក៏​ដូចជា​ធ្វើ​ការត្រៀម​ធ្វើ​ដូច​គ្នា​ក្នុងប្រទេស​រុស្ស៊ី​សម្រាប់​ការ​រឹតបន្តឹង​ខ្លាំងក្លា​ថ្មី​ផង​ដែរ​។​

​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​ពូ​ទីន​ក្នុងការ​រឹតបន្តឹង​កណ្តាប់ដៃ​រប​ស់លោក​លើ​អ៊ុយ​ក្រែ​ន​និង​រុស្សី​ធ្វើឡើង​បន្ទាប់​បរាជ័យ​ដ៏​អាម៉ាស់​ជា​បន្តបន្ទាប់ រួម​ទាំង​បរាជ័យ​ក្នុង​សមរភូមិ ការបំផ្លិចបំផ្លាញ និង បញ្ហា​ជាមួយនឹង​ការ​កេណ្ឌ​ទ័ព​របស់​គាត់​។​

​បទបញ្ជា​ច្បាប់អាជ្ញាសឹក​មិន​បង្ហាញ​ការប៉ុនប៉ង​របស់​វិមាន​ក្រឹម​ឡាំង​ក្នុង​ការបង្ហាញ​ថា​ជីវិត​នៅក្នុង​តំបន់​ឧបសម្ពន្ធ​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​វិញ​នោះទេ​។​ការពិត​គឺ​ថា​រដ្ឋបាល​យោធា​មួយ​បាន​ជំនួស​មេដឹកនាំ​ស៊ីវិល​នៅក្នុង​ទី​ក្រុងឃើ​សុន​ភាគខាងត្បូង ហើយ​ការជម្លៀស​មនុស្ស​ទ្រង់ទ្រាយ​ធំ​ចេញពី​ទីក្រុង​កំពុងដំណើរការ ខណៈ​ការវាយលុក​របស់​អ៊ុ​យក្រែន​កំពុងដំណើរការ​។​

​សមរភូមិ​សម្រាប់​ទីក្រុង​ឃើ​សុន ដែល​មាន​មនុស្ស​ជាង ២៥០.០០០ នាក់​ជាមួយ​ឧស្សាហកម្ម​សំខាន់ៗ​និង​កំពង់ផែ​ធំ​មួយ គឺជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ដែល​កំពុង​ឈានទៅរក​រដូវរងា នៅពេល​ដែល​សមរភូមិ​ជួរ​មុខ​អាច​កក​ជា​ច្រើន​ខែ​។​វា​ជា​ទីក្រុង​ធំ​បំផុត​ដែល​រុស្ស៊ី​បាន​កាន់កាប់​ក្នុងអំឡុង​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​ការ​ជម្លៀស​ចេញពី​ទីក្រុង​ម្តង​បន្តិចៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​ក្លាយជា​ជំនន់​នៃ​ការជម្លៀស​។​

​មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស ៥.០០០ នាក់​ក្នុងចំណោម ៦០.០០០ នាក់​បាន​ចាកចេញ​។ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បានបង្ហាញ​អ្នកស្រុក​ប្រមូលផ្តុំ​គ្នា​នៅ​ច្រាំងទន្លេ​ឌី​នី​ភើ (Dnieper) ដែល​ភាគច្រើន​មាន​កុមារ​តូចៗ​មក​ជាមួយ ដើម្បី​ឆ្លង​តាម​ទូក​ទៅ​ភាគ​ខាងកើត ហើយ​ពី​ទីនោះ​ទៅ​គឺ​ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​

​ក្នុង​ការប្រកាស​ច្បាប់អាជ្ញាសឹក​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​តទៅ លោកពូ​ទីន​បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​គាត់​ថា “​យើង​កំពុង​ធ្វើការ​ដើម្បី​ដោះស្រាយ​កិច្ចការ​ទ្រង់ទ្រាយ​ធំ​ដ៏​លំបាក​បំផុត ដើម្បី​ធានា​សុវត្ថិភាព​និង​អនាគត​របស់​រុស្ស៊ី​”៕

​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បង្កើន​ការឈ្លានពាន​នៅ​អ៊ុយ​ក្រែន​ជាមួយនឹង​ការប្រកាស​ច្បាប់អាជ្ញាសឹក​នៅក្នុង​តំបន់​កាន់កាប់​ចំនួន​បួន​នៅ​អ៊ុ​យក្រែន