ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ជន្លេន ជាសត្វមួយប្រភេទ ដែលប្រជាពលរដ្ឋ មានការខ្ពើមរអើម អ្នកខ្លះមិនហ៊ាននឹងកាន់ផង ក្រោយមក មានសិប្បកម្មកែច្នៃជន្លេនហាល នៅក្នុងភូមិអូរសណ្ដាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើប្រជាពលរដ្ឋ នៅទីនោះ អាចរកកម្រៃបាន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បានល្អប្រសើរ។

បើតាមការឲ្យដឹងពីលោកយាយ ប៊ុន ទី អាយុ ៦៧ ឆ្នាំ បានឲ្យដឹងថាៈ គាត់បានមកធ្វើការ នៅក្នុងសិប្បកម្មកែច្នៃជន្លេនហាលនេះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្នុងមួយថ្ងៃ គាត់រកចំណូលបានពី ៣ ទៅ ៤ ម៉ឺនរៀល ពីការពន្លាត់ជន្លេន វះ រួចហាលលើចង្អេរ ។ ប៉ុន្តែបើក្មេងៗវិញ ដែលមានភាពរហ័សរហួន អាចធ្វើបានជាង ២០០ ចង្អេរ ដោយក្នុងមួយចង្អេរមានតម្លៃ ៤០០ រៀល ឬអាចនិយាយបានថា រកចំណូលបានពី ៨ ទៅ ១០ ម៉ឺនរៀល ក្នុងមួយថ្ងៃ ។

ដោយឡែក ក្មេងៗដែលឆ្លៀតពេលទំនេរពីការរៀនសូត្រ ក្នុង១ពេល ឬក្នុងមួយថ្ងៃ បានមកធ្វើការហាលជន្លេន ក៏អាចរកចំណូលបានប្រមាណជាជាង ២ ម៉ឺនរៀល ។

ស្ត្រីខាងលើនោះ បានបញ្ជាក់ថាៈ នៅក្នុងរោងសិប្បកម្មនេះ មានអ្នកធ្វើជន្លេន ចន្លោះពី ៣០ ទៅ ៤០ នាក់តែប៉ុណ្ណោះ ប៉ុន្តែបើនៅចុងភូមិវិញ មានសិប្បកម្មធ្វើជន្លេន មួយកន្លែងដែរ ដែលមានមនុស្សច្រើនជាង ប្រមាណជា ៦០ នាក់ បានន័យថា អ្នកធ្វើនៅអូរសណ្ដាន់ថ្មី មានប្រមាណជា ១០០ នាក់ បានរកកម្រៃពីសិប្បកម្មកែច្នៃហាលជន្លេនេះ។

ស្ត្រីម្នាក់ដែលមិនបានបង្ហាញអត្តសញ្ញាណ ហើយក៏ជាមេការ​ក្នុងសិប្បកម្ម ខាងលើនេះ បានឱ្យដឹងថាៈ សិប្បកម្មនេះ ជារបស់ក្រុមហ៊ុនបរទេសមួយ ដែលបានប្រមូលទិញជន្លេន ពីកសិករ នៅក្នុងខែទឹកឡើង ដោយមួយគីឡូក្រាម តម្លៃ ២.៥០០ ទៅ ៣.០០០ រៀល ប៉ុន្តែពេលខ្លះ ក៏ទិញដល់ទៅ ៤.០០០ រៀល ក្នុងមួយគីឡូក្រាម ប្រសិនបើទិញតពីឈ្មួញ កណ្ដាល យកមកលក់បន្តទៀត។

ស្ត្រី ជាមេការម្នាក់នេះ បានឲ្យដឹងថាៈ គាត់មិនដឹងថា តើសត្វជន្លេន ដែលគេប្រមូលទិញរួច យកមកហាលឲ្យស្ងួតនោះ។ គេយកទៅធ្វើអ្វីទេ ប៉ុន្តែមានប្រភពមិនច្បាស់ការណ៍ គឺគេយកទៅធ្វើគ្រឿងសំអាង មានដូចជាឡេ និងក្រែមលាបមាត់ជាដើម។ ចំពោះជន្លេន ដែលទិញមក គេឲ្យកម្មករ បញ្ចូលក្នុងម៉ាស៊ីន វះជន្លេន រួចយកមកដាក់ឲ្យអ្នកតម្រៀប លើចង្អេរយកទៅហាល។

នៅពេលហាលក្រៀម ដោយមិនមានប្រឡាក់អំបិលនោះ ត្រូវបានគេច្រកក្នុងការ៉ុង ហើយដឹកយកទៅភ្នំពេញ ឬបន្តដឹកទៅប្រទេសណាទៀត គាត់មិនបានដឹងនោះឡើយ ប៉ុន្តែសត្វជន្លេនដែលសិប្បកម្មនេះធ្វើ គឺក្នុងមួយឆ្នាំ បានតែមួយរដូវទេ គឺក្នុងរដូវទឹកឡើង និងដែលមានភ្លៀងធ្លាក់ ដែលត្រូវបានធ្វើត្រឹមតែបីខែប៉ុណ្ណោះ ក្រៅពីខែនោះ គឺគ្មានជន្លេនធ្វើទៀតនោះទេ។

បើទោះជាយ៉ាងណាក៏ដោយ បើតាមការអង្កេតជាក់ស្ដែង មនុស្សចាស់ និងក្មេងៗ នៅតំបន់នោះ អាចរកកម្រៃពីការធ្វើការងារ នៅក្នុងសិប្បកម្មជន្លេននេះ ក្នុងម្នាក់ៗ ចន្លោះពី ៣ ទៅ ១០ ម៉ឺនរៀល ដែលមួយថ្ងៃៗ អាចនិយាយបានថា បានជួយគ្រប់គ្រងជីវភាព រស់នៅគ្រួសារ បានធូរធារគ្រាន់បើ ដោយសារមុខរបរនេះ៕/V-PC