ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកចំនួន ៥ របស់ខេត្តកំពង់ឆ្នាំង បានរងផលប៉ះពាល់ និងខូចខាត ក្នុងអំឡុងពេលទឹកជំនន់ជនលិច  នេះបើយោងតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដែលបានធ្វើឡើងក្រោមវត្តមាន លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ ស្រុកទាំង៥ ដែលបានរងផលប៉ះពាល់ ដោយទឹកជំនន់នេះ មានស្រុក បរិបូរណ៍ ស្រុករលាប្អៀរ ស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកកំពង់ត្រឡាច ផ្ទៃដីដែលរងផលប៉ះពាល់ និងខូចខាត មានចំនួន ២.៦១០ ហិកតា ដែលមានគ្រួសារ កសិករ ចំនួន ៣.៤៦០ គ្រួសារ ដែលបានប៉ះពាល់ ។

លោក ងិន ហ៊ុន បានឱ្យដឹងទៀតថាៈ ផ្ទៃដីដែលរងការខូចខាត គឺអាចស្តាឡើងវិញបាន ១០០ ភាគរយ ឡើងវិញ ខណៈដែលទឹកទន្លេ ចាប់ផ្តើមស្រកចុះវិញ ហើយកសិករ អាចធ្វើស្រែឡើងវិញបាន ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ ចំណុចដែលស្រុកទាំង៥ បន្តអនុវត្តគឺត្រូវយកចិត្តទុកដាក់បន្ថែមទៀត ស្រង់ព័ត៌មានឱ្យបានច្បាស់លាស់ អំពីប្រជាកសិករ ដែលកំពុងត្រូវការពូជស្រូវ សម្រាប់ធ្វើការដាំដុះបន្ត ដើម្បីស្ដារឡើងវិញ ឱ្យបានទាន់ពេលវេលា ចំពោះផ្ទៃដីដែលរងផលប៉ះពាល់ និងខូចខាត ដោយសារទឹកជំនន់ នេះ។

លោក បានបញ្ជាក់ថាៈ អ្វីដែលខេត្តកំពង់ឆ្នាំង មានភាពប្រសើរឡើងនោះ គឺផ្ទៃដីដែល រងផលប៉ះពាល់ ដោយទឹកជំនន់ គឺអាចស្តារឡើងវិញ បាន ១០០ ភាគរយ តាមរយៈនៃ ការធ្វើស្រែបង្កើនរដូវ ធ្វើការដាំដុះស្រូវឡើងវិញបាន។

គួរបញ្ជាក់ថា ពូជស្រូវដែលគ្រោង នឹងចែកជូនប្រជាកសិករ ដែលរងផលប៉ះពាល់ចំនួន ២៤៣.៣៥០ គីឡូក្រាម ដែលគ្រោងនឹងចែក នាពេលខាងមុខនេះ៕/V-PC