ដោយ:សុខុម / ស្ទឹងត្រែងៈ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងនៅព្រឹកថ្ងៃទី២០តុលាថាៈ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ កម្លាំងជំនាញជលផលស្ទឹងត្រែង បានដឹកនាំកម្លាំងឆ្មាំទន្លេសហការជាមួយ កម្លាំងអនុសេនាធំទី២ ឈរជើងតំបន់ព្រំដែនកម្ពុជា-ឡាវ និងប្រជាការពារ ភូមិអន្លង់ស្វាយ សរុប ១៣នាក់ ចុះបង្ក្រាបបទល្មើសជលផល នៅក្នុងតំបន់អូរតាឡាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ផ្សព្វផ្សាយ និងណែនាំ ដល់ប្រជានេសាទ ចំនួន ១០ទូក ស្មើ ១១នាក់ ពីច្បាប់ស្ដីពីជលផល ការប្រើប្រាស់ឧបករណ៍នេសាទ ការសហការរាយការណ៍ និង ធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទ ដោយប្រើឧបករណ៍ដាយបិទអូរ ចំនួន៤នាក់ ដកហូតនិងបំផ្លាញចោលឧបករណ៍ដាយបិទអូរ ចំនួន ១១មាត់ សរុបប្រវែង ៣៧១ម៉ែត្រ និងបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួនទៀត។ដកហូតសាច់ដាយប្រវែង ១៥ម៉ែត្រ និង ទ្រូប្រោសត្រី ០២មាត់។ មងហ៊ុមព័ទ្ធចាប់សត្វស្វា និងសំពោច ចំនួន ១ត្បូង ប្រវែង ១០០ម៉ែត្រ និងអន្ទាក់ចាប់សត្វព្រៃ ១គ្រឿង។ ដកហូតត្រីប្រហុក ដែលជាប្រភេទត្រី បានមកពីការនេសាទខុសច្បាប់ ចំនួន ១៥០ គីឡូក្រាម៕/V-PC